ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកវិភាគ​កម្ពុជា​យល់​ឃើញ​ផ្សេងគ្នា​ពី​ប្រជាប្រិយភាព​បក្ស​កាន់អំណាច​សិង្ហ​បុរី
11, Sep 2015 , 12:15 pm        
រូបភាព
ដោយ: ថ្មីៗ
 
តើ​គណបក្ស​សកម្មភាព​ប្រជាជន​ដែលជា​គណបក្សកាន់អំណាច​របស់លោក​នាយករដ្ឋមន្ត្រី លី ស៊ាន​ឡុង ទទួលបាន​អាសនៈ​ច្រើនជាង​មុន ឬ​បាត់បង់​ជាង​មុន ឬ​នៅ​ដដែល? ក្រុមអ្នកវិភាគ​ពី​ប្រទេស​កម្ពុជា​បាន​យល់ឃើញផ្សេងៗគ្នា​ក្រោម​ហេតុផលរៀងៗខ្លួន។

 
លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម៖ គណបក្ស PAP របស់លោក លី ស៊ាន​ឡុង នឹង​បាត់បង់​អាសនៈ​ខ្លះ ដោយសារតែ​គណបក្សប្រឆាំង​បាន​រកឃើញ​តួអង្គ​គូប្រជែងល្អៗទល់នឹង​លោក​បណ្ឌិត លី ស៊ាន​ឡុង បាន។ ពលរដ្ឋ​សិង្ហ​បុរី​ពិចារណា​លើ​តួអង្គ ឬ​បេក្ខភាព​នាយករដ្ឋមន្ត្រី។ ពួកគេ​យល់ថា បុគ្គលភាព​របស់​បេក្ខភាព​នាយករដ្ឋមន្ត្រី​កំណត់​ពី​ការផ្លាស់ប្តូរ។ ពលរដ្ឋ​សិង្ហ​បុរី​មាន៤ក្រុម គឺ​អ្នក​ដែលមាន​កំណើត​ពី​ចិន ឥណ្ឌា អ៊ីស្លាម និង​ជនជាតិផ្សេងៗ ។ ថ្វីដ្បិតតែ​ពលរដ្ឋ​ដែលមាន​កំណើត​ពី​ចិន​គាំទ្រ​លោក លី ស៊ាន​ឡុង មែន ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ដែលមាន​កំណើត​ពី​អម្បូរ​ឥណ្ឌា​ហើយ​ដែលជា​ក្រុម​អ្នកជំនួញ និង​ពាណិជ្ជករ​នៅក្នុង​សិង្ហ​បុរី​នោះ មិន​ពេញចិត្ត​លោក លី ស៊ាន​ឡុង​ទេ។
 
លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ៖ គណបក្សកាន់អំណាចរ​បស់​សិង្ហ​បុរី​នឹង​អាច​រក្សា​អាសនៈ​ដដែល ឬ​អាច​ទទួលបាន​អាសនៈ​ថែម​ទៀតផង។ យើង​ត្រូវ​សិក្សា២ចំណុច​លើ​តួអង្គ លី ស៊ាន​ឡុង។ ទី១ ថ្វី​ដ្បិត​លោក លី ស៊ាន​ឡុង ជា​កូន​អតីត​បិតា​ស្ថាបនិក​សិង្ហ​បុរី​មែន ប៉ុន្តែ​ក្នុង​រយៈពេល​នៃ​ការដឹកនាំ​សិង្ហ​បុរី​កន្លងមក លោក លី ស៊ាន​ឡុង មិនបាន​ស៊ី​កេរ​របស់​ឪពុក​លោក​នោះទេ។ ម្យ៉ាងវិញទៀត លោក លី ស៊ាន​ឡុង បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​តាមរយៈ​ការបោះឆ្នោត​របស់​ពលរ​ដ្ឋ​ដែល​គាំទ្រ​ស្នាដៃ ទង្វើ និង​សមត្ថភាព​របស់លោក។ ដូច្នេះ​លោក លី ស៊ាន​ឡុង មាន​ស្នាដៃ​ដឹកនាំ​ប្រទេស។ ទី២ នៅពេលដែល​ឪពុក​លោក​នៅមាន​ជីវិត លោក លី ស៊ាន​ឡុង បាន​នាំ​វិនិយោគិន​ច្រើន​ចូលមកក្នុង​ប្រទេស​សិង្ហ​បុរី ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មើលឃើញថា លោក​ជា​មេដឹកនាំ​ល្អ។ និយាយ​ពី​គណបក្សប្រឆាំង។ ដោយសារតែ​សិង្ហ​បុរី​ជា​ប្រទេស​ប្រជាធិបតេយ្យ​ផ្តាច់ការ​មួយ គណបក្សប្រឆាំង​មិនដែល​ហ៊ាន​និយាយ​រិះគន់​ធ្វើ​ឲ្យ​ប៉ះពាល់​គណបក្សកាន់អំណាច​ទេ។ ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​មើលឃើញថា​បក្សប្រឆាំង​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​នៅឡើយ។
 
លោក អ៊ូ វីរៈ អ្នកវិភាគ​ឯករាជ្យ៖ ខ្ញុំ​មិន​ចាប់អារម្មណ៍​ការបោះឆ្នោត​នៅ​សិង្ហ​បុរី ដែល​គេ​ដឹង​គ្រប់គ្នា​ថា​គណបក្សកាន់អំណាច​ស​ព្វ​ថ្ងៃ គឺ​គណបក្ស​សកម្មភាព​ប្រជាជន (People’s Action Party)នឹង​បន្ត​ឈ្នះ​កាន់អំណាច​ទៀត​នោះទេ។ អ្នកណា​ក៏​ដឹងថា គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​មិនមាន​សំឡេង​ខ្លាំង​ឡើយ។ ម្យ៉ាងទៀត​ពលរដ្ឋ​សិង្ហ​បុរី​នៅ​សំដែង​ការពេញចិត្ត​ច្រើន​ចំពោះ​កាន់អំណាច​សព្វថ្ងៃ ព្រោះតែ​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ។ វា​មាន​យុវជន​ជំនាន់​ក្រោយ​ដែល​ធុញទ្រាន់​នឹង​ការ​កាន់អំណាច​យូរ​ឆ្នាំ​នៃ​គណបក្ស​របស់លោក លី ស៊ាន​ឡុង មែន ប៉ុន្តែ​វា​មិន​ដូច​ប្រទេស​កម្ពុជា​ដែល​ចំនួន​យុវជន​ជំនាន់​ក្រោយ​មាន​ទំហំ​ធំ​នោះទេ។ យុវជន​សិង្ហ​បុរី​មាន​តិច​នៅឡើយ។
 

Tag:
 នយោបាយ
  បក្ស
© រក្សាសិទ្ធិដោយ thmeythmey.com