ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ រណឫទ្ធិ ចង់បាន ២៦ កៅអី ក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៨ ខាងមុខ
11, Sep 2015 , 12:16 pm        
រូបភាព
ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានបន្ទូលថា ការបោះឆ្នោត​សកល​នៅ​ឆ្នាំ២០១៨ខាងមុខ ព្រះអង្គ​សង្ឃឹមថា នឹង​ទទួលបាន​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ យ៉ាងហោចណាស់​ក៏​ចំនួន២៦ អាសនៈ​ក្នុង​រដ្ឋសភា​ដែរ។ ការអះអាង​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ ធ្វើឡើង​ក្រោយពី​បញ្ចប់​ពិធី បួងសួង​នៅ​វត្តភ្នំ នៅ​ព្រឹក​ថ្ងៃ ទី១១ កញ្ញា​នេះ។



ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ មិនសូវមាន​សង្ឃឹមថា នឹង​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តតូចៗនោះទេ។ ប៉ុន្ដែ​ព្រះអង្គ​ជឿជាក់ នឹង​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​នៅ​ខេត្តធំៗ ដែល​នៅតែ​គាំទ្រ នឹង​អាច​ឲ្យ​គណបក្ស​ព្រះអង្គ​ទទួលបាន​អាសនៈ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានបន្ទូល​យ៉ាង​ដូច្នេះ​ថា៖«ការបោះឆ្នោត​សកល ខ្ញុំ​និយាយ​ឲ្យ​ត្រង់​តែម្តងទៅ​មិនសូវមាន​សង្ឃឹម​ទេ​ខេត្តតូច។ ក៏ប៉ុន្ដែ​ខេត្ត​ធំ​របស់​យើងខ្ញុំ​គឺថា​ជា​ខេត្ត​អទិភាព​គ្រប់​ខេត្ត​ធំ​ទាំងអស់ ហើយ​យ៉ាងហោច​បំផុត​ក៏​ខ្ញុំ​ចង់បាន២៦កៅអី គឺ១លាន ៧ម៉ឺន​នាក់»។

សំឡេង៖



បើតាម​ព្រះអង្គម្ចាស់ រណឫទ្ធិ គោលនយោបាយ​គណបក្ស​ដែល​ព្រះអង្គ​សង្ឃឹមថា ទទួលបាន​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​នោះ គឺ​ការលុបបំបាត់​អំពើ​ពុក​លួ​យ ការដោះស្រាយ​បញ្ហា​ការងារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជាដើម។

ចំណែក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ឆ្នាំ២០១៧ខាងមុខនេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ប្រជែង​ជាមួយ​គណបក្ស​ដទៃ។ នេះ​ជាការ​បញ្ជាក់​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ ដែល​មានបន្ទូលថា ព្រះអង្គ​នឹង​រៀបចំ​ពិធី​ធំ​មួយ​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​ឡើងវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com