ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្តី​ស្រ​ម៉ៃ​របស់​ទ្រង់ រណឫទ្ធិ និង​លោក ម៉ម សូណង់ដូ ចង់បាន​កៅ​ច្រើន ហាក់​ឆ្ងាយ​ពី​ការពិត
14, Sep 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកវិភាគ​នយោបាយ​ទស្សន៍ទាយ​​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនអាច​ទទួលបាន​អាសនៈ សូម្បីតែ១ នោះឡើយ ។ ប៉ុន្ដែ​គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ប្រហែលជា​អាច​ទទួលបាន​អាសនៈ​ចំនួន៣ ក្នុង​រដ្ឋសភា នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០១៨ខាងមុខ។ ការវិភាគ​នេះ ធ្វើឡើង​ក្រោយពី​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​នោះ សុទ្ធតែ​អះអាងថា គណបក្ស​ខ្លួន​នឹង​អាច​ទទួលបាន​អាសនៈ​ច្រើន​ក្នុង​រដ្ឋសភា នៅពេល​បោះឆ្នោត​ថ្នាក់ជាតិ​ខាងមុខ ។



លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ មើលឃើញថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនអាច​ទទួលបាន​អាសនៈ ២៦ ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៨ ដូច​ការលើកឡើង​រប​ស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះឡើយ។ តែ​ផ្ទុយ​វិញ លោក​ថា គណបក្ស​នេះ សូម្បី​តែមួយ​អាសនៈ​ក្នុង​រដ្ឋសភា ក៏​មិន​បានដែរ។ ចំពោះ​គោលនយោបាយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ​វិញ ត្រូវបាន​លោក អ៊ូ វីរៈ ចាត់ទុកជា​គោលនយោបាយ​ប្រជា​ភិ​ថុ​ត គឺជា​រឿង​មួយ​ដែល​គណបក្ស​នេះ មិនអាច​ធ្វើទៅ​រួច​ដូចជា​ការសន្យា​នោះទេ។
 
ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ អ្នកវិភាគ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«មិនអាច​ទៅរួច​ទេ រកតែ​មួយ​កៅអី​មិនបាន​ផង ព្រោះ​គាត់​ជា​អ្នកនយោបាយ​ខូច​ឈ្មោះ​ម្ដង​រួចហើយ។ ហើយ​គោលនយោបាយ​សង​ប្រាក់​ទៅ​ធានា​គារ​ជំនួស​ប្រជាពលរដ្ឋ​នោះ មិនអាច​ធ្វើទៅកើត​នោះទេ ព្រោះ​ធ្វើ​ដូច​នោះ​សេដ្ឋកិច្ចជាតិ​នឹង​ក្រឡាប់ចាក់ ដួល​តែម្ដង»។
 
មិន​ខុសពី​លោក អ៊ូ វីរៈ នោះទេ លោក រស់ រ៉ាវុធ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ នយោបាយ យល់ឃើញថា ការសង្ឃឹម​បាន២៦ អាសនៈ​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ គឺ​គ្រាន់តែ​ជាការ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រី និង​អ្នកគាំទ្រ​បក្ស​ខ្លួន មុន​ការប្រកួត​សន្លឹកឆ្នោត ដើម្បី​ឲ្យ​ពួកគេ​មានការ​ជឿជាក់​លើ​បក្ស​ប៉ុណ្ណោះ។ «គណបក្ស​នេះ​អត់​អាច​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះទេ។ មូល​ហេតុដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនអាច​ទទួលបាន​គឺ​ដោយសារ​គណបក្ស​នេះ​ធ្លាប់មាន​ជម្លោះ​គ្នាឯង​ក្នុង​បក្ស ។រឿងអាស្រូវ​ជាមួយ​រដ្ឋាភិបាល ហើយ​ព្រះអង្គម្ចាស់ រណឫទ្ធិ ធ្លាប់​រត់ចោល​ប្រជាពលរដ្ឋ និង​គ្នាឯង​ដែល​ធ្លាប់​តស៊ូ​ជាមួយគ្នា»។ នេះ​ជាការ​ពន្យល់​របស់លោក រស់ រា​វុ​ធ។
 
ងាក​មក​គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ វិញ។ លោក អ៊ូ វីរៈ យល់ថា គណបក្ស​មួយ​នេះ​អាចនឹងទទួល​បាន​សំឡេងគាំទ្រ ដោយបាន​អាសនៈ​ទំនង​មិន​លើសពី៣នោះឡើយ។ លោក អ៊ូ វីរៈ បាន​ពន្យល់​មូលហេតុ​យ៉ាងនេះ៖« គាត់​យក​គោលនយោបាយ​មូលនិធិ​ជាតិនិយម។ គាត់​មានឱកាស​ច្រើនជាង​គណបក្សតូចៗដទៃ ដោយសារ​ហ៊ាន​លើក​បញ្ហា​ព្រំដែន និយាយ​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈប់​ចាក់​ចង្កេះ​រដ្ឋាភិបាល។ ហើយ​គាត់​អាច​ទាក់ទាញ​ប្រជាប្រិយភាព​ពីចាស់ៗ នៅតាម​ជនបទ​ដែល​ស្ដាប់​វិទ្យុ​សំបុក​ឃ្មុំ​បានលឺ​ច្បាស់ ដូចជា​ខេត្តកំពង់ចាម ព្រៃវែង​ជាដើម។ ប៉ុន្ដែ​មានឱកាស​ជាប់ឆ្នោត​មិន​លើសពី៣អាសនៈ​នោះទេ»។
 
ទាក់ទង​នឹង​គណបក្ស​ថ្មី​មួយ​នេះ លោក រស់ រ៉ាវុធ ឃើញ​ផ្ទុយ​ពី​លោក អ៊ូ វីរៈ បន្ដិច ដោយ​លោក​ថា គណបក្ស​លោក ម៉ម សូណង់ដូ មិនអាច​ប្រាកដ​នឹង​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះទេ ដោយសារ​គណបក្ស​នេះ​ជា​គណបក្ស​ថ្មី នៅ​មិនទាន់មាន​សកម្មភាព​ច្បាស់​លាស់​នៅឡើយ ហើយ​អ្នកគាំទ្រ​នៅមាន​ភាព​រាយប៉ាយ ដែល​ពិបាក​ទទួលបាន​អាសនៈ​ដែរ។
 
ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានបន្ទូលថា ការបោះឆ្នោត​សកល​នៅ​ឆ្នាំ២០១៨ខាងមុខ ព្រះអង្គ​សង្ឃឹមថា នឹង​ទទួលបាន​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ យ៉ាងហោចណាស់​ក៏​ចំនួន ២៦ អាសនៈ​ក្នុង​រដ្ឋសភា​ដែរ។ រីឯ​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ អះអាងថា ប្រសិនបើ​គណបក្ស​រប​ស់លោក មិន​បានទទួល​ការគាំទ្រ ៥០ ភាគរយ បូក ១ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ទេនោះ រូបលោក នឹង​ដើរ​ចេញពី​បក្ស៕
 

Tag:
 ម៉ម សូណង់ដូ
  រណឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com