ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នករាយការណ៍​ពិសេស​ថ្មី​របស់ UN ចង់ជួប​លោក ហ៊ុន សែន ក្នុង​ទស្សនកិច្ច​ជា​លើកដំបូង
15, Sep 2015 , 1:32 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) លោកស្រី រ៉ូ​ណា ស្ម៊ី​ត (Rhona Smith) នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង នៅក្នុងប្រទេស​កម្ពុជា រយៈពេល៩ថ្ងៃ ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៥។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គ​សហប្រជាជាតិ (UNHCR)។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺ​ណែវ ចុះ​ថ្ងៃទី១៤ កញ្ញា​នេះ  ក្នុងអំឡុង​ដំណើរទស្សនកិច្ច លោកស្រី Rhona Smith  រំពឹងថា នឹង​បាន​ចូលជួប​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ធៃ លោក ស ខេង រដ្ឋមន្ត្រី ព្រមទាំង សមាជិក​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​ដទៃទៀត។ ក្រៅពីនោះ លោកស្រី​នឹង​ជួប​ជាមួយ​តំណាង សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន​នានា ព្រមទាំង​ក្រុម​អង្គការ សហប្រជាជាតិ និង​សហគមន៍​ម្ចាស់ជំនួយ។ លោកស្រី Rhona Smith ត្រូវបានតែងតាំង​ដោយក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ក្នុង​ខែមីនា ឆ្នាំ២០១៥ ស្នង​តំណែង​របស់លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បានបញ្ចប់​អាណត្តិ ៦ឆ្នាំ នៅ​ខែមីនា ឆ្នាំ២០១៥ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តីពី ស្ថានភាពសិទ្ធិមនុស្ស​នៅ​កម្ពុជា។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន អ្នករាយការណ៍​ពិសេស UN និយាយថា៖« ខ្ញុំ​សូមថ្លែង​អរគុណ​ដល់​រដ្ឋាភិបាល សម្រាប់​ឱកាស​ទស្សនកិច្ច​នេះ មុន​ពេលដែល​ខ្ញុំ​នឹងធ្វើ របាយការណ៍​ទៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​ចុងខែ​នេះ។ ក្នុង​ការបំពេញ​បេសកម្ម​នេះ ខ្ញុំ​ទន្ទឹងរង់ចាំ​ដោយ​ក្តី​សោម​នស្ស​រីករាយ ដើម្បី​ចូលរួម​កិច្ចសន្ទនា ក្នុងន័យ​ស្ថាបនា​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​ការបន្ត​លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្សនៅក្នុង​ប្រទេស​នេះ»។

ក្នុងឱកាស​បញ្ចប់​ដំណើរ​ទស្សនកិច្ច លោកស្រី Rhona Smith នឹងធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ម៉ោង ៣រសៀល​ ថ្ងៃ​ទី២៤ កញ្ញា នៅ​ការិយាល័យ​សិទ្ធិមនុស្សអង្គ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (OHCHR) ​ផ្ទះ​លេខ១០ ផ្លូវ​លេខ ៣០២ សង្កាត់​បឹង​កេងកង​ទី១ រាជធានី​ភ្នំពេញ។

គួរបញ្ជាក់​ផងដែរ លោកស្រី Rhona Smith ជា​សាស្ត្រាចារ្យ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ចក្រភព​អង់គ្លេស និង​ជា​សាស្ត្រាចារ្យ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ផ្នែក​ច្បាប់​សិទ្ធិមនុស្ស៕


Tag:
 សិទ្ធិមនុស្ស
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com