បទយកការណ៍ / បទសម្ភាសន៍
សិស្ស​និទ្ទេស A ឆ្នាំនេះ ៦ រូប ប្រាប់​គន្លឹះ​ក្លាយជា​សិស្ស​ពូកែ
15, Sep 2015 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ និទ្ទេស​A គឺជា​បំណងប្រាថ្នា​របស់​សិស្ស​ប្រឡង​បាក់​ឌុប​គ្រប់រូប តែ​ការទទួលបាន និទ្ទេស​A មិនមែន​ទទួលបាន​ដោយ​ងាយស្រួល​នោះទេ ពោលគឺ​ត្រូវមាន​ការខិតខំ​ប្រឹង ប្រែង​និង​អត់ធ្មត់​ខ្លាំង។ សិស្ស​ដែលជា​ប់​និទ្ទេស​A ឆ្នាំនេះ មាន​វិធីសាស្ត្រ​សិក្សាប្លែកៗពីគ្នា ដើម្បី​ចែករំលែក​ដល់​អ្នកជំនាន់ក្រោយ​ទៀត។ តើ​មាន​គន្លឹះសំខាន់ៗអ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A?

 
កញ្ញា ម៉ក សោ​ភ័​ណ្ឌ ជា​សិស្ស​និទ្ទេស​A នៅ​វិទ្យាល័យ​ច្បារអំពៅ (ភ្នំពេញ) ៖ អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលជោគជ័យ​នៅថ្ងៃនេះ គឺ​ដោយសារ​ការ​ខំប្រឹងប្រែង​ស្តាប់​គ្រូ​ពន្យល់ ការរៀន​គួរ​បន្ថែម ការស្រាវជ្រាវ​លំ​ហាត់ថ្មីៗ ហើយ​ពេល​ខួរក្បាល​ហត់ ខ្ញុំ​តែង​មើល​ភាពយន្ត ឬ​ស្តាប់​ចម្រៀង​សិន។ខ្ញុំ​មិន​បង្ខំ​ខួរក្បាល​ខ្ញុំ​ទេ។
 
កញ្ញា វៀង តេ​វីត សិស្ស​ទទួលបាន​និទ្ទេស A នៅ​វិទ្យាល័យ ហ៊ុន សែន មង្គលបុរី (បន្ទាយមានជ័យ)៖ គន្លឹះ​ទទួលបាន​និទ្ទេស A សម្រាប់​ខ្ញុំ​មាន​ពីរ​ចំណុច​សំខាន់ ទី១ការព្យាយាម​គឺជា​រឿង​មិនអាច​មើលរំលង​បាន និង​ទី២ ខ្ញុំ​ត្រូវ​ចាប់យក​ចំណុច​សំខាន់​នៃ​មេរៀន ព្រោះ​ការស្វែងរក​ចំណុច​សំខាន់​នៃ​មេរៀន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​មេរៀន​ទាំងមូល។
 
យុវជន លឹម រស្មី ជា​សិស្ស​និទ្ទេស A នៅ​វិទ្យាល័យ ជាស៊ីម​សន្ធរម៉ុក(ភ្នំពេញ) ៖ សម្រាប់​ខ្ញុំ​គន្លឹះ​ក្នុងការ​ទទួលបាន​ជោគជ័យ​នៅថ្ងៃនេះ មាន៦ចំណុច​សំខាន់ៈ ទី១ គឺ​ការជឿជាក់​លើ​ខ្លួនឯង ហើយ​អ្វីផ្សេងៗទៀត​គ្រាន់តែ​ជាការ​បន្ទាប់បន្សំ​តែប៉ុណ្ណោះ ទី២ មិនត្រូវ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ថា ត្រូវតែ​បាន​និទ្ទេស A នោះទេ ទី៣ ស្វែងយល់​ដោយ​ខ្លួនឯង ទី៤ រៀន​ឲ្យ​យល់​ជាជាង​ចងចាំ ទី៥ ត្រូវ​យល់​ស្ថានភាព​សង្គម ទី៦ ត្រូវ​ប្រមូល​លំ​ហាត់​ពី​គ្រប់​មជ្ឈដ្ឋាន ពី​គ្រូ​ពី​សិស្ស​ពូកែ​មក​មើល​ទាំងអស់។ 
 
កញ្ញា អ៊ូង មុនី​រាសី សិស្ស​និទ្ទេស​A នៅ​វិទ្យាល័យ ព្រះមុនីវង្ស (ខេត្តបាត់ដំបង) ៖ ដើម្បីឲ្យ​រៀន​ពូកែ​ជាដំបូង​យើង​ត្រូវ​តាំង​ចិត្ត​ឲ្យខ្ពស់​ ឆ្ពោះទៅ​រក​គោល​ដៅ​ដែល​យើង​ចង់​បាន​បំផុត ហើយស្វ័យសិក្សា​ជា​កត្តា​​សំខាន់​មួយ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណេះ​ដឹង​។


 
កញ្ញា វ៉ែន ម៉ុម​មុនិ​តា សិ​ស្សនិទ​ន្ទេ​ស​A នៅ​វិទ្យាល័យ​ទ័ព​មានជ័យ (កំពង់ស្ពឺ) ៖ សម្រាប់​ខ្ញុំ​អ្វីដែល​ខ្ញុំ​តែងតែ​ធ្វើ​គឺ​ការអត់ធ្មត់ ព្រោះ​វា​ឳ​ស​ថនាំ​យើង​ឆ្ពោះទៅរក​ភាពជោគជ័យ។ លើសពីនេះ ការ​បែក​ចែក​កាលវិភាគ​ក៏​ជា​រឿង​សំខាន់ ព្រោះ​ដើម្បី​គ្រប់គ្រង​ខ្លួនឯង​កុំ​ឲ្យ​រៀន​តាម​អារម្មណ៍។ ម្យ៉ាងទៀត ការអាន​ច្រើន ដូចជា សារព័ត៌មាន សៀវភៅ ស្តាប់​វិទ្យុ ជាដើម  ធ្វើ​ឲ្យ​ខ្ញុំ​មានចំណេះ​ទូទៅ​ច្រើន ដែល​ងាយស្រួល​ក្នុងការ​សរសេរ​ពេល​ប្រឡង។ មួយវិញទៀត ការរៀន​បែប​ទន្ទេញ​ឲ្យ​ចាំ មិនមែនជា​មធ្យោបាយ​ដែល​ខ្ញុំ​តែង​ធ្វើ​នោះទេ តែ​ខ្ញុំ​រៀន​ឲ្យ​យល់​ប្រសើរ​ជាង។







 កញ្ញា រ័ត្ន ច័ន្ទ​រស្មី ជា​សិស្ស​និទ្ទេស​A នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី (ភ្នំពេញ) ៖ គន្លឹះ​ក្នុងការ​សិក្សា សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​ដកស្រង់​បទពិសោធ​ពី​សិស្ស​ច្បង​ដែលពូកែៗនិង​រៀន​តាម​កាលវិភាគ​ឲ្យ​បានច្បាស់លាស់ ហើយ​ត្រូវគោរព​តាម​កាលវិភាគ​នោះ​ឲ្យ​បានជា​ដាច់ខាត។ លើសពីនេះ ខ្ញុំ​ធ្វើ​លំ​ហាត់​ជាមួយ​មិត្ត​តាម ហ្វេ​ស​ប៊ុ​ក(facebook) ព្រោះ​វា​ងាយស្រួល​មិនចាំបាច់​ជួប​មុខ​គ្នា​ក៏​អាច​រៀន ជាមួយគ្នា​ដោយ​ងាយស្រួល។ ម្យ៉ាងទៀត វា​គ្មានអ្វី​សំខាន់​ជាង​រៀន​ដោយ​ខ្លួនឯង​នោះទេ ព្រោះ​មានតែ​ខ្លួនឯង ដែល​ដឹង​ពី​ចំណុចខ្សោយ​ឬ​ចំណុចខ្លាំង​របស់ខ្លួន​ឯង ពេល​យើង​ដឹង ចំណុចខ្សោយ​របស់​យើង យើង​យកទៅ​សួរ​គ្រូ ពេលនោះ​យើង​នឹង​ចេះ​ច្បាស់ និង​ចាំ​ទុកជា​រៀងរហូត។
 
គួររម្លឹកថា នៅ​ឆ្នាំនេះ​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A ចំនួន១០៨ នាក់ បើ​ប្រៀបធៀប​នឹង ឆ្នាំមុន ឆ្នាំនេះ​មានការ​កើនឡើង​ចំនួន៩៧នាក់ ។ ជាពិសេស​នោះ​អ្នក​ជាប់​និទ្ទេស​A ក្នុងសម័យ​កំណែទម្រង់​របស់​រដ្ឋាភិបាល គឺមាន​លើកទឹកចិត្ត​ច្រើន​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ៕
 
 
 
 

Tag:
 បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com