ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន អរគុណ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែល​បាន​សរសើរ​ខ្លួន
19, Sep 2015 , 5:20 pm        
រូបភាព

លោក ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ដុន បេន​តុ​ន សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អា​មេរ​រិ​ក ដែល​បាន​សរសើរ និង​ចាត់ទុក​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា គួរ​យក​ជា​គំរូ​តាម​ក្នុងការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា។ នេះ​បើតាម​លិខិត​របស់លោក ហ៊ុន សែន ជូន​លោក ដុន បេន​តុ​ន ចុះ​ថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ។



ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​សរសេរ​លិខិត​ឆ្លើយតប​លោក ដុន បេន​តុ​ន ដើម្បី​សម្តែង​នូវ​អំណរគុណ​ដ៏​ខ្ពស់​ខ្ពស់​ចំពោះ​សមានចិត្ត និង​ការគាំទ្រ របស់​សមាជិក​ព្រឹទ្ធសភា​រូបនេះ ដែល​បាន​កោតសរសើរ​ពី​ការដឹកនាំ​របស់ខ្លួន ទាក់ទង​នឹង​ការការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។ សមាជិក​ព្រឹទ្ធសភា​រូបនេះ បាន​សរសើរ​លោក ហ៊ុន សែន តាមរយៈ​លិខិត ចុះ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ។

ខ្លឹមសារ​លិខិត​របស់​លោក ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​សមានចិត្ត និង​ការគាំទ្រ​ដ៏​ខ្លាំងខ្លា​របស់​ឯកឧត្តម ដែល​បាន​ផ្តល់ជូន​ខ្ញុំ​ក្នុង​លិខិត​របស់​ឯកឧត្តម សម្រាប់​អ្វីដែល​ខ្ញុំ​បានធ្វើ ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា»។

លោក ហ៊ុន សែន បាន​បន្ត​ក្នុង​លិខិត​នេះ​ទៀតថា៖ «ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​ឯកឧត្តម​បាន​យល់ដឹង​ច្បាស់​អំពី​អ្វីដែល​បានកើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី និង​ព្រំដែន។ ការយល់ឃើញ​របស់​ឯក​ឧ​ត្ត​ម​ថា ការវាយប្រហារ​មកលើ​ខ្ញុំ និង​រាជរដ្ឋាភិបាល​របស់ខ្ញុំ​លើ​បញ្ហា​ទាំងនេះ គឺ​គ្មាន​មូលដ្ឋាន និង ហេតុផល​នយោបាយ ជាការ​ផ្តល់​យុត្តិធម៌​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្ញុំ និង​រាជរដ្ឋាភិបាល របស់ខ្ញុំ»។

លើសពីនេះទៅទៀត លោក ហ៊ុន សែន ក៏បាន​សម្តែង​ការជឿជាក់​យ៉ាង​មុះ​មុត ចំពោះ​លោក ដុន បេន​តុ​ន ថា អ្វីដែល​រូបលោក និង​រាជរដ្ឋាភិបាល​របស់ខ្លួន​បានធ្វើ ក្នុងការ​កំណត់ព្រំដែន និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម បានបង្ហាញ​យ៉ាងច្បាស់​នូវ​ការខិតខំ​យ៉ាង​ធំធេង ក្នុងការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា៕





© រក្សាសិទ្ធិដោយ thmeythmey.com