ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​អំណាច​ខ្មែរ​ថា មេដឹកនាំ​បក្ស​ផ្សេង​ប្រើ​លេស​មិន​ចង់​ពិភាក្សា​ជាមួយ​ខ្លួន
19, Sep 2015 , 8:59 pm        
រូបភាព

លោក ទេព វីរៈ អ្នកនាំពាក្យ​គណបក្ស​អំណាច​ខ្មែរ បានចាត់ទុក​ការបដិសេធ​របស់​មេបក្ស​ផ្សេងទៀត មិន​ចូលរួម​ប្រជុំពិភាក្សា​បង្កើត «សម្ព័ន្ធ​គណបក្ស​គ្មាន​អាសនៈ​ក្នុង​សភា​ដើម្បី​តស៊ូ​គោលនយោបាយ​រួម» ថា​ជា​លេស ។ តំណាង​គណបក្ស​ថ្មី​រូបនេះ បាន​អះអាងថា ខ្លួន​នៅតែ​បន្ត​អញ្ជើញ​ប្រធាន​គណបក្ស​ដែល​បដិសេធ​ឲ្យ​គ្រប់​ចំនួន ៣ដង​ក្រោម​កម្មវត្ថុ​ដដែល។



កាលពីពេលថ្មីៗកន្លងមកនេះ គណបក្ស​អំណាច​ខ្មែរ បានដាក់​លិខិតអញ្ជើញ​មេដឹកនាំ​គណបក្ស ដែល​មិនមាន​អាសនៈ​ក្នុង​រដ្ឋសភា ដើម្បី​ចូលរួម​ពិភាក្សា​បង្កើត «សម្ព័ន្ធ​គណបក្ស​គ្មាន​អាសនៈ​ក្នុង​សភា​ដើម្បី​តស៊ូរ​គោលនយោបាយ​រួម» ដោយ​គណបក្ស​ដែល​ត្រូវបាន​អញ្ជើញ​នោះ​រួមមាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​សាមគ្គី គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​មួយចំនួនទៀត។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិន​ត្រឹមតែ​ទទួលបាន​ចម្លើយ​វិជ្ជមាន​នោះទេ តែ​ថែមទាំង​ទទួល​ការបដិសេធ​មិន​ចូលរួម​ពី​គណបក្ស​មួយចំនួនទៀត។

គណបក្ស​ដែល​បដិសេធ​នោះ​គឺ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់ លោក​ម៉ម សូណង់ដូ និង គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់លោក​យ៉េ​ង វីរៈ ក្រោម​ហេតុផល​ថា ជាប់រវល់ ចំណែកឯ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក ខឹម វាសនា បាន​បដិសេធ​ក្រោម​ហេតុផល ថា​សរសេរ​ឈ្មោះ​គណបក្ស​មិនបាន​ត្រឹមត្រូវ។

លោក ទេព វីរៈ វាយតម្លៃថា៖ «ការមិន​ចូលរួម​របស់​មេបក្ស​ទាំងនោះ គ្រាន់តែ​ជា​លេស និង​ការ​ដោះសារ​ប៉ុណ្ណោះ។ តែ​គណបក្ស​អំណាច​ខ្មែរ​នៅតែ​បន្ត​អញ្ជើញ​មេបក្ស​ទាំងនោះ​ឲ្យ​គ្រប់​ចំនួន​បី​ដង។ ចំពោះ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​អះអាងថា មិន​ចូលរួម​ដោយសារតែ​សរសេរ​ឈ្មោះ​គណបក្ស​ខុស យើង​នឹង​កែ ចំណែកឯ​គណបក្ស​ដែល​អះអាងថា​ជាប់រវល់ យើង​នឹង​សួរថា​តើ​ពេលណា​មិន​រវល់ ដើម្បី​យើង​សម្រួល​ទៅតាម​នឹង»។
បន្ថែម​ពីលើ​នេះ ក្រោយពី​គណបក្ស​មួយចំនួន​បដិសេធ​មិន​ចូលរួម​ពិភាក្សា​នេះ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ថា ការបដិសេធ​មិន​ចូលរួម​របស់​មេបក្ស គឺជា​លេស តែ​រូបលោក​នឹង​នៅ​តែង​បន្ត​អញ្ជើញ​មេបក្ស​ទាំងនោះ​ឲ្យ​គ្រប់​ចំនួន​បី​ដង​ក្រោម​កម្មវត្ថុ​ដដែល។

 ខ្លឹមសារ​នោះបាន​បញ្ជាក់ថា៖ «បើ​ពួកគេ​បដិសេធ​ទាំង ៣លើក​នៅក្រោម​ហេតុផល​ថា​ជាប់រវល់ ឬ​ហេតុផល​ណា​ផ្សេងទៀត​នោះ គឺ​ខ្ញុំ​នឹងធ្វើ​សិក្ខាសាលា និង​វេទិកា ជា​ទ្រង់ទ្រាយ​ធំ​គ្រប់​ខេត្ត​ទូទាំងប្រទេស ដើម្បី​បង្ហាញ​ប្រាប់​ពលរដ្ឋ​ខ្មែរ ឲ្យ​ស្គាល់​នូវ​សារជាតិ​របស់​ពួកគេ»។

ទាក់ទង​នឹង​ការតស៊ូ​គោលនយោបាយ​នេះ គណបក្ស​អំណាច​ខ្មែរ​បានរៀបចំ​រួចជាស្រេច​ហើយ ដើម្បី​តស៊ូ​ទាមទារ​ជាមួយ​គណបក្សកាន់អំណាច។ គោលនយោបាយ​ទាំងនោះ​រួមមាន ១. ទាមទារ​ឲ្យ​មាន គ.ជ.ប ឯករាជ្យ​ពិតប្រាកដ, ២-ទាមទារ​លុបឈ្មោះ​ជនជាតិ​វៀតណាម ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ចេញពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឲ្យ​អស់, ៣-ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​និង​ធ្វើការ​ឯ​បរទេស​បាន​បោះឆ្នោត​គ្រប់គ្នា, ៤. ទាមទារ​ឲ្យ​មានច្បាប់​ផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ជា​អ្នក​លើក​ស្នើ​បេក្ខជន​ឈរឈ្មោះ ដោយ​បញ្ឈប់​ឲ្យ​មានការ​តែងតាំង​ពី​គណបក្ស ៥. ទាមទារ​ឲ្យ​មានច្បាប់​កំណត់​អាណត្តិ​បេក្ខជន​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​ត្រូវ​បោះឆ្នោត​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ។

លោក ទេព វីរៈ បានសង្កត់ធ្ងន់ៗថា៖ «គោលនយោបាយ​ទាំង៥នេះ បើ​គណបក្ស​អំណាច​ខ្មែរ​ទាមទារ​មិន​បានទេ នោះ​គណបក្ស​អំណាច​នឹងមិន​ចូលរួម​បោះឆ្នោះ​ឡើយ»៕



© រក្សាសិទ្ធិដោយ thmeythmey.com