ជាតិ
​​​ន​យោ​បាយ​ជាតិ​
​​កុំ​ចាត់ទុក​នយោបាយ​ជា​របរ​រកស៊ី តែ​នយោបាយ​គឺជា​ការងារ​ជួយ​សង្គម!
21, Sep 2015 , 2:02 pm        
រូបភាព
ដោយ:
យុវជន​កុំ​ស្រ​មៃតែ​ចង់​ធ្វើ​ធំ ភ្លេច​ការងារ​តូច ដែល​ខ្លួន​ពេញចិត្ត និង​មាន​ប្រយោជន៍​សម្រាប់​សង្គម! យុវជន​កុំ​ចាត់ទុក​នយោបាយ​ជា​មុខរបរ​រកស៊ី តែ​នយោបាយ​គឺជា​ការងារ​ជួយ​សង្គមជាតិ។ យុវជន​កុំ​គិតតែ​ទាមទារ​សិទ្ធិ តែ​ត្រូវ​គិតពី​កាតព្វកិច្ច​របស់ខ្លួន​ក្នុងនាម​ជា​ពលរដ្ឋ​ដែល​ត្រូវធ្វើ​សម្រាប់​ជាតិ។ ទាំងនេះ គឺជា​សារសំខាន់​របស់​អ្នកនយោបាយ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ចាស់វស្សា​កម្ពុជា មាន​លោក យឹម សុវណ្ណ លោក គល់ បញ្ញា និង​លោក ឈាង វុន ដែល​ប្រាប់​ទៅ​យុវជន​ជំនាន់​ក្រោយ។ លោក ឈាង វុន ធ្វើជា​អ្នកតំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​ដំបូង​អាណត្តិ​ទី ១ ឆ្នាំ ១៩៩៣ លោក យឹម សុវណ្ណ ជាប់​ជា​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ដំបូង​នៅ​អាណត្តិ​ទី ២ ឆ្នាំ ១៩៩៨ និង​លោក គល់ បញ្ញាប្រឡូក​ក្នុង​ការងារ​សិទ្ធិមនុស្ស​តាំងពី​ឆ្នាំ ១៩៩១ ។




លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «យុវជន ត្រូវតែ​បណ្តុះបណ្តាល​ចំណេះដឹង  កសាង​សមត្ថភាព​ចេញពី សង្គម សាលារៀន អ្នកនយោបាយ​ជើងចាស់​ដែលល្អៗ ហើយ​ត្រូវធ្វើ​សេដ្ឋកិច្ច​ខ្លួន និង​គ្រួសារ​ឲ្យ​រឹងមាំ​សិន​មុននឹង​ចូលធ្វើ​នយោបាយ។ យើង​មិន​អាចធ្វើ​នយោបាយ ទុក​គ្រួសារ​ឲ្យ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ទេ។ បទពិសោធ​របស់ខ្ញុំ យើង​ត្រូវ​ធ្វើខ្លួន​ឲ្យ​មានចំណេះដឹង ហើយ​មានចំណេះដឹង មិន​គ្រប់​ឡើយ ត្រូវមាន​សេចក្តីក្លាហាន សេចក្តីក្លាហាន មិន​គ្រប់គ្រាន់​ទេ តែ​ត្រូវ​យល់​កាលៈទេសៈ។ យើង​ធ្វើ​នយោបាយ យើង​មិនមែន​ចាត់ទុក​នយោបាយ​ជា​មុខរបរ​ដើម្បី​រកស៊ី​នោះទេ  នយោបាយ​គឺ​ជួយ​សង្គមជាតិ។ យើង​ត្រូវមាន​ស្មារតី​ស្នេហាជាតិ គុណធម៌ និង​រឹងប៉ឹង ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន។ អ្នកដឹកនាំ​ត្រូវមាន​ការសម្រេចចិត្ត​ខុសពី​មនុស្ស​ធម្មតា ត្រូវ​ហាត់​ពត់លត់​ដំ​ចិត្ត​គំនិត យល់​ស្ថានការណ៍ យល់​កាលៈទេសៈ ពេលនោះ​យើង​នឹង​អាច​សម្រេច​កិច្ចការ ក្លាយជា​មេដឹកនាំ​ល្អ។ អ្នកដឹកនាំ​ត្រូវ​ចេះ​កសាង​អ្នកគាំទ្រ ជំនួយការ ព្រោះ​យើង​ពួ​កែ មិនមែន​តែ​យើង​ទេ អ្នក​ជួយ​យើង​ក៏​ពូកែ​ដែរ»។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល៖« ដើម្បី​ធ្វើ​ការងារ​បោះឆ្នោត ការងារ​សិទ្ធិមនុស្ស ការងារ​ជួយ​សង្គម យុវជន​ត្រូវ​ចាប់ផ្តើម​ពី​ចិត្ត​ដែល​យើង​ស្រឡាញ់​ជាមុនសិន។យើង​ស្រឡាញ់​ចាប់ផ្តើម​ធ្វើទៅ ដើម្បី​យល់​ពី​ការងារ​នោះ។ ស្រឡាញ់​ធ្វើ​វា កុំ​គិតថា បាន​លុយ​អត់! ធ្វើទៅ​គេ​រករឿង ធ្វើទៅ​គេ​ស្អប់ កុំ​ខ្វល់ កុំ​គិតបែបនេះ បើ​យើង​ស្រឡាញ់​ធ្វើ​វា​ទៅ។ បើ​គិតថា ធ្វើទៅ​មិនបាន​លុយ មិនបាន​ក្លាយជា​ឯកឧត្តម​ទេ កុំ​ធ្វើ​វា បើ​យើង​គិតបែបនេះ​នោះ។ យើង​អាច​ទៅរក​ការងារ​ផ្សេង បើ​ចង់បាន​អំណាច និង​ក្លាយជា​អ្នកមាន។ តែ​ការងារ​ដែល​ធ្វើ​នោះ ត្រូវ​សុចរិត។កាលណា​យើង​ធ្វើ​មាន​គោលដៅ​ច្រើនពេក លុយ​ផង ឋានៈ ផង សង្គម​ផង មិនអាច​ជោគជ័យ​នោះទេ។យុវជន​ជំនាន់​ក្រោយ កុំ​មាន​ក្តី​ស្រមៃ​ចង់តែ​ធ្វើ​អ្នកធំ ហើយ​ភ្លេច​គិតពី​ធ្វើ​ការងារ​មួយ​ដែល​តូច តែ​ជាការ​ងារ​ដែល​ខ្លួន​ពេញចិត្ត ហើយ​មាន​ប្រយោជន៍​សម្រាប់​សង្គម»។

លោក ឈាង វុន តំណាងរាស្ត្រ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «ប្រជាពលរដ្ឋ ជាពិសេស បញ្ញវន្តក្មេងៗ  ដែលជា​យុវជន ត្រូវ​រៀបចំ​ឥរិយាបថ​របស់ខ្លួន ឲ្យ​សមជា​ពលរដ្ឋ​ល្អ  យុវជន​ល្អ មិនមាន​ស្វែង​រកតែ​សិទ្ធិ​ទេ ត្រូវ​គិតពី​កាតព្វកិច្ច​របស់ខ្លួន​ក្នុងនាម​ជា​ពលរដ្ឋ​ថា ខ្លួន​បានធ្វើ​អ្វីខ្លះ​សម្រាប់​ជាតិ។ ហើយ​ខ្ញុំ​សូម​ធានា​តែ​ម្តងថា ខ្ញុំ​នឹង​ខំប្រឹងប្រែង​ធ្វើយ៉ាងណា ឲ្យ​ក្លាយជា​ចន្ទល់​មួយ​របស់​យុវជន ដែល​គិតពី​អនាគត​ប្រទេសជាតិ​ពិតប្រាកដ។ ខ្ញុំ​ជា​អ្នកនយោបាយ នៅ​ជាមួយ​យុវជន»៕


Tag:
 នយោបាយ
 ការងារ​សង្គម
 យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com