ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖«អ្នកណា​ថា​ខ្មែរ​រើសអើង​ពូជសាសន៍ មិន​ត្រឹមត្រូវ​ទេ!»
24, Sep 2015 , 1:41 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា
រូបពីហ្វេសប៊ុកលោក កឹម សុខា
លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បញ្ជាក់ថា ជនជាតិខ្មែរ​មិនដែល​ចេះ​រើសអើង​ពូជសាសន៍ ឬ​ជនជាតិ​ដទៃទៀត​ដែល​មក​រស់នៅ​កម្ពុជា​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​មនុស្ស​ស្លូត រកតែ​សេចក្ដីសុខប៉ុណ្ណោះ​។ អនុប្រធាន​រូបនេះ បន្ថែមថា បើ​អ្នកណា​ដែល​និយាយថា ខ្មែរ​រើសអើង​ពូជសាសន៍​នោះ គឺ​អ្នកនោះ​និយាយ​ខុស​ហើយ។



បើតាម​លោក កឹម សុខា គណបក្ស​លោក​គឺ​គោរព​សិទ្ធិសេរីភាព​ប្រពៃណី ទំនៀម​ទំលាប់ សាសនា គ្រប់​ជាតិ​សាសន៍​ទាំងអស់។ ហើយ​គណបក្ស​លោក ក៏​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​នេះដែរ ។ «តែ​លើកលែង​ជនជាតិ​ដទៃ ដែលមាន​មហិច្ឆតា​នយោបាយ មក​ដណ្ដើមយក​ទឹកដី​របស់​ខ្មែរ​ប៉ុណ្ណោះ ដែល​ខ្មែរ​ត្រូវការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា»។ នេះជា​ការអះ​អាងរបស់​លោក កឹម សុខា​។

ថ្លែង​ក្នុង​ពិធីបុណ្យ «រ៉ូ​យ៉ា​ហា​ជី» ខ្មែរ-ឥស្លាម នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៥ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បាន​អត្ថ​ធិ​ប្បាយ​យ៉ាង​ដូច្នេះថា ៖«ជាទូទៅ​ការកត់សម្គាល់​របស់ខ្ញុំ​នៅ​ស្រុក​ខ្មែរ នៅ​ប្រទេស​កម្ពុជា​នេះ ប្រជាពលរដ្ឋ​ខ្មែរ ជនជាតិខ្មែរ​នេះ គឺ​មិនមាន​ការរើសអើង​ផ្នែក ពូជសាសន៍ សាសនា ដូច​ប្រទេស​ដទៃ​ដែលមាន​វិបត្តិ​ដឹកនាំ​ទេ»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចូលរួម​ក្នុង​ពិធីបុណ្យ «រ៉ូ​យ៉ា​ហា​ជី»ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ-ឥស្លាម នៅ​ភូមិ​កំពង់ត្រឡាច ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕


Tag:
 កឹម សខា
© រក្សាសិទ្ធិដោយ thmeythmey.com