ជាតិ
គ្មាន​សេចក្តីសុខ​ណា ស្មើនឹង​សេចក្តី​ស្ងប់​ឡើយ!
10, Feb 2018 , 3:39 pm        
រូបភាព
សេចក្តី​ស្ងប់ គឺជា​ប្រភព​នៃ​សេចក្តីសុខ​ទាំងពួង សម្រាប់​ជីវិត​សត្វលោក។ គ្មាន​សេចក្តី​ស្ងប់ ជីវិត​សត្វលោក គ្មាន​មធ្យោបាយ​ផ្សេង​ដើម្បី​បង្កើត​សេចក្តីសុខ​ឡើយ។



ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​សម្តែង​ថា៖ «ន​ត្ថិ សន្តិ ប​រំ សុ​ខំ ពុំមាន​សេចក្តីសុខ​ណា ស្មើនឹង​សេចក្តី​ស្ងប់​ឡើយ»។ សេចក្តី​ស្ងប់ គឺជា​សុខសន្តិភាព គ្មាន​ជម្លោះ គ្មាន​ភាពចលាចល គ្មាន​ការឈ្លានពាន គ្មាន​ការ​ព្យាបាទ​គ្នា​ទៅវិញទៅមក។ សេចក្តី​ស្ងប់ កើត​ក្នុង​ចិត្ត​បុគ្គល​ណា បុគ្គល​នោះ​នឹងមាន​សេចក្តីសុខ។ សេចក្តី​ស្ងប់​កើត​ក្នុង​គ្រួសារ​ណា សមាជិក​ក្រុមគ្រួសារ​នោះ​នឹងមាន​សុខ​ភ​មង្គល។ សេចក្តី​ស្ងប់​វ កើត​ក្នុងសង្គម​ណា សង្គម​នោះ​នឹងមាន​ការរីកចម្រើន។ សេចក្តី​ស្ងប់ កើត​ឡើងលើ​ពិភពលោក នោះ​ប្រទេស​ទាំងឡាយ​នឹង​សុខសន្តិភាព​ទាំងអស់គ្នា។

ដើម្បី​មាន​សន្តិភាព​ក្នុង​ចិត្ត បុគ្គល​គ្រប់រូប​គប្បី​រំងាប់ នូវ​បាបធម៌​ទាំងឡាយ មានដូចជា លោភៈ ទោសៈ មោហៈ វៀរចាក​ការ​បៀតបៀន​ជីវិត និង​ការ​ច្រណែនឈ្នានីស​អ្នកដទៃ ជាដើម។ ដើម្បី​មាន​សន្តិភាព​ក្នុង​គ្រួសារ សមាជិកគ្រួសារ​ត្រូវគោរព​វិន័យ មាន​សីលធម៌ សុជីវធម៌ ចៀសវាង​ការប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ទាំងពួង និង​ចៀសវាង​ការឈ្លោះទាស់ទែង​គ្នា តែ​ត្រូវ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក។ ដើម្បី​ឲ្យ​សង្គម មាន​សុខសន្តិភាព និង​ការរីកចម្រើន ប្រទេស​នោះ​ចាំបាច់​ត្រូវមាន​ច្បាប់​ត្រីវិស័យ​ក្នុងការ​ដឹកនាំ រួមទាំង​អ្នកដឹកនាំ​គ្រប់រូប​ប្រកបដោយ​ធម៌ ចេះ​អធ្យាស្រ័យ​គ្នា ទុកចិត្ត​គ្នា​ជាង​បរទេស រួមគ្នា​គិត​ប្រយោជន៍​ជាតិ និង​សុខទុក្ខ​ប្រជាជន​ជាធំ។ ចំណែកឯ ពិភពលោក​ទាំងមូល​ក៏​ដូច្នេះ​ដែរ ដើម្បី​ចៀសវាង​សង្គ្រាម ចាំបាច់​ត្រូវតែ​មានច្បាប់​អន្តរជាតិ ដើម្បី​ធានា​ការគោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក និង​មាន​ទំនាក់ទំនង​អន្តរជាតិ​រវាង​ប្រទេស​ទាំងឡាយ ដើម្បី​រក្សា​លំនឹង​ចំណងមិត្តភាព។

ទោះបីជា អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ពេញ​ផ្ទះ មានកូន​ជាទី​ស្រឡាញ់ មាន​ស្វាមី ឬ​ភរិយា​ជាទី​គប្បី​ចិត្ត មាន​គ្រែ មាន​ពូក មាន​ខ្នើយ ជាទី​ត្រេកត្រអាល តែបើ​ភ្លើង​កំពុងតែ​ឆេះ​ក្រោមផ្ទះ​របស់​អ្នក តើ​អ្វី​គ្រប់យ៉ាង​ដែល​អ្នកមាន នឹង​អាច​ផ្តល់​សុភមង្គល​ដល់​អ្នក​ទៀត​ដែរឬទេ? សេចក្តី​ឧទាហរណ៍​យ៉ាងណា ជីវិត​ពិត​របស់​យើង​គ្រប់រូប​ដែល​រស់នៅក្នុង​សង្គម​ក៏​ដូច្នេះ​ដែរ បើទោះបីជា​អ្នកមានអ្វីៗគ្រប់យ៉ាង​ក្នុងសង្គម​ក៏ដោយ តែ​ប្រសិនបើ​សង្គ្រាម​ផ្ទុះឡើង ភាពវឹកវរ​កើតមាន នោះ​អ្នក​ក៏​មិនអាច​មានឱកាស​ប្រើប្រាស់​ទ្រព្យ​ទាំង​នោះដែរ។

សេចក្តី​ស្ងប់ ជា​ចំណុច​ចាប់ផ្តើម​នៃ​សេចក្តីសុខ​ក្នុង​ចិត្ត​របស់​បុគ្គល​គ្រប់រូប ជា​គ្រឹះ​នៃ​ការចាប់ផ្តើម​សុភមង្គល​ក្នុង​គ្រួសារ ជា​ឫសគល់​នៃ​ការអភិវឌ្ឍ​សង្គម ជា​មូលដ្ឋាន​នៃ​ការចៀសវាង​សង្គ្រាម​ក្នុង​ពិភពលោក៕


Tag:
 ព្រះពុទ្ធសាសនា
© រក្សាសិទ្ធិដោយ thmeythmey.com