ជាតិ
សភាជាតិ​ជំរុញ​អោយ​ខេត្តកោះកុង​ដោះស្រាយ​បញ្ហា​ជនបរទេស​ចូលមក​នេសាទ​ខុសច្បាប់
26, Sep 2015 , 10:11 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកោះកុង មួយចំនួន រួមមាន​បញ្ហា​ជន បរទេស​ចូលមក​នេសាទ​ខុសច្បាប់ ក្នុង​ដែនសមុទ្រ​កម្ពុជា បញ្ហា​ទំនិញ គេចពន្ធ បញ្ហា​វិវាទ​ដីធ្លី ការ​បូម​ខ្សាច់ ត្រូវបាន  លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ នៃ​រដ្ឋសភា លើក​យកមក​ជជែក​ជាមួយ ថ្នាក់ដឹកនាំ​ខេត្តកោះកុង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត កាលពី​ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅ​សាលា​ខេត្តកោះកុង។ លោក ហូ វ៉ាន់ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​សមាជិក​សមាជិកា​គណៈកម្មកា​រ ចុះ​បំពេញបេសកកម្ម​នៅក្នុង​ខេត្ត​នេះ ដើម្បី​ពិនិត្យ​សិក្សា​លើ​វិស័យ​ការងារ ដែល​ពាក់ព័ន្ធ​នឹង​ភារកិច្ច​ទទួល​ខុ​ត្រូវ​របស់​គណៈកម្មការ ។

 
នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ខេត្ត​ដែលមាន​វត្តមាន លោក ផៃ ធូ​ន​ផ្លា​ម​កេស​ន អភិបាលខេត្ត​ស្តីទី ខេត្តកោះកុង, លោក ហូរ វ៉ាន់ បាន​សំណូមពរ​ដល់ អាជ្ញាធរខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ខាងលើ ជូន​ពលរដ្ឋ ពីព្រោះ​វា​ជា​កង្វល់​របស់​ពលរដ្ឋ និង​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព ប្រចាំថ្ងៃ​របស់​ពួកគាត់ ប៉ះពាល់ ដល់​ប្រាក់ចំណូល​ជាតិ បរិស្ថាន និង​សុខភាព​របស់​ពលរដ្ឋ​ផងដែរ។
 
លោក ផៃ ធូ​ន​ផ្លា​ម​កេស​ន បាន​មានប្រសាសន៍ថា កន្លងមក​មានការ​លួច​ចូល​នេសាទ របស់​ជនជាតិ​ថៃ និង​វៀតណាម​នៅលើ​ដែនសមុទ្រ​កម្ពុជា ប៉ុន្តែ​អាជ្ញាធរខេត្ត តែងតែ​ចុះបង្ក្រាប​ជាប្រចាំ។ លោក​អភិបាលខេត្ត​ស្តីទី បាន​គូសបញ្ជាក់ថា ចំពោះ​បទល្មើស​នេសាទ​ដែល​បង្កឡើង​ដោយ​ជនជាតិ​ថៃ អាជ្ញាធរ​កម្ពុជា​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ថៃ និង​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​សហការគ្នា ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​ថៃ ចូលមក​នេសាទ​លើ​ដែនសមុទ្រ កម្ពុជា។ ប្រការនេះ​ភាគី​ថៃ​បាន​យល់ស្រប ព្រមទាំង​បាន​បង្កើត​គណៈកម្មការ​មួយ​រួមគ្នា រវាង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ សម្រាប់​ទទួលបន្ទុក ដោះស្រាយ​បញ្ហា​នេះ។
 
លោក ផៃ ធូ​ន​ផ្លា​ម​កេស​ន មានប្រសាសន៍​បន្ថែមថា ចំណែក​បទល្មើស​ដែល​បង្កឡើង​ដោយ​ជនជាតិ​វៀតណាម​វិញ អាជ្ញាធរ​កម្ពុជា វៀតណាម ពុំទាន់​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទេ ប៉ុន្តែ​ចំពោះ​វិធាន​ទប់ស្កាត់ គឺ​អាជ្ញាធរ​ខេត្តកោះកុង​បាន​ខិតខំ​ចាត់វិធានការ​ដោយ​ចុះ​ល្បាត​ជាប្រចាំ ហើយ​បើ​មាន ករណី​លួច​ចូលមក​នេសាទ​មែន​នោះ គឺ​អាជ្ញាធរខេត្ត​តែងតែ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់៕ 
 

Tag:
 នេសាទ
  កសិកម្ម
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com