ជាតិ
សង្គមជាតិ
ក្រុម​អ្នកជិះ​កង់​ពី​បន្ទាយមានជ័យ​យក​ថវិកា​សប្បុរស​ជិត៥០០០ដុល្លារ​ជួយ​ពេទ្យ​គន្ធ​បុ​ប្ឆា
28, Sep 2015 , 3:50 pm        
រូបភាព
ដោយ: រួបរួម
ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ និង​ក្រុម​មកពី​ខាង​ក្រុង​ប៉ោយប៉ែត កាលពី​ចុង​សប្តាហ៍​កន្លងមក បាន​យក​ថវិកា​សប្បុរសធម៌​ដែល​ខ្លួន​ទទួលបាន​ពី​សមាជិក​ដើម្បី​យកទៅ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ខេត្តសៀមរាប។ ថវិកា​ដែល​ក្រុមការងារ​ជិះ​កង់​សប្បុរសធម៌​នេះ ទទួលបាន​មាន​ជិត៥០០០ដុល្លារ​អាមេរិក។

 
«ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​ដែល​ពួកយើង​អាច​ប្រមូល​ផ្តុំគ្នា ហើយ​អា​ចរក​ថវិកា​សប្បុរស​សម្រាប់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា»។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា អេង លីហ្សា លេខាធិការ​នៃ​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ។
យុវតី​ស្រស់ស្អាត​ដែល​បម្រើការ​នៅ​ក្រុមហ៊ុន​មួយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ រូបនេះ បាន​បន្ថែមថា សកម្មភាព​ជិះ​កង់​នៅ​បន្ទាយមានជ័យ បាន​លេចចេញ​ជា​រូបរាង​យូរណាស់​មកហើយ តែ​នេះ​ជាការ​ប្រមូលផ្តុំ​ដើម្បី​ស្វែងរក​ថវិកា​សប្បុរសធម៌​ជា​លើកដំបូង។
 
កញ្ញា អេង លីហ្សា បាន​រៀបរាប់ថា៖ «បច្ចុប្បន្ន ក្រុម​ខាង​ខេត្តបន្ទាយមានជ័យ​មាន​សមាជិក​សកម្ម៤៣នាក់ ដែល​យើង​តែងតែ​នាំគ្នា​ជិះ​កំសាន្ត​លេង និង​ហាត់ប្រាណ​នៅក្នុង​ខេត្ត។ យើង​នឹង​ទទួលបាន​សមាជិក​ថ្មី​បន្ថែមទៀត ពីព្រោះ​ពួកគេ​បាន​ចាប់អារម្មណ៍​សកម្មភាព​របស់​យើង»។
ការ​បែកគំនិត​ចេញ​ជា​សកម្មភាព​សប្បុរសធម៌​របស់​ក្រុម​អ្នកជិះ​កង់​ខេត្តបន្ទាយមានជ័យ និង​ក្រុម​មួយទៀត​មកពី​ក្រុង​ប៉ោយប៉ែត គឺ​ដោយសារ​មាន​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ (CCC) ប្រចាំខេត្ត​សៀមរាប​ជា​គំរូ។
 
ទាក់ទង​នឹង​ករណីនេះ កញ្ញា លីហ្សា បាន​បញ្ជាក់ថា៖ «ពួកយើង​មានការ​កោតសរសើ​រយ៉ា​ង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ក្លឹប CCC នៅ​សៀមរាប។ ពួកគាត់​មាន​សកម្មភាព​សប្បុរស​ធម៌​ជាច្រើន​នៅតាម​សហគមន៍ ដូច្នេះ​ក្រុមការងារ​ជិះ​កង់​នៅ​ខេត្តបន្ទាយមានជ័យ​នឹង​រិះរក​មធ្យោបាយ​ដើម្បី​ពង្រីក​សកម្មភាព​សប្បុរ​ស​ធម៌​របស់ខ្លួន​បន្ថែ​ម​ទៀត​នាពេល​អនាគត»។
លោក គឹម ប៊ុន​ថា​ន់ អ្នកដឹកនាំ​ក្លិប CCC នៅ​ខេត្តសៀមរាប សម្តែង​នូវ​ការរីករាយ​ដោយបាន​ចូលរួម​ចែករំលែក​បទពិសោធន៍​ជាមួយ​ក្រុម​ដែល​មកពី​ខេត្ត​ជិតខាង។ លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «នេះ​ជា​ជោគជ័យ​មួយ​របស់​យើង​ដែល​បងប្អូន​នៅតាម​បណ្តា​ខេត្ត​ប្រើការ​ជិះ​កង់​ដើម្បី​សកម្មភាព​សប្បុរសធម៌ ហើយ​ក្រុម CCC របស់​យើង​ត្រៀមខ្លួន​ជាមួយ​ក្នុង​កិច្ចសហការ​ណាមួយ»៕
 
 
 

Tag:
 ក្រុម​អ្នកជិះ​កង់
© រក្សាសិទ្ធិដោយ thmeythmey.com