កីឡាជាតិ
ខេមរៈ​សហព័ន្ធ​កា​រ៉ា​តេ​ដូ ត្រូវ​ពង្រឹង​ធនធាន​បន្ថែម​ដើម្បី​ត្រៀមខ្លួន​ប្រកួត
29, Sep 2015 , 4:03 pm        
រូបភាព
ដោយ:
 ខណៈ​ការប្រកួត​កា​រ៉ា​តេ​ដូ​ថ្នាក់ជាតិ​ឆ្នាំនេះ​មានការ​ធ្លាក់ចុះ​ទាំង​ចំនួន​ក្លិប-សមាគម​ចូលរួម កីឡាករ និង​កីឡាការិនី មន្ត្រី​ជំនាញ​មកពី​អគ្គនាយកដ្ឋាន​កីឡា បាន​ប្រាប់​ឲ្យ​ខាង​ថ្នាក់ដឹកនាំ​ខេមរៈ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ ត្រូវ​ពង្រឹង និង​បណ្តុះបណ្តាល​ធនធានមនុស្ស ដោយ​ផ្តោតទៅលើ​ជំនាញ​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រភេទ​កីឡា​នេះ​កាន់​តែមាន​សក្តានុពល សម្រាប់​ការប្រកួត​នៅពេល​ខាងមុខ។

 
«ដើម្បី​ត្រៀម​ការប្រកួត National Games 2016 និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ខេមរៈ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ គប្បី​ធ្វើការ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម និង​មន្ត្រី​បច្ចេកទេស​បន្ថែម​ឲ្យ​បាន​ច្រើន ។ ជាងនេះទៅទៀត​សហព័ន្ធ ត្រូវ​បណ្តុះ​ថ្នាល​ជំនាន់​ក្រោយ​ឲ្យ​បាន​ច្រើន សម្រាប់​ត្រៀម ព្រោះ​កា​រ៉ា​តេ​ដូ ត្រូវបាន​ចាត់ទុកជា​ប្រភេទ​កីឡា​មាន​សក្តានុពល​មួយ ដើម្បី​ប្រជែង​យក​មេដាយ​ជូន​ជាតិ» នេះ​ជាការ​លើកឡើង​របស់ លោក ព្រំ ប៊ុណ្ណ​យី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។ 
 
គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​កា​រ៉ា​តេ​ដូ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ២០១៥ នេះ មាន​ក្លិប-សមាគម​ត្រឹម៧ប៉ុណ្ណោះ តិចជាង​ឆ្នាំ២០១៤ ដែលមាន១១ក្លិប រីឯ​អត្ត​ព​លិ​ក​ចូលរួម​វិញ​មាន​ចំនួន​ត្រឹម៨៤នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន២៣នាក់ ដោយ​អ្នក​ទាំងនេះ​ត្រូវធ្វើ​ការប្រកួតប្រជែង​គ្នា នៅលើ​ប្រភេទ​វិញ្ញាសា​ទាំង​ក្របខ័ណ្ឌ​ក១ និង​ក២ មាន​វិញ្ញាសា​ប្រយុទ្ធ​ចំនួន១២ និង​សម្តែង​កាតា​ចំនួន៨ ៕ 
 

Tag:
 កា​រ៉ា​តេ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com