ជាតិ
សង្គមជាតិ
លោក សយ សុភាព វិល​ចូល​ធ្វើជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៅ​ប៉ុស្តិ៍​បាយ័ន​ឡើងវិញ
29, Sep 2015 , 4:11 pm        
រូបភាព
 
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល​ដែល​បាន​ឃ្លាតឆ្ងាយ​ចេញពី​កញ្ចក់​ទូរទស្សន៍​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ ត្រូវបាន​គេ​អនុញ្ញាតអោយ​ចូលខ្លួន​មក​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន​ជាថ្មី​ឡើងវិញ​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​ចាប់ពី​ដើមខែ​តុលា​ឆ្នាំ២០១៥ខាងមុខនេះ។


ដោយ​មិន​ភ្លេច​ថ្លែងអំណរគុណ​អគ្គនាយិកា​នៃ​ទូរទស្សន៍​បាយ័ន​ព័ត៌មាន លោក សយ សុភាព​អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល សម្តែង​សេចក្តី​រីករាយ​យ៉ាងខ្លាំង​នៅពេលដែល​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ព័ត៌មាន​អនុញ្ញាតអោយ​រូបលោក​មានឱកាស​ឡើង​ផ្សាយ​ព័ត៌មាន​ជាថ្មី​ឡើងវិញ​នៅលើ​កញ្ចក់​ទូរទស្សន៍។ «ខ្ញុំ​នឹង​បន្ត​អាជីព​របស់​តទៅទៀត​ដោយ​ឈរលើ​ជំហរ​ផ្តល់ព័ត៌មាន​គ្រប់​រសជាតិ។ ខ្ញុំ​នឹង​ផ្សាយ​ព័ត៌មាន​ទាំងអស់»។ នេះ​គឺជា​ការបញ្ជាក់​របស់លោក សយ សុភាព អ្នកកាសែត​ដែលមាន​សមានចិត្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើនជាង​ជាមួយ​គណបក្សប្រឆាំង។ តើ​លោក​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​សកម្មភាព​បក្សប្រឆាំង​ដែរឬទេ? 
 
លោក សយ សុភាព ឆ្លើយ​ប្រាប់​តាម​ទូរ​សព្ទ​មកវិញ​ថា លោក​នឹង​ផ្សាយ​ឲ្យ​គ្រប់​ជ្រុងជ្រោយ។ លោក សយ សុភាព នឹង​ចូលខ្លួន​ទៅកាន់​កម្មវិធី​ដំណឹង​ពេលព្រឹក​ចាប់ពី​ថ្ងៃទី៥ខែតុលា​ពី​ម៉ោង៦និង១០នាទី​ដល់​ម៉ោង៧ព្រឹក។ កម្មវិធី​នេះ​មាន​រយៈពេល៥ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ពោល គឺ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ។ លោក សយ សុភាព ដែលជា​បុគ្គល​ត្រូវបាន​មហាជន​ស្គាល់​ច្រើន​នោះ នឹង​បង្ហាញមុខ​នៅលើ​កញ្ចក់​ទូរទស្សន៍​បា​យ័យ​ព័ត៌មាន​ដើម្បី​ប្រជែង​ប្រជាប្រិយភាព​ជាមួយ​លោក មាស រិទ្ធី និពន្ធ​នាយក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស។ នាទី​ព័ត៌មាន​ពេលព្រឹក​របស់លោក មាស រិទ្ធី កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​ទូទាំងប្រទេស។ 
 
ក្រៅពី​លោក មាស រិទ្ធី, លោក សយ សុភាព ត្រូវ​ប្រកួតប្រជែង​ជាមួយ​អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍ CNC, CTN និង​ជាមួយ​លោក ប៉ែន បូ​ណា និពន្ធ​នាយក​ព័ត៌មាន​ទូរទស្សន៍ PNN៕ 
 

Tag:
 នយោបាយ
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com