កីឡាជាតិ
ចំនួន​អ្នកចូលរួម​ប្រកួតប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​មានការ​កើនឡើង
01, Oct 2015 , 8:19 am        
រូបភាព
ដោយ:
 
 
អ្នកចូលរួម​ការប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ មានការ​កើនឡើង ២២២នាក់ ដោយ​ឆ្នាំនេះ​មាន​អ្នកចូលរួម​ប្រណាំង ៥៧៤នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​មាន​អ្នកចូលរួម​ត្រឹមតែ ៣៥២នាក់​ប៉ុណ្ណោះ។  

 
លោក ទុយ ប៊ុន​ហឿន ប្រធានការិយាល័យ​កីឡា​ទំនើប ពន្យល់​ពី​មូល​ហេតុដែល​ធ្វើ​ឲ្យ​មានការ​កើនឡើង​នោះ​ថា ៖«ការកើនឡើង​នេះ​ដោយសារ​ខាង​សហព័ន្ធ​បានធ្វើ​សកម្មភាព​បំផុស​ព័ត៌មាន​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ច្រើន និង​ដោយសារ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​យល់ដឹង​ច្រើន​ពី​បញ្ហា​សុខភាព​នាពេល​បច្ចុប្បន្ន»។ 
 
ប្រធានការិយាល័យ​កីឡា​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា អ្នកចូលរួម​ប្រណាំង​កង់​ឆ្នាំនេះ​ភាគច្រើន​មកពី​សមាជិក​សហព័ន្ធ និង​អ្នក​ដែល​ជិះ​កង់ ដើម្បី​សុខភាព និង​អ្នក​ចូលចិត្ត​ប្រើ​កង់ ដើម្បី​ហាត់ប្រាណ។   
 
ការប្រណាំង​កង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៥ នឹង​រៀបចំឡើង​នៅ​ខេត្តកំពត ចាប់ពី​ថ្ងៃទី១ រហូតដល់​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នា​ចុង​សប្តាហ៍​នេះ ការប្រណាំង​ចែកជា២ប្រភេទ គឺ​ប្រភេទ​កង់​ដៃត្រង់ និង កង់​គួ​ក។ ប្រភេទ​កង់​គួ​ក មាន​កីឡាករ​ចូលរួម​ចំនួន១០៨នាក់​ហើយ ហើយ​ពួកគេ​នឹងត្រូវ​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ១២០គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ចំណុច​គីឡូម៉ែត្រ​លេខ២៥នៃ​ផ្លូវជាតិ​លេខ៣ និង​បញ្ចប់​នៅ​ចំណុច​រង្វង់​មូល​ខេត្តកំពត។ រីឯ​ប្រភេទ​កង់​ដៃត្រង់​វិញ ត្រូវ​ប្រណាំង​តែ​លើ​ចម្ងាយ​ផ្លូវ៤០គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ចេញដំណើរ​ត្រង់ចំណុច​មុខ​ផ្សារ​ចាស់​ខេត្តកំពត និង​បញ្ចប់​នៅត្រឹម​រង្វង់​មូល​ទី​រួម​ខេត្តកំពត។
 
ចំពោះ​ប្រាក់រង្វាន់​វិញ គឺ​ម្ចាស់​ជើងឯក​ទទួលបាន​ប្រាក់១៥ម៉ឺន​រៀល  អមដោយ​មេដាយមាស និង​ពាន ឯជើង​ឯក​រង​ទទួលបាន​ប្រាក់១០ម៉ឺន​រៀល អមដោយ​មេដាយប្រាក់ ហើយ​លេខ៣បាន៨ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធ។ ចំណែក​ចំណាត់ថ្នាក់​លេខ៤ ដល់​លេខ៨ក៏មាន​ការផ្តល់​ទឹកប្រាក់​ក្នុងម្នាក់ៗចំនួន៤ម៉ឺន​រៀល ដើម្បី​ជាការ​លើកទឹកចិត្ត​ផងដែរ ហើយ​ក្រៅពី​ប្រាក់រង្វាន់​ទាំងនេះ​ក៏មាន​ការឧបត្ថម្ភផ្សេងៗទៀតផង​ដែរ៕
 
 
 

Tag:
 ប្រណាំង​កង់
© រក្សាសិទ្ធិដោយ thmeythmey.com