កីឡាជាតិ
World Cup៖ កីឡាករ២៥រូប​ស្ថិតក្នុង​បញ្ជី​សម្រាប់​ការប្រកួត​នៅ​ទឹកដី​សឹង្ហ​បុរី
01, Oct 2015 , 8:39 am        
រូបភាព
ដោយ: រួបរួម
 សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចេញ​បញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចំនួន២៥រូប​ដែល​ត្រូវ​ចូលរួម​ប្រកួត​ជម្រុះ​ជើង​ទី​ពីរ​ក្នុង​ពូ​ល E នៃ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក ជាមួយ​ក្រុម​ជម្រើសជាតិ​សឹង្ហ​បុរី នៅ​កីឡដ្ឋាន National Stadium ប្រទេស​សឹង្ហ​បុរី នា​ល្ងាច​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ។

 
ក្នុងចំណោម​កីឡាករ​ទាំង២៥រូប មាន​សមាសភាព​មកពី​ស្វាយរៀង៧រូប (ប៉េង ប៊ុន​ឆាយ, ប្រាក់ មុន្នី​ឧ​ត្ត​ម, សឿ​យ វិសាល, នេន សុធា​រ័ត្ន, ណុប តុលា, សំអឿន ពិដោរ និង​ហូ​យ ផល្លី​ន) បឹងកេត​អង្គរ៦រូប (ឃួន ឡា​បូ​រ៉ាវី, ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ, រស់ សំអឿន, ស៊ូ យ៉ា​ទី និង​ហុង ផេង) ក្រសួងការពារជាតិ៤រូប (ឈិន ឈឿន, រឿ​ម ចាន់​រឿន, ច្រឹង ពលរដ្ឋ និង​អ៊ុំ សេរី​រ័ត្ន) ភ្នំពេញ​ក្រោ​ន៣រូប (ប៊ិន ចន្ថា​ធា​រី, សុះ ស៊ូ​ហា​ណា និង​កែវ សុខ​ផេង) ណាហ្គា​វើ​ល៣រូប (គួច សុគ​ម្ភៈ, ប្រាក់ ចាន់​រតនា និង ញឹម សុវណ្ណារ៉ា) និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ២រូប (សាយ ពិសិដ្ឋ និង​ទិ​ត ឌី​ណា) ។ 
 
ក្រៅពី​កីឡាករ មន្ត្រី៩នាក់​ផ្សេងទៀត នឹងត្រូវ​ធ្វើដំណើរ​ជាមួយ​ក្រុម​ទៅកាន់​ប្រទេស​សឹង្ហ​បុរី។ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ខៀវ សា​ម៉េ​ត ទទួលបន្ទុក​ជា​ប្រធាន​ប្រតិភូ លោក ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ទូទៅ។ ក្រុមការងារ​គ្រូបង្វឹក​ដែល​ត្រូវ​ជួយ​ដល់​ការងារ​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon រួមមាន លោក អ៊ុង កន​យ៉ា​និ​ត លោក ហោ សុខ​ហេង និង​លោក អ៊ុំ សាវង្ស ជា​ជំនួយការ លោក អ៊ិន សុខា ជា​គ្រូ​ចាំទី  រីឯ​គ្រូពេទ្យ មាន​លោក ហៃ ស័គ្គ​រី និង​លោក ខាត់ ចាន់​ហាក់។
 
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា មិនទាន់មាន​ពិន្ទុ និង​គ្រាប់​បាល់​រាប់​នោះឡើយ ក្រោយ​ឆ្លងកាត់​ការប្រកួត៤លើក​កន្លងមក។ កម្ពុជា​បាន​ចាញ់​សឹង្ហ​បុរី ៤-០ ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ និង​ចាញ់​ស៊ី​រី ៦-០ នៅក្នុង​ទឹកដី​ខ្លួនឯង ហើយ​ចាញ់​ជប៉ុន ៣-០ នៅ​កីឡដ្ឋាន Saitama Stadium របស់​ជប៉ុន៕
 

Tag:
 World Cup
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com