ពីនេះ ពីនោះ
លក្ខណៈសម្បត្តិ​អ្នកដឹកនាំ​រដ្ឋ​តាម​ទ្រឹស្ដី​ប្លា​តុង និង​ទស្សនៈ​សម័យអង្គរ
30, Sep 2015 , 8:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅក្នុង​ទ្រឹស្ដី​នយោបាយ​របស់​ទស្សនវិទូ​សម័យបុរាណ​របស់​ក្រិ​ក លោក​ប្លា​តុង បាន​និយាយថា «មេដឹកនាំ ឬ​ស្ដេច​ដែលជា​អ្នកដឹកនាំ​គ្រប់គ្រង​រដ្ឋ គឺ​ចាំបាច់​ត្រូវតែ​ជា​ទស្សនវិទូ»។ ព្រោះថា​ដើម្បី​ក្លាយជា​ទស្សនវិទូ​បាន​គឺ​បុគ្គល​នោះ​ត្រូវតែមាន​សមត្ថភាព​ស្ទើរ​គ្រប់បែបយ៉ាង ទាំង​សមត្ថភាព​នៃ​ការគិត​ពិចារណា ការគ្រប់គ្រង។ ហើយ​អ្វីដែល​សំខាន់​គឺ​នៅត្រង់ថា ទស្សនវិទូ​គឺជា​បុគ្គល​ដែល​ពោរពេញ​ទៅដោយ​សច្ចធម៌ មាន​សុ​ក្រិត​ភាព មាន​យុត្តិធម៌ ប្រកាន់​ភាពត្រឹមត្រូវ​ស្គា​ល់ពី​តម្លៃ​របស់​មនុស្សជាតិ មិនមាន​ភាព​លោភលន់ ជា​អ្នកដឹកនាំ ដែល​ធ្វើ​ឲ្យ​សង្គម​ឆ្ពោះទៅរក​សន្ដិភាព សុខ​សុភមង្គល ប្រជារាស្ត្រ​រស់នៅ​មាន​ភា​ព​កក់ក្ដៅ ក្រោម​ការគ្រប់គ្រង​នោះ។



ជាការ​ពិត នៅ​សម័យអង្គរ ខ្មែរ​មាន​ទស្សនៈ​មួយ​លើកឡើងថា «មេដឹកនាំ ចាំបាច់​ត្រូវតែមាន​ទសពិធរាជធម៌» ដែលជា​លក្ខណៈវិនិច្ឆ័យ​ទាំង១០យ៉ាង​សម្រាប់​អប់រំ​មនុស្ស បើសិនណា រូបគេ​ចង់​ក្លាយជា​មេដឹកនាំ​ក្នុង​ចក្រភព​នោះ។ ទសពិធរាជធម៌​ទាំង១០នោះ​មានដូចជា ទាន សីល បរិច្ចាគ អាជ្ជវៈ ម​ទ្ទ​វៈ តបៈ អ​ក្កោ​ធនៈ អវិហឹសា ខន្តី និង​អវិរោធនៈ ដែល​ចំណុច​ទាំងនេះ​ខ្មែរ​សម័យ​នោះ​ជឿជាក់ថា ប្រសិនបើ​មេដឹកនាំ​ណា អាច​ប្រតិបត្តិ​បាន ប្រទេស​នឹង​ទទួលបាន​នូវ​សេចក្ដីសុខ​ចម្រើន​គ្រប់ប្រការ។

ចំពោះ​សង្គម​បច្ចុប្បន្ន គេ​ស​ង្គេ​ត​ឃើញថា មេដឹកនាំ​ចាប់ពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ​មួយចំនួន មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​កាន់​ការងារ​ជា​មន្ត្រី​របស់​រដ្ឋ។ ក៏ប៉ុន្តែ​នៅមាន​មន្ត្រី​ថ្នាក់​កំពូល​មួយចំនួន រួមទាំង​មន្ដ្រី​ថ្នាក់ក្រោម​ផង គឺ​ពិតជា​មិនទាន់​បំពេញបាន​លក្ខណៈសម្បត្តិ ជា​ទស្សនវិទូ និង​ជា​មេដឹកនាំ​ដែលមាន​ទសពិធរាជធម៌​ក្នុង​ខ្លួន​នោះទេ។

ទាំង​សមត្ថភាព​ផ្នែក​បញ្ញា ស្មារតី សមត្ថភាព​ធ្វើការ​ងារ សីលធម៌ គុណធម៌ សុចរិតធម៌ គណនេយ្យភាព​ចំពោះ​ការងារ តម្លាភាព  និង​យុត្តិធម៌​ជាដើម។ ពួកគាត់​ពិតជា​មិនបាន​អនុវត្តបាន​ពេញលេញ ក្នុងនាម​ខ្លួន​ជា​អ្នកដឹកនាំ​មួយរូប ឬ​ជា​អ្នកនយោបាយ​ល្អ​មួយរូប​ឡើយ។

ចំណែក​អំពើពុករលួយ​វិញ​គឺ​កើតមាន​ជា​ប្រព័ន្ធ​រវាង​សាច់ញាតិ​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ទើរ​គ្រប់​ស្ថាប័ន។

កន្លងទៅ​គេ​ឃើញ​មានការ​វាយ​ធ្វើបាប​ប្រជាពលរដ្ឋ ទាំង​ហឹ​ង្សា និង​ប្រើ​សិទ្ធិអំណាច​ជ្រុល​ហួសហេតុ នៅពេល​ប្រជាពលរដ្ឋ​ធ្វើការ​តវា​ក្នុង​លក្ខខណ្ឌ​ណាមួយ ដែល​សកម្មភាព​ទាំងនោះ ពិតជា​ឃ្លាតឆ្ងាយ​យ៉ាងខ្លាំង​ពី​គោលការណ៍​ប្រជាធិបតេយ្យ។ ដែល​កត្តា​ទាំងនេះ​បណ្ដាល​ឲ្យ​មានការ​ស្រែកយំ​ពី​ប្រជាពលរដ្ឋ​ស្ទើ​គ្រប់​ទីកន្លែង នៅក្នុង​ប្រទេស​ដើម្បី​ទាមទារ រក​យុត្តិធម៌។

ផ្ទុយទៅវិញ ក្នុងនាម​ជា​មេដឹកនាំ​នយោបាយ​ត្រូវ​ចេះ​ធ្វើឱ្យ​មហាជន​ស្រឡាញ់​និង​ជឿទុកចិត្ត។ ត្រូវមាន​ឆន្ទៈ​នយោបាយ​មោះមុត មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ ជា​មនុស្ស​ឈ្លា​វៃ​ក្នុង​នយោបាយ ឆ្លើយតបបានភ្លាមៗចំពោះ​សភាពការណ៍ ជា​មនុស្ស​មាន​ទេពកោសល្យ ពូកែ​ខាង​វោហា និង​ជា​អ្នក​ដែលមាន​កម្មវិធី​នយោបាយ​ច្បាស់លាស់។ ស្រប​ជាមួយ​កត្តា​ទាំងនេះ​មេដឹកនាំ​ចាំបាច់​ត្រូវមាន​កត្តា​វិនិច្ឆ័យ​មួយចំនួន​ដូចជា​ចេះ​កំណត់​គោលដៅ​បានច្បាស់លាស់ ធ្វើជា​គំរូ​ល្អ​ចំពោះ​អ្នក​នៅក្រោម​បង្គាប់ ចេះ​ធ្វើឱ្យ​សកម្ម​ភាពល្អ​ប្រសើរឡើង​ជានិច្ច ត្រូវមាន​ពេលវេលា​ដើម្បី​ប្រមើលមើល​ទៅមុខ ត្រូវ​ដឹកនាំ​ដោយ​បង្ហាញ​ផ្ទាល់​មិនមែន​គ្រាន់តែ​ចង្អុល​ប្រាប់ ត្រូវ​ចេះ​វិនិច្ឆ័យ​កិច្ចការ​ដោយ​ផ្អែកលើ​លទ្ធផល ត្រូវមាន​ទំនុកចិត្ត​ចំពោះ​ខ្លួនឯង​និង​ចំពោះ​អ្នក​ដ៏​ទៃ ទទួលយក​ការទិតៀន​ពី​អ្នក​ដ៏​ទៃ​ដើម្បី​ពិចារណា គិតគូរ​ជាប្រចាំ​ចំពោះ​អនាគត​របស់​ស្ថាប័ន ត្រូវ​តាំងខ្លួន​ជា​អ្នកឈ្នះ​ដោយមាន​តម្លៃ។

សរុបមក បើសិនជា​យើង​ធ្វើការ​ប្រៀបធៀប​រវាង​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​ទៅនឹង​ទ្រឹស្ដី​របស់​ទស្សនវិទូ​ក្រិ​កលោក ប្លា​តុង និង​គំនិត​ដឹកនាំ​នគរ​ខ្មែរ​សម័យអង្គរ រួមជាមួយ​ទ្រឹស្ដី​ប្រជាធិបតេយ្យ​មួយចំនួន​ក្នុងពេល​បច្ចុប្បន្ន​ឃើញថា​មន្ត្រី​ទាំងនោះ​នៅមាន​ចំនុច​ខ្វះ​ខាត់​ច្រើន។ ហេតុនេះ​ដើម្បី​អនាគត​សង្គម​កម្ពុ​ជាមាន​ការរីក​ចម្រើន​បាន​ឆាប់រហ័ស និង​ដើរ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ  កម្ពុជា​ត្រូវតែ​ធ្វើកំណែទម្រង់​មន្ត្រី​ឱ្យបាន​ទាន់ពេលវេលា ធ្វើ​ការកែ​ផ្នត់គំនិត​អ្នកនយោបាយ​ខ្មែរ​ឱ្យបាន​ទាន់ពេលវេលា។ ព្រោះ​បញ្ហា​នេះ​វា​ពាក់ព័ន្ធ​ដល់​ល្បឿន​នៃ​ការអភិវឌ្ឍ​ជាតិ ហើយ​ម្យ៉ាងទៀត​អាចធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅក្នុង​ប្រព័ន្ធគ្រប់គ្រង​បែប​អភិជនាធិបតេយ្យ​ដែល​មានតែ​មនុស្ស​មួយក្រុម​ជា​អ្នកកំណត់​ជោគវាសនា​ប្រទេស និង​របប​អាជ្ញាសឹក ដែល​អ្នកដឹកនាំ​មាន​សិទ្ធិ​គ្រប់បែបយ៉ាង​ក្នុង​ការបញ្ជា​កងកម្លាំង​ប្រដាប់អាវុធ​ដើម្បី​ការពារ​អំណាច​ខ្លួន។

គេ​ថា​ប្រជាធិបតេយ្យ អំណាច​រាស្ត្រ​ត្រូវតែមាន​ភាពខ្លាំង​ក្លា​ជាង​អំណាច​រដ្ឋ ដើម្បី​បញ្ជា​រដ្ឋ​ឱ្យធ្វើ​កិច្ចការ​ដើម្បី​ជាតិ តែ​ធាតុពិត​កម្ពុជា​បែរជា​រដ្ឋ​មានអំណាច​គ្រប់បែបយ៉ាង​ដើម្បី​បញ្ជា​រាស្ត្រ។ តើ​រាស្ត្រ​និង​រដ្ឋ​ជា​អ្នកណា ម្ដេច​មិន​ធ្វើ​ការជួយ​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ?



Tag:
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com