ជាតិ
សង្គមជាតិ
លោក ស ខេង ព្រមាន​ជាថ្មី​ដល់​មន្ត្រី​នគរបាលជាតិ ជុំវិញ​ការប្រើប្រាស់​យានយន្ត
30, Sep 2015 , 9:59 pm        
រូបភាព
ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីណែនាំ ជាថ្មី​ម្តងទៀត​ស្តីពី​ការគ្រប់គ្រង​យានយន្ត​នគរបាលជាតិ។ សេចក្តីណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​មើលឃើញថា នៅមាន​មន្ត្រី​នគរបាលជាតិ​មួយចំនួន​តូច​បាន​ប្រើប្រាស់​យានយន្ត​នគរបាលជាតិ​ខុស​គោលដៅ ដោយបាន​អនុញាត​ឲ្យ​ជន​មិនមែន​នគរបាល​ប្រើប្រាស់​យានយន្ត​របស់ខ្លួន ឬ​ប្រើ​យានយន្ត​ធ្វើ​អាជីវកម្ម​បំរើ​ផលប្រយោជន៍​ឯកជន និង​យកទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​មួយចំនួនទៀត​ដែល​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​របស់​កងក​ម្លាំ​ង​នគរបាលជាតិ។



បើទោះបីជា​កន្លងមក  មន្ត្រីនគរបាល​បាន​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ច្បាប់ និង​បំពេញភារកិច្ច​បាន​យ៉ាង​ខ្ជាប់ខ្ជួន ក្នុងការ​ប្រើប្រាស់​យានយន្ត​នគរបាលជាតិ​ក៏ដោយ  ក៏​នៅតែមាន​មន្ត្រី​នគរបាលជាតិ​មួយចំនួន​តូច នៅតែ​ប្រើប្រាស់​យានយន្ត​នគរបាលជាតិ​ខុសច្បាប់ ឬ​យក​ប្រើប្រាស់​ដើម្បី​បំរើ​ប្រយោជន៍​ឯកជន។

សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសរសេរថា៖«នៅមាន​មន្ត្រី​នគរបាលជាតិ​មួយចំនួន​តូច​បាន​ប្រើប្រាស់​យានយន្ត​នគរបាលជាតិ ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឬ​ច្បាប់ផ្សេងៗទៀត រួមទាំង​ការអនុញាត​ឲ្យ​បុគ្គល​ដែល​មិនមែន​នគរបាល​ប្រើប្រាស់​យានយន្ត​នគរបាលជាតិ ឬ​ប្រើប្រាស់​ធ្វើ​អាជីវកម្ម​បំរើ​ផលប្រយោជន៍​ឯកជន​ជាអាទិ៍ ដែល​បាន​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​របស់​កងក​ម្លាំ​ង​នគរបាលជាតិ»។

ដូច្នេះ ដើម្បី​ធានា​អនុវត្តន៍​ស្របតាម​គោលការណ៍​ច្បាប់ និង​លុបបំបាត់​ភាព​អសកម្ម​ក្នុងការ​ប្រើប្រាស់​យានយន្ត​នគរបាលជាតិ លោក ស ខេង បានចេញ​ការណែនាំ​មួយចំនួន​ដូចជា ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ប្រើប្រាស់​ស្លាក​លេខ​នគរបាលជាតិ ត្រូវបំពេញ​កាតព្វកិច្ច​ក្នុងការ​បង់ពន្ធ​នាំចូល និង​បង់ពន្ធ​ផ្លូវ តាម​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក ស ខេង ក៏បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ត្រួតពិនិត្យ​នៅតាម​បណ្តា​អង្គភាព ឬ​តាម​ដងផ្លូវ ដើម្បី​ឃាត់​យានយន្ត ឬ​ដកហូត​បណ្ណ​សម្គាល់ ស្លាក​លេខ និង​ព្រមាន​ដល់​ម្ចាស់​យានយន្ត​នគរបាលជាតិ​ណា ដែល​អនុញាត​ឲ្យ​ជន​មិនមែន​នគរបាល​ប្រើប្រាស់ ឬ​ប្រើប្រាស់​យានយន្ត​ធ្វើ​អាជីវកម្ម​បំរើ​ផលប្រយោជន៍​ឯកជន។ ជាមួយគ្នា​នោះ ត្រូវ​ឃាត់​យានយន្ត និង​ម្ចាស់ ឬ​អ្នកបើកបរ  ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ចំពោះ​ម្ចាស់​យានយន្ត​ណា​ដែល​ប្រើប្រាស់​បណ្ណ​សម្គាល់​ខ្លួន និង​ស្លាក​លេខ​យានយន្ត​នគរបាលជាតិ​មិន​ត្រឹមត្រូវ ឬ​ក្លែងក្លាយ។

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៥កន្លងទៅ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ក៏បាន​បាន​សរសេរ​លិខិត​មួយ​ទៅកាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែរ ជុំវិញ​បញ្ហា​នេះ ដោយ​ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ បន្ត​ឃាត់​យានយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ(ខ.ម) នគរបាល(ន.ប) និង​រដ្ឋ ដើម្បី​ពិនិត្យ​ប្រមូល​ពន្ធ​ចូល​ថវិកាជាតិ។

លិខិត​របស់​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​រូបនេះ បាន​សរស​រថា រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ នគរបាល និង​រដ្ឋ​មាន​ចំនួន​ច្រើន ហើយ​ភាគច្រើន​ជា​កម្មសិទ្ធិឯកជន មិនមែនជា​របស់​រដ្ឋ ឬ​អង្គភាព​ណាមួយ​ឡើយ។  លិខិត​ដដែល​បន្តថា រថយន្តទំនើបៗពាក់​ស្លាក​លេខ ខេមរភូមិន្ទ នគរបាល និង​រដ្ឋ មួយចំនួន​គេចវេស មិន​បង់ពន្ធ​នាំចូល មិន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ដែល​នាំ​ឲ្យ​រដ្ឋ​ខាត​ថវិកា​អស់​ជាច្រើន​ក្នុងមួយឆ្នាំ។

បើតាម​លិខិត​ដដែល រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ និង​នគរបាល​ខ្លះ ត្រូវបាន​គេ​យកទៅ​ប្រើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ដូចជា​ដឹកឈើ​ប្រណិត​ខុសច្បាប់​ជាដើម និង​ខ្លះទៀត​មិន​គោរព​ច្បាប់​ចរាចរណ៍ បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​ប្រើ​អំណាច​លើ​ជនរងគ្រោះ​ថែម​ទៀតផង៕


Tag:
 ស ខេង
  យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com