ពីនេះ ពីនោះ
ជីវិត​ជោគជ័យ​មានន័យ​បែបណា?
04, Oct 2015 , 8:00 am        
រូបភាព
ដោយ:
ភ្នំពេញ៖ មនុស្ស​គ្រប់រូប​តែងតែ​សូត្រ​ពាក្យ​មួយ​ឃ្លា​ថា «ខ្ញុំ​ចង់បាន​ជីវិត​ជោគជ័យ» ជាប្រចាំ​ដែល​គេ​តែង​គិតថា​នៅពេលដែល​ជីវិត​របស់គេ​ជោគជ័យ នោះ​នាំ​ឲ្យ​ជីវិត​របស់គេ​មានន័យ។ តើ​ជីវិត​ជោគជ័យ​ពិតប្រាកដ​មានន័យ​បែបណា?


ជាការ​ពិតណាស់ មនុស្ស​ម្នាក់​មានគំនិត​មួយ មនុស្ស​ម្នាក់​មានបំណង​មាន​ទិសដៅ និង​គោលដៅ​ជីវិត​សម្រាប់​ខ្លួនឯង។ បំណងប្រាថ្នា ទិសដៅ​ជីវិត គោលដៅ​ជីវិត គឺ​សុទ្ធ​តែមានលក្ខណៈផ្សេងៗគ្នា​ទាំងអស់​ដែល​មិន​ខុស​អី​ពី​ពាក្យ​ថា « មនុស្ស​ដប់​នាក់​មានគំនិត​ដប់» នោះទេ។ នៅពេល​និយាយ​ពី​ពាក្យ​ថា«ជីវិត​ជោគជ័យ» នេះ​ផង​នោះ វារឹតតែ​មាន​ភាពខុស​ប្លែក​ពីគ្នា​ស្ទើ​តែ​ទាំងស្រុង។ 
 
មនុស្ស​មួយចំនួន​យល់ថា​ភាពជោគជ័យ​ក្នុង​ជីវិត​របស់គេ គឺ​នៅពេល​គេ​មាន​ការងារ​ធ្វើបាន​ប្រាក់ខែ​ខ្ពស់ ពេលនោះ​ហើយ​ដែល​គេ​ចាត់​ទុ​ថា​ជីវិត​របស់គេ​ទទួលបាន​ជោគជ័យ។ មនុស្ស​ខ្លះទៀត​តែ​ស្រមៃ​ថា នៅពេលដែល​ខ្លួន​មាន​លុយ មានទ្រព្យ​សម្បត្តិ​ច្រើន ពេលនោះ​ហើយ​ដែល​ជីវិត​របស់គេ​ទទួលបាន​ជោគជ័យ។ រីឯ​ជន​ខ្លះ​គិតថា លុយ ឡាន វីឡា ជា​កត្តា​កំណត់ថា​ជា​ពេលវេលា​មួយ​ដែល​ជីវិត​របស់គេ​មាន​អ្វី​គ្រប់​យ៉ាងនោះ​ហើយ​ជា​ជីវិត​ជោគជ័យ​របស់ខ្លួន។ ចំណែក​បុគ្គល​មួយចំនួន​ផ្សេងទៀត​គិតថា អ្វីៗមិន​សំខាន់ តែ​សំខាន់​គឺ​សុភមង្គល​គ្រួសារ កាលណា​គេ​រស់​នៅមាន​សុភមង្គល​នៅក្នុង​គ្រួសារ​ហើយ​ពេលនោះ​ហើយ​ដែល​ជីវិត​របស់គេ​ទទួលបាន​ភាពជោគជ័យ។ តែមាន​មនុស្ស​មួយចំនួនទៀត​គិតថា មួយជីវិត​របស់គេ​គឺ​ត្រូវ​រៀនសូត្រ​ឲ្យ​បាន​ខ្ពង់ខ្ពស់ នៅពេលដែល​ខ្លួន​បានសម្រេច​បំណង​នេះហើយ​ពេលនោះ​ហើយ​ដែល​ជីវិត​របស់គេ​ជោគជ័យ។ 
 
ព្រោះតែ​កត្តា​ទាំងនេះហើយ ដែល​បណ្ដាល​ឲ្យ​យើង​សម្លឹង​ឃើញថា​មនុស្ស​បានធ្វើ​សកម្មភាព​ក្នុងសង្គម​គ្រប់បែបយ៉ាង​ដើម្បី​រក​ឲ្យ​ឃើញ​ភាពជោគជ័យ​ក្នុង​ជីវិត​របស់ខ្លួន។ អ្នក​ទាំងនោះ ព្យាយាម​រៀនសូត្រ ធ្វើ​ការងារ កសាង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ទូទៅ​នៅក្នុង​សង្គម ដើម្បី​ឆ្ពោះទៅរក​អ្វីដែល​គេ​ចង់បាន។ ក៏ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​មិនបាន​រីករាយ​ជាមួយ​អ្វីដែល​ទទួលបាន​ពីអ្វី​ដែល​ខ្លួន​ខិតខំ​ប្រឹងប្រែង​ទៅវិញ។ ទាំងនេះ​សរ​បង្ហាញ​ឲ្យ​ឃើញថា អ្វីដែល​ពួកគេ​ចង់បាន​នោះ​មិនមែនជា​ជោគជ័យ​ពិត​នៃ​ជីវិត​របស់​ពួកគេ​ទេ។ វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ក្ដី​បំណង​ដែល​គេ​ចង់បាន​នៅក្នុង​ឆាកជីវិត​របស់គេ​តែប៉ុណ្ណោះ។ លុយ ឡាន វិឡា មុខនាទី  និង​អ្វីដែល​គេ​ចង់បាន​នោះ​វា​គឺជា​វត្ថុ​វិស័យ​ភាព​មួយ​ដែល ក្នុង​បំណង​របស់​ពួកគេ​គិត​ទៅដល់ និង​ចង់បាន​ដើម្បី​មក​បំពេញតម្រូវការ​ជីវិត​របស់ខ្លួន។ តែ​វា​ក៏​មិនមែនជា​ភាពជោគជ័យ​ពេញលេញ​នោះដែរ។
 
ជារួម​គេ​អាច​ទាញ​ចេញ​ជា​សេចក្ដីសន្និដ្ឋាន​មួយ​បាន ភាពមានបាន​លើសលប់​នូវ​អ្វី​ទាំងអស់​ខាងលើនេះ​មិនអាច​និយាយបានថា​ធ្វើ​ឲ្យ​ជីវិត​ជោគជ័យ​បានទេ។ តែ​ជីវិត​ជោគជ័យ គឺជា​ជីវិត​មួយ​ដែលមាន​ទ្រព្យសម្បត្តិ​មធ្យម​អាច​ផ្គត់​ផ្គង​ជីវភាព​បាន​គ្រប់គ្រាន់ មានចំណេះដឹង ចេះ​គិត​បាន​វែងឆ្ងាយ​ទោះបី​មិនមែនជា​ចំណេះដឹង​ផុត​លេខ​ក៏ដោយ រស់នៅក្នុង​ក្របខណ្ឌ​កិត្តិយស កសាងបាន​ជីវិត​គ្រួសារ​មួយ​ដែល​ពោរពេញ​ដោយ​សុភមង្គល និង​ការរក​អ្វីផ្សេងៗមក​បំពេញតម្រូវការ​ដែល​ខ្លួន​ចង់បាន។ ហើយ​រាល់​អ្វីដែល​ទទួលបាន​ទាំងនោះ​គឺ​សុទ្ធតែ​ទទួលបាន​តាមរយៈ​មាគ៌ា​សុចរិត ទៀងត្រង់ ត្រឹមត្រូវ និង​សេចក្ដីថ្លៃថ្នូរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com