កីឡាអន្តរជាតិ
អន្តរជាតិ
១០ប្រកួត​ដែល​នាំ​ឲ្យ​លោក Brendan Rodgers ខ្ទាត​ចេញពី​ហង្ស​ក្រហម
05, Oct 2015 , 5:47 pm        
រូបភាព
សារព័ត៌មាន Telegraph បានធ្វើការ​កត់សម្គាល់​បរាជ័យ​នៃ​ការប្រកួត​ចំនួន១០លើក​របស់​ហង្ស​ក្រហម Liverpool ដែល​នាំ​ឲ្យ​លោក Brendan Rodgers របូត​តំណែង​ជា​អ្នកចាត់ការ​ទូទៅ ក្រោយ​ដឹកនាំ​ក្លិប​អស់​រយៈពេល​ជាង៣ឆ្នាំ។ សម្ពាធ​មួយចំនួន​ដែល​លោក Rodgers បាន​ជួប​នោះ គឺ​ការបរាជ័យ​ក្នុងការ​ដឹកនាំ​ឲ្យ Liverpool មិនបានទទួលពាន​ណាមួយសោះ​នា​រយៈពេល​បី​រដូវ​កាល​ចុងក្រោយ ជាពិសេស​ការចាញ់​ក្លិប​ដែល​មិនសូវ​ល្បីឈ្មោះ​នៅ​តំបន់​អឺរ៉ុប។



បរាជ័យ១០លើក​របស់ Liverpool ដែល​គួរ​ឲ្យ​កត់សម្គាល់​រួមមាន៖

១-កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ Liverpool បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ Real Madrid ៣-០ ក្នុងផ្ទះ​របស់ខ្លួន​ក្នុង​ក្របខណ្ឌ Champions League ដែលជា​ការប្រកួត​ដំបូង​សម្រាប់​ហង្ស​ក្រហម​បន្ទាប់ពី​ខកខាន​អស់​រយៈពេល​ជាច្រើន​រដូវ​កាល​មកហើយ​នោះ។


២-ចាញ់ Crystal Palace ៣-១ កាលពី​ទី២៣ វិច្ឆិកា ២០១៤ ដែល​ធ្វើ​ឲ្យ Liverpool ធ្លាក់​ដល់​លេខ១២ ក្នុង​តារាង​ចំណាត់ថ្នាក់ English Premier League ។


៣-ស្មើ​ជាមួយ​ម្ខា​ស់​ជើងឯក​លី​ក​នៃ​ប្រទេស​ប៊ុលហ្គារី Ludogorets ២-២ ក្នុង​ក្របខណ្ឌ Champions League វគ្គ​ជម្រុះ​តាម​ពូ​ល កាលពី​ថ្ងៃ២៦ វិច្ឆិកា ២០១៤។


៤- ចាញ់​ក្រុម​បិសាច​ក្រហម Man Utd ៣-០ កាលពី​ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៤ នា​ទឹកដី Old Trafford ដោយ​តាម​ពីក្រោយ Man Utd ដល់​ទៅ១០ពិន្ទុ។


៥-ចាញ់ Aston Villa ២-១ កាលពី​ថ្ងៃទី១៩ មេសា ២០១៥ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន FA Cup ដែល​កាលនោះ លោក Rodgers មិនបាន​ដាក់​វិ​រៈ​បុរស​របស់​ហង្ស​ក្រហម កីឡាករ Steven Gerrard អោយចូល​លេង​នោះទេ។


៦-ចាញ់ Crystal Palace ម្តងទៀត ក្នុង​លទ្ធផល ៣-១ នា​ថ្ងៃទី ១៦ ឧសភា ២០១៥ ដែលជា​ការប្រកួត​សំខាន់​របស់ Liverpool ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ៤ជាមួយនឹង Man Utd ក្នុង​ក្របខណ្ឌ English Premier League។


៧-ចាញ់ Stoke City ៦-១ កាលពី​ថ្ងៃ ២៤ មេសា ឆ្នាំ២០១៥ ដែលជា​ការប្រកួត​ដ៏អាម៉ាស់​បំផុត​សម្រាប់​ហង្ស​ក្រហម នា​ការប្រកួត​ចុងក្រោយ​រដូវ​កាល២០១៤/២០១៥ ក្នុង​ក្របខណ្ឌ  Premier League ។


៨-ចាញ់ West Ham ៣-០ ក្នុង​ដី​ខ្លួនឯង​កាលពី​ថ្ងៃ២៩ សីហា ២០១៥ បន្ទាប់​ធ្វើបាន​ល្អ​នា​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី Premier League ដោយ​ឈ្នះ២ស្មើ១មុន​ប៉ះ  West Hamនេះ។


៩-ស្មើ​ជាមួយ Norwich ១-១ ក្នុង​ដី​ខ្លួនឯង កាលពី​ថ្ងៃទី ២០ កញ្ញា ២០១៥ បើទោះជា​មាន​វត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Daniel Sturridge ជា​លើកដំបូង​ក្នុង​រដូវ​កាល​ថ្មី​នេះ​ក៏ដោយ។


១០-ស្មើ​ជាមួយ​ក្រុម​នៅ​លំដាប់​ទី២(League Two) របស់​អង់គ្លេស​Carlisle ១-១ ក្នុង​ដី​ខ្លួនឯង​ទៀត​ក្នុងកា​ប្រកួត​ពាន Capital One នា​ថ្ងៃទី ២៣ កញ្ញា ២០១៥ ដែល​ធ្វើ​ឲ្យ​កៅអី​អ្នកចាត់ការ​ទូទៅ​លោក Rodgers រិត​តែ​រង្គោះរង្គើ​ខ្លាំង។


គួរ​បញ្ចា​ក់ថា លោក Rodgers ត្រូវបាន​បញ្ឈប់​ពី​តំណែង​អ្នកចាត់ការ​ទូទៅ​ក្រោយ​ប្រកួត​បាន​ត្រឹម​ស្មើ ១-១ ជាមួយ Everton កាលពី​រាត្រី​ថ្ងៃអាទិត្យ ដែល​មានន័យថា​ក្នុង ៨ប្រកួត​ហង្ស​ក្រហម​រកបាន​តែ១២ពិន្ទុ​ប៉ុណ្ណោះ​ឈរ​នៅ​លំដាប់​ទី១០ក្នុង​តារាង​ក្របខណ្ឌ English Premier League។

សម្រាប់​បេក្ខភាព​អ្នកចាត់ការ​ថ្មី​ដើម្បី​ជំនួស អ្នកចាត់ការ​ចាស់​សញ្ជាតិ​អៀរ​ឡង់​ខាងជើង វ័យ៤៣ឆ្នាំ ដែល​បាន​ចាកចេញ​នេះ​មាន អតីត​គ្រូបង្វឹក​​ក្រុម Dortmund លោក Jurgen Klopp ដែល​អាចជា​ជម្រើស​ដំបូង និង​បន្តបន្ទាប់​មានដូចជា អតីត​គ្រូបង្វឹក Chelsea និង Real Madrid លោ​ល Carlo Ancelotti, លោក Frank de Boer អ្នកចាត់ការ​ក្លិប Ajax, លោក Walter Mazzarri អតីត​អ្នកចាត់ការ Inter Milan, លោក Jurgen Klinsmann អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អាមេរិក។


Tag:
 EPL
© រក្សាសិទ្ធិដោយ thmeythmey.com