ពីនេះ ពីនោះ
ចំណុច៥ប្រការ​ដែល​កូនប្រុស​ស្រី​ត្រូវ​គិត​ដើម្បី​សេចក្ដីសុខ​ឪពុកម្ដាយ
17, Dec 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ព្រះ​រស់​គឺជា​ឈ្មោះ​ឪពុកម្ដាយ ដែល​មនុស្ស​ទូទៅ​បានដឹង បានឮ​តាមរយៈ​បទ​ចម្រៀង គម្ពី ឯកសារ និង​ការផ្ដល់​ទេសនា​ពី​ព្រះសង្ឃ​ជាដើម។ ហើយ​នៅក្នុង​ទ្រឹស្ដី​ព្រះពុទ្ធសាសនា គឺ​តែងតែ​ប្រៀនប្រដៅ​ឲ្យ​កូនប្រុស​ស្រី​ទាំងឡាយ ត្រូវ​សងគុណ​លោក​ទាំង​ទ្វេ ដើម្បី​ជាការ​តបស្នង ចំពោះ​ការលះបង់​របស់លោក​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​បុត្រ​ធីតា​ទាំងឡាយ​តាំងពី​តូចក្រូចឆ្មា​មក​នោះ។ មានកូន​មួយចំនួន​បាន​សង់គុណ​លោកតា​មរយៈ​ការផ្ដល់​ជា​ទ្រព្យសម្បត្តិ ថវិការ និង​ការ​មើលថែ​ជាដើម។ តែ​ពេលខ្លះ​ការធ្វើ​បែបនេះ​គឺ​មិនអាច​ផ្ដល់​សេចក្ដីសុខ​ផ្លូវចិត្ត​ជូន​លោក​ទាំង​ពីរបាន​ទាំងស្រុង​នោះទេ។



ខាងក្រោម​នេះ​ជា​កត្ដា​មួយចំនួន​ដែល​កូនប្រុស​ស្រី​ត្រូវ​គិតពី​សេចក្ដីសុខ​ពិត​របស់​លោកឪពុក​អ្នក​ម្ដាយ៖

១/. សេចក្ដីសុខ​ទី១ គឺ​ចង់ឃើញ​កូនប្រុស​ស្រី​របស់លោក​មាន​សុខភាព​ល្អ៖ អារម្មណ៍​របស់លោក​ឪពុក​អ្នក​ម្ដាយ គឺ​នៅជាប់​ជាមួយកូនៗជានិច្ច នៅ​ពេលឮ ឬ​ដឹងថាកូនៗរបស់លោក​មាន​ជំងឺ ក្នុង​ចិត្ត​របស់លោក​គឺមាន​ការព្រួយបារម្ភ​ខ្លាំង​ជាង​នៅពេល​ខ្លួន​របស់លោក​ឈឺ​ទៅទៀត។

២/. សេចក្ដីសុខ​ទី២ គឺ​ចង់ឃើញកូនៗចេះ​ស្រឡាញ់​បងប្អូន និង​រស់នៅ​យ៉ាង​សុខសាន្ត​ជាមួយ​បងប្អូន៖ គ្មាន​ឪពុកម្ដាយ​ឯណា​ចង់ឃើញកូនៗទាំងឡាយ​របស់លោក​ឈ្លោះប្រកែក ទាស់ទែង​គ្នា​នោះទេ។ ព្រោះ​សេចក្ដីស្រឡាញ់​របស់លោក​ចំពោះកូនៗមានស្មើៗគ្នា គ្មាន​អ្នកណា​លើស​អ្នកណា​ឡើយ។

៣/. សេចក្ដីសុខ​ទី៣ គឺ​ចង់ឃើញកូនៗទាំងឡាយ​របស់លោក​រៀ​ន​សូត្រ​បាន​ខ្ពង់ខ្ពស់ មានចំណេះដឹង​ជ្រៅជ្រះ៖ ពេល​ឃើញកូនៗមានចំណេះដឹង សួរថា​ឪពុកម្ដាយ​ឯណា​ដែល​មិន​សប្បាយចិត្ត មិន​រីករាយ មិនមាន​ភាព​មោទនភាព​ចំពោះ​ការតស៊ូ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​កូន។

៤/. សេចក្ដីសុខ​ទី៤ គឺ​ចង់ឃើញកូនៗមានការ​ងារ​ល្អ​នៅក្នុង​សង្គម មាន​តួនាទី​ល្អ​នៅក្នុង​សង្គម មាន​ការងារ​ដែលមាន​កិត្តិយស​ចំពោះកូនៗខ្លួនឯង គ្រួសារ​និង​សង្គមជាតិ។

៥/. សេចក្ដីសុខ​ទី៥ គឺ​ចង់ឃើញកូនៗមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​នៅក្នុង​សង្គម មានកេរ្តិ៍ឈ្មោះ​ល្អ​នៅក្នុង​សង្គម មិន​បង្ករ​ឲ្យ​មាន​បញ្ហា​ដល់​សង្គម​ដែល​នាំ​ឲ្យ​លំបាក​ដល់​លោក ដល់​ចិត្ត​របស់លោក។

ហេតុនេះ​សេចក្ដីសុខ​ពិត​របស់​ឪពុកម្ដាយ ពេលខ្លះ​មិនអាច​កើតមានឡើង​ដោយ គ្រាន់តែកូនៗយកលុយ យក​ទ្រព្យសម្បត្តិ ឬ​បង្ហាញ​សកម្មភាព​ចំពោះមុខ​លោក ធ្វើ​ដូច​គោរព ស្រឡាញ់​ចំពោះ​លោក​នោះទេ។ ប៉ុន្តែ​សេចក្ដីសុខ​របស់លោក​គឺ​ផ្ដើមចេញពី​ទង្វើរ​ចេញពី​បេះដូង​របស់កូនៗ ដែល​ព្យាយាម​ធ្វើខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ល្អ មនុស្ស​មានតម្លៃ មាន​កិត្តិយស​ជូន​ដល់​គ្រួសារ និង​សង្គមជាតិ។ ហើយ​មាតាបិតា​មួយចំនួនធំ មិនដែល​មានបំណង​ចង់បាន​អ្វី​ពីកូនៗវិញ​នោះទេ គឺ​សុំ​ត្រឹមតែ​ឃើញកូនៗរបស់លោក​មាន​សេចក្ដីសុខ មានចំណេះដឹង មាន​ការងារ​សមរម្យ ចេះ​ស្រឡាញ់​បងប្អូន មាន​ទំនាក់ទំនង​ល្អ​ចំពោះ​មនុស្ស​ទូទៅ​នេះហើយ​ជា​សេចក្ដីសុខ​របស់លោក៕ 


© រក្សាសិទ្ធិដោយ thmeythmey.com