ជាតិ
​​​ន​យោ​បាយ​ជាតិ​
មនុស្ស៥ប្រភេទ ដែល​អាចធ្វើ​ឲ្យ​បក្សនយោបាយ​មួយ​រឹងមាំ!
15, Oct 2015 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
មាន​ពាក្យ​មួយ​ឃ្លា​ដែល​អ្នក​យុទ្ធសាស្ត្រ​ក្នុង​បក្សនយោបាយ​បាន​និយាយថា « បង្កើត​បក្សនយោបាយ​មួយ​គឺមាន​ភាពងាយស្រួល តែ​ចិញ្ចឹម​បក្ស​មួយ​ឱ្យ​រស់​ជា​រឿង​ដែល​លំបាក» ឬមួយ​ឃ្លា​ទៀត​បាន​និយាយថា « បង្កើត​បក្ស​មិន​ពិបាក​ទេ តែ​ធ្វើឱ្យ​បក្ស​រឹងមាំ និង​ឈរជើង​ប្រកួតប្រជែង​បានយូរ​អង្វែង​គឺជា​រឿង​ដែល​មិន​សាមញ្ញ»


ជាទូទៅ​យើង​អាច​ស​ង្គេ​ត​ឃើញថា​នៅក្នុង​ជីវិត​នយោបាយ ជាពិសេស​នៅក្នុង​ការគ្រប់គ្រង​និង​ដឹកនាំ​បក្សនយោបាយ​ឱ្យមាន​ភាពរឹងមាំ និង​អាច​ប្រកួតប្រជែង​បាន​ពេញមុខ​ពេញមាត់​ជាមួយ​បក្ស​ដទៃ​បាន គណៈបក្សនយោបាយ​នោះ​ត្រូវតែមាន​ធនធានមនុស្ស​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ មាន​ធនធានសេដ្ឋកិច្ច​គ្រប់គ្រាន់​ដើម្បី​ផ្គត់​ផ្គង​និង​ចិញ្ចឹមជីវិត​បក្ស។ បើ​ក្នុង​បក្សនយោបាយ​មួយ​មាន​សុទ្ធតែ​មនុស្ស​សាមញ្ញ យុវជន​ធម្មតា ប្រជារាស្ត្រ​ធម្មតា ដែល​ស្រឡាញ់​ចូលចិត្ត​នយោបាយ​ហើយ​ចងសម្ព័ន្ធ​គ្នា​ដើម្បី​បង្កើត​បក្សនយោបាយ​អាយុជីវិត​គណៈបក្សនយោបាយ​នោះ នឹង​មិនអាច​ស្គាល់​ពន្លឺ​ជ័យជម្នះ​បានទេ កុំថាឡើយ​ទៅកាន់​ការងារ​ស្រុកទេស សូម្បីតែ​ការគ្រប់គ្រង​ក្នុង​បក្ស​ក៏​មិនអាច​ក្លាយជា​បក្ស​ដែល​ខ្លាំង ដែល​រឹងមាំ​បានដែរ។
ហេតុនេះ​ដើម្បីឱ្យ​បក្សនយោបាយ​មួយ​ក្លាយជា​បក្ស​មួយ​ខ្លាំង​បាន​គឺ​ចាំបាច់​ត្រូវមាន​ក្រុមមនុស្ស៥ប្រភេទ​ដូចខាងក្រោម៖
 
ទី១. អ្នកមាន​ជំនាញ​ក្នុងការ​ដឹកនាំៈ បក្ស​មួយ​ខ្លាំង​គឺមាន​ក្រុម​មេដឹកនាំ​ដែលមាន​សិល្បៈ​ល្អ​ក្នុង​ការដឹកនាំ។ បក្ស​មួយ​រឹងមាំ​គឺ​កើតចេញពី​មេដឹកនាំ​ដែល​ចេះ​បែងចែក​ការងារ គ្រប់គ្រង បង្គាប់បញ្ជារ​ឈរលើ​គោលការណ៍​ត្រឹមត្រូវ បែងចែក​ការងារ​ដោយស្មោះ​ត្រង់ លើ​មន្ត្រី​ប្រកបដោយ​ប្រសិទ្ធិភាព ដែល​មន្ត្រី​នានា​មិនអាច​បដិសេធ​ចំពោះ​កិច្ចការ​ទាំងនោះ ហើយ​សុខចិត្ត​បំពេញការងារ​ដោយ​អស់ពី​ចិត្ត ដោយ​មិនមាន​ការប្រឆាំង​ជំទាស់។ ក្រុម​មេដឹកនាំ​ខ្លាំង​គឺអាច​ធ្វើឱ្យ​មន្ត្រីក្រោមឱវាទ​មាន​ភាព​សាមគ្គី​គ្នា មិន​បែកបាក់​គ្នា រួមដៃគ្នា​ធ្វើ​កិច្ចការ​លើ​ទិសដៅ​ដូចគ្នា។ ហើយ​បុគ្គល​ទាំងអស់នេះ​គឺ​ត្រូវតែ​ជា​បុគ្គល​ដែលមាន​ចំនុចខ្លាំង​ដាច់ខាត​ណាមួយ​ដែល​សមាជិក​បក្ស​ទាំងមូល​មិនមាន​ដូច​ខ្លួន។ 
 
ទី២.ក្រុមមនុស្ស​មាន​សមត្ថ​ភាព​ពិ​តៈ ក្រុមមនុស្ស​ប្រភេទ​នេះ​គឺ​សម្ដៅលើ​អ្នក​ដែលមាន​ជំនាញ​ច្បាស់ លាស់​នៅក្នុង​បក្ស ដែល​អ្នក​ទាំងនេះ​គឺ​ប្រភេទ​ជា​បញ្ញវន្ត​បុគ្គល ជា​អ្នកសិក្សា​បាន​ជ្រៅ មាន​កម្រិតវប្បធម៌​ខ្ពង់ខ្ពស់​ដើម្បី​មកកាន់​ការងារ​បច្ចេក​ទេស​ក្នុង​បក្ស​ទៅតាម​ប្រភេទ​តួនាទី ជំនាញ និង​ភារកិច្ច​ដែល​ត្រូវធ្វើ។ ឧទាហរណ៍ អ្នកជំនាញ​ផ្នែក​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ទំនាក់ទំនង​ការបរទេស សេដ្ឋកិច្ច ជំនាញ​សិក្សា​ស្រាវជ្រាវ ភូមិសាស្ត្រ​ជាដើម។ល។ 
 
ទី៣. ក្រុម​អ្នក​យុទ្ធសាស្ត្រ៖ ការធ្វើ​នយោបាយ​គ្មាន​យុទ្ធសាស្ត្រ​ប្រៀប​ដូច​មនុស្ស​ពិការភ្នែក​ដើរ​លើ​មាគ៌ា​មួយ​ដោយ​គ្មាន​ព្រំដែន។ យុទ្ធសាស្ត្រ​ជា​ចំនុច​ចាញ់ឈ្នះ​របស់​អ្នកនយោបាយ យុទ្ធសាស្ត្រ​ជា​វិថី​ដើម្បី​ទៅរក​ចំនុច​ឈ្នះ​របស់​បក្ស យុទ្ធសាស្ត្រ​ជា​ពន្លឺ​មួយ​ដែល​បង្ហាញ​ពី​ទីបំផុត​នៃ​ជីវិត​នយោបាយ​របស់​ប​ក្ស​មួយ​ជាដើម។ ហេតុនេះ​ក្រុម​អ្នក​យុទ្ធសាស្ត្រ​ចាំបាច់​ត្រូវតែមាន​នៅក្នុង​បក្ស បើ​បក្ស​មួយ​គ្មាន​អ្នក​យុទ្ធសាស្ត្រ​ទេ បក្ស​នោះ​បង្កើត​មក​គ្រាន់តែ​កំដរ​បក្ស​ដទៃ​តែប៉ុណ្ណោះ ឬ​គ្រាន់តែ​ជា​កម្ទេចធូលី​ដែល​គេ​អាច​ផ្លុំ​ចោល​ថ្ងៃ​ណា​ក៏បាន។ ក្រុម​នេះ​មាន​កិច្ចការ​ពីរ​ដែល​ត្រូវធ្វើ​ជាសំខាន់ ទីមួយ​គឺជា​អ្នករៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​បក្ស​ខ្លួន ឬ​សមាជិក​បក្ស​ខ្លួន​ក្នុង​ការធ្វើ​នយោបាយ ទី​ពីរ​គឺជា​អ្នកតាមដាន​និង​សិក្សា​អ​ង្គេ​ត​ពី​យុទ្ធសាស្ត្រ​បក្ស​ជា​គូប្រកួត។
 
ទី៤.  ក្រុម​សូ​ហ្វី​ស​វិទូ( អ្នក​ពូកែ​វោហារ)៖ មាន​មេដឹកនាំ​ល្អ​មិន​ប្រាកដថា​ពូកែ​ខាង​ផ្នែក​វោហារ អ្នកមាន​ជំនាញ​បច្ចេកទេស​មិន​ប្រាកដថា​ពូកែ​ភាសារ​នយោបាយ ចំណែក​អ្នក​យុទ្ធសាស្ត្រ​រឹតតែ​គេ​មិន​បញ្ចេញ​មុខ​ទៅទៀត ហេតុនេះ​បក្ស​មួយ​គឺ​ទាមទារ​ឱ្យមាន​ក្រុមមនុស្ស​ដែលមាន​សមត្ថភាព​ខាង​ការបកស្រាយ ពន្យល់ ណែនាំ និង​ការបកស្រាយ​គោលនយោបាយ​របស់​បក្ស​ទៅ​ប្រជាពលរដ្ឋ ទូទៅ មិន​ថា​កសិករ ពាណិជ្ជករ បណ្ឌិត​បញ្ញវន្ត មន្ត្រីរាជការ ព្រមជាមួយ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ ដោយ​ធ្វើឱ្យ​អ្នក​ទាំងនោះ​អាច​យល់ស្រប​ជាមួយ​អ្វីដែល​គាត់​បានលើកឡើង។ មិនមែន​មនុស្ស​ប្រភេទ​នេះ​ពូកែ​តែ​ខាង​និយាយ​នោះទេ តែ​ជា​ប្រភេទ​បុគ្គល​ដែលមាន​ឯកទេស​ខាង​ការស្រាវជ្រាវ​ខាង​សិ​ល្បះ​វោហារសាស្ត្រ សិ​ល្បះ​ពិភាក្សា​វែកញែក និង​សិ​ល្បះ​គូសបញ្ជាក់​អោយបាន​ច្បាស់លាស់។ 
 
ទី៥. អ្នកមាន​ឥទ្ធិពល​ឬ​ក្រុមមនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដុ​ម៖ ប្រសិនបើ​បក្សនយោបាយ​ណាមួយ​ដែល​គ្មាន​ការចូលរួម​ពី​បុគ្គល​ដែលមាន​ឥទ្ធិពល​នៅក្នុង​តំបន់ ឬក៏​ក្រុម​អ្នកមាន​ធនធានសេដ្ឋកិច្ច​ខ្ពស់​ចូលរួម​ទេ បក្ស​នោះ​គឺ​មិនអាច​រក្សា​អាយុជីវិត​របស់ខ្លួន​បានយូ​អង្វែង​បានទេ ព្រោះ​គ្មាន​ការធ្វើ​សង្គ្រាម​ណាមួយ​មិនត្រូវ​ការ​ស្បៀង និង​អាវុធ​នោះទេ។ មានន័យថា​ក្នុង​បក្សនយោបាយ​មួយ​គឺ​ត្រូវការ​ថវិការ​ដើម្បី​ឃោសនា ចុះ​ជួប​ប្រជាជន ទិញ​សម្ភារៈប្រើប្រាស់​សម្រាប់​ឃោសនា​គ្រប់​ប្រភេទ ជាពិសេស​ត្រូវការ​ថវិកា​រ​ក្នុង​ការរៀបចំ​កម្មវិធី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ម្ចាស់​ប្រទេស។
 
ក្រុមមនុស្ស​ទាំង​ប្រាំ​ប្រភេទ​នេះ​គឺ​ពិត​ជាមាន​ទំនាក់ទំនង​គ្នា​ដោយ​មិនអាច​កាត់ផ្ដាច​ចេញពី​គ្នា​បានទេ។ នៅក្នុង​បក្ស​មួយ​មិនអាច​ខ្វះ​ក្រុម​ណាមួយ​ជា​ដាច់​ខាត់ ហើយក៏​មិនមែន​មានន័យថា​ពួកគេ​មាន​ជំនាញ​តែមួយ​នោះដែរ។ ពេលខ្លះ​ក្រុម​មេដឹកនាំ​ក៏​ជា​ក្រុម​អ្នក​យុទ្ធសាស្ត្រ ជា​អ្នក​ពូកែ​ខាង​វោហា​សាស្ត្រ ក្រុម​អ្នក​យុទ្ធសាស្ត្រ​ក៏​ជា​អ្នកមាន​ឥទ្ធិពល​មានទ្រព្យ​សម្បត្តិ ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ​ក៏​ជា​អ្នកមាន​កម្រិត​ចេះដឹង​បាន​ខ្ពង់ខ្ពស់ មាន​ជំនាញ​ច្បាស់លាស់​ផងដែរ។ ករណី​មួយទៀត បើ​និយាយ​ពី​ភាពល្អ​របស់​បក្ស​ថា​ជា​អ្នកនយោបាយ​ជួយ​ជាតិ ឬ​បំផ្លាញ​ជាតិ​គឺ​អាស្រ័យ​លើ​បុគ្គល​អ្នកនយោបាយ​នោះ​ផ្ទាល់​ថា​ជា​បុគ្គល​ដែល​ធ្វើ​នយោបាយ​ដើម្បី​ជួយ​ជាតិ ឬ​ធ្វើ​នយោបាយ​ដើម្បី​បម្រើ​ប្រយោជន៍​ខ្លួន ឬ​ក្រុម​ខ្លួ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com