កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ម្នាក់​ព្យាយាម​យក​ស្រា​របស់​ដៃគូ​ឧបត្ថម្ភ​ចេញ​ពីមុខ​ខ្លួន​នា​សន្និសីទកាសែត
18, Oct 2015 , 10:40 pm        
រូបភាព
ដោយ: ធីតា
បញ្ហា​រវាង​សាសនា និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី ឬ​ម្ចាស់​លុយ​ដ៏​ធំ​ក្នុង​វិស័យ​កីឡា​បាន​លេច​ជា​រូបរាង​ឡើង​នៅក្នុង​ក្របខណ្ឌ La Ligaរបស់​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក។ នា​សន្និសីទ​សារព័ត៌មាន មួយ ខ្សែការពារ​អាល្លឺម៉ង់ ShkaodranMustafiនៃ​ក្លិប Valencia បាន​ព្យាយាម​ទាញ​ដប​ស្រា​ចេញ​ពីមុខ​របស់ខ្លួន ប៉ុន្តែ​មិនអាច​ធ្វើទៅ​រួច ដោយសារតែ​ស្រា​នោះ ជា​ដៃគូ​ឧបត្ថម្ភ​ដ៏​ធំ​របស់​ក្លិប។

 
ខ្សែការពារ Mustafiដែលជា​សមាជិក​ជើងឯក FIFA World Cup ឆ្នាំ២០១៤ ផងដែរ​នោះ ត្រូវបាន​គេ​មើលឃើញថា ជា​អ្នក​កាន់សាសនា​ឥស្លាម​ដ៏​ខ្ជាប់ខ្ជួន​ម្នាក់ ដូច្នេះ គេ​មិន​រីករាយ​ឡើង​នៅពេល​ឃើញ​គ្រឿង​ស្រវឹង​នៅមុខ​របស់ខ្លួន។
 
នៅពេល​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន Mustafiបាន​ព្យាយាម​ដក​ដប​ស្រា Estrellaដែលជា​ដៃគូ​ឧបត្ថម្ភ​ដ៏​ធំ​ចេញ​ពីមុខ​របស់ខ្លួន ប៉ុន្តែ​មន្ត្រី​បាន​ទាញ​យកទៅដាក់​វិញ។ ដោយសារតែ​ជាការ​តម្រូវ​របស់​ក្លិប កីឡាករ Mustafiមិនមាន​យោបល់​អ្វី​ឡើយ ហើយ​គេ​គ្រាន់តែ​សម្តែង​កាយវិការ​ហួសចិត្ត​ប៉ុណ្ណោះ។
 
យោងតាម​របាយការណ៍​ដែល​ដកស្រង់​ដោយ Business Insider គេ​បានលឺ​កីឡាករ Mustafiរអ៊ូ​រទាំង​ថា៖ «ខ្ញុំ​មិន​ចង់ឃើញ​ដប​ស្រា​នេះ នៅមុខ​ខ្ញុំ​នោះឡើយ»៕
សូម​ទស្សនា​ឃ្លី​ប​វីដេអូ ដូចខាងក្រោម៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com