កីឡាជាតិ
កីឡាករ​ថៃ Watcharalek បង្ហាញ​ចរិត​មិន​ប្រក្រតី​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ
19, Oct 2015 , 12:15 pm        
រូបភាព
ដោយ:
 
កីឡាករ​ថៃ Watcharalek បាន​ដោះ​ហ្ក​ង់​ដៃ​រួច​ដើរ​ចេញពី​សង្វៀន​អំឡុងពេល​ប្រកួត ដោយសារ​មិន​ពេញចិត្ត​នឹង​ការព្រមាន​របស់លោក​អាជ្ញាកណ្តាល នៅក្នុង​ជំនួប​ជាមួយ​កីឡាករ បឺត ខាំ ក្នុង​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បៅ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ ។

 
នៅក្នុង​ជំនួប​រវាង​កីឡាករ​ថៃ Watcharalek និង​កីឡាករ បឺត ខាំ កាល​យប់មិញ​បាន​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង រហូត​ធ្វើឱ្យ​ទស្សនិកជន​គប់​ដប​ទឹក​សុទ្ធ​ទៅលើ​កីឡាករ ថៃ ដោយសារ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់គេ ដែល​ដើរ​ចេញពី​សង្វៀន ក្នុងកំឡុងពេល​ការប្រកួត។ 
 
ក្នុងការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​តាំងពី​ទឹក​ទី១ ដល់​ទឹក៣ កីឡាករ​ទាំងពីរ បាន​វាយ​សម្រុក​យ៉ាងខ្លាំង និង​ប្តូរ​កណ្តាប់ដៃ កែង ជង្គង់​ដាក់គ្នា​ទៅវិញទៅមក។  រហូតដល់​ទឹក​ទី៤ កីឡាករ ថៃ ហាក់ដូចជា​មានការ​ច្រឡោត​បន្តិច ដោយសារ​ត្រូវ​កីឡាករ បឺត ខាំ ម៉ាត់ និង​ប្រើ​កែង​ចំ​ផ្ទៃមុខពេញៗនៅលើ​ខ្លួន។ នៅ​ពាក់កណ្តាល​ទឹក​ទី៤ កីឡាករ ថៃ ត្រូវបាន​អាជ្ញាកណ្តាល​ព្រមាន​ដោយសារ​បោក​កីឡាករ បឺត ខាំ ឱ្យ​ដួល​ដោយ​ការ​ប៉ែង​ជើង​ខុស​បច្ចេកទេស ខណៈនោះ​កីឡាករ ថៃ រូបនេះ​បាន​ដោះ​ហ្ក​ង់​រួច​ដើរ​ចេញពី​សង្វៀន​ប្រកួត ខណៈ​ពេលនោះ​ទស្សនិកជន​បាននាំគ្នា​គប់​ដប​ទឹក​សុទ្ធ​ទៅលើ​កីឡាករ ថៃ រូបនេះ បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅលើ​សង្វៀន។  

បន្ទាប់ពី​មានការ​ឃាត់ និង​សម្រុះសម្រួល ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត កីឡាករ Watcharalek បាន​ដើរចូល​សង្វៀន​រួច​ប្រកួត​ធម្មតា​វិញ ប៉ុន្តែ​សម្រាប់​ប្រកួត​លើក​នេះ​កីឡាករ ថៃ រូបនេះ​មានការ​ច្រឡោត​ខ្លាំង​ទៅលើ​កីឡាករ កម្ពុជា។ ចំណែក​កីឡាករ កម្ពុជា វិញ ហាក់ដូចជា​មិន​ញញើត​នឹង​ការ​ច្រឡោត​នោះឡើយ ថែមទាំង​ធ្វើ​កាយវិការ​ដឺ​ដង​ដាក់​កីឡាករ ថៃ រូបនេះ​ទៀតផង។ បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល ៥ទឹក ជា​លទ្ធផល​អាជ្ញាកណ្តាល​បានសម្រេច​ឱ្យ កីឡាករ បឺត ខាំ ឈ្នះ​លើ​កីឡាករ ថៃ Watcharalek ដោយ​ពិន្ទុ។  
 
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com