កីឡាជាតិ
ជាតិ
ស្វាយរៀង​បាត់បង់​ឱកាស​ប្រជែង​ពាន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥
19, Oct 2015 , 2:16 pm        
រូបភាព
លោក សំ វ៉ាន់ដេត គ្រូបង្វឹក​ក្លិប​ស្វាយរៀង
លោក សំ វ៉ាន់ដេត គ្រូបង្វឹក​ក្លិប​ស្វាយរៀង
ដោយ: រួបរួម
បរាជ័យ​ដ៏មិន​នឹកស្មាន​ដល់​របស់​ស្វាយរៀង​នា​ជំនួប​ជាមួយ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត កាលពី​ថ្ងៃ​សៅរ៍​នៅ​ពហុ​កីឡដ្ឋាន​ជាតិ បាន​នាំ​ឲ្យ​ម្ចាស់​ជើងឯក​ឆ្នាំ២០១៣មួយ​នេះ បាត់បង់​ឱកាស​ជា​ផ្លូវការ​ក្នុងការ​ប្រជែង​យកពាន​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ ។ ស្វាយរៀង​បាន​នាំមុខ ៤-២ នៅ​តង់​ទីមួយ ប៉ុន្តែ​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត បាន​វាយបក​វិញ​ដើម្បី​នាំ​ជ័យជម្នះ​យ៉ាង​ប្រកៀក​ក្នុង​លទ្ធផល ៦-៥ ។

 
ក្នុងការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ស្វាយរៀង​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់។ ថៃ ផល្លា បាន​នាំ​បៀ​ល​ប្រាយ​នាំមុខ​មុន នៅក្នុង​នាទី ទី១០ ប៉ុន្តែ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Dzama Bata រក​គ្រាប់​បាល់​វាយបក​បាន​ពីរ​គ្រាប់​ជា​បន្តបន្ទាប់ភ្លាមៗ មុនពេល​កីឡាករ​រ្វាន់​ដា Atuhaire Kipson បន្ថែម​បាន២គ្រាប់​ទៀត​សម្រាប់​ស្វាយរៀង។ រីឯ​គ្រាប់​បាល់​ទី​ពីរ​នៅក្នុង​តង់​ទីមួយ​របស់​បៀ​ល​ប្រាយ សម្រេចបាន​ដោយ ប្រធាន​ក្រុម រ៉ឹង ប៊ុន​ហៀ​ង។
 
ឈានចូល​ដល់​តង់​ទី​ពីរ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Rasheed Omokafe បាន​ក្លាយជា​កម្លាំង​ស្នូល​របស់​បៀ​ល​ប្រាយ ដោយ​រូបគេ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន២គ្រាប់ ខណៈ​ថៃ ផល្លា និង​រ៉ឹង ប៊ុន​ហៀ​ង បន្ថែម​ម្នាក់​មួយគ្រា​ប់​ទៀត។ សុខ សំណាង វាយបក​តាម​ពីក្រោយ​លួង​ចិត្ត​សម្រាប់​ស្វាយរៀង ដែល​នាំ​ឲ្យ​បៀ​ល​ប្រាយ​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៦-៥  ។
 
បរាជ័យ​នេះ បាន​នាំ​ឲ្យ​ស្វាយរៀង​ដែល​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក សំ វ៉ាន់​ដេ​ត ខក​ឱកាស​ក្នុង​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយមាន​ត្រឹមតែ៣៥ពិន្ទុ​ប៉ុណ្ណោះ ជាមួយនឹង​ការប្រកួត​មួយ​លើក​ដែល​នៅ​សេសសល់។
 
ស្រប​ពេលដែល​ក្រុម​ទាំងអស់​នៅសល់តែ​ការប្រកួត​មួយលើកទៀត​នោះ បឹងកេត​អង្គរ​មិនទាន់​ទទួលបាន​តំណែង​ជា​ផ្លូវការ​ក្នុងនាម​ជា​ក្រុម​ចំណាត់ថ្នាក់​ទីមួយ​នោះឡើយ ដោយសារតែ​ភ្នំពេញ​ក្រោ​ន​ដេញតាម​យ៉ាង​ប្រកៀក។ កាលពី​ចុង​សប្តាហ៍​កន្លងមក​ផងដែរ បឹងកេត​បាន​យកឈ្នះ​វេ​ស្ទើ​ន ៥-២ ដើម្បី​រក្សា​ការនាំ​មុខ​ភ្នំពេញ​ក្រោ​ន ដែល​បាន​បំបាក់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ២-១ ។ ក្រុម​ទាំងពីរ​ត្រូវ​ប៉ះគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ប្រជែង​យក​កៅអី​វគ្គ​ជម្រុះ Mekong Toyota Cup នៅ​ប្រទេស​ឡាវ។ 
 
សម្រាប់​ចំណាត់ថ្នាក់​លេខ៣ និង​លេខ៤ ក្រុម​ចំនួន៤មាន​ពិន្ទុ​ប្រទាញប្រទង់​គ្នា ដោយ​ណាហ្គា​វើ​ល​ដែល​បានឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ២-១ ឈរ​លេខ៣បណ្តោះអាសន្ន ខណៈ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈរ​នៅ​ទីតាំង​លេខ៤ ក្រោយ​ឈ្នះ​ស៊ីម៉ាក់ ២-១ ដូចគ្នា។
 
ក្រសួងការពារជាតិ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែលមាន៣៥ពិន្ទុ​ដូចគ្នា នៅតែ​មានឱកាស​ប្រជែង​ជាមួយ​ណាហ្គា​វើ​ល និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ។ កាលពី​ចុង​សប្តាហ៍​កន្លងមក​ផងដែរ ក្រសួងការពារជាតិ​បាន​យកឈ្នះ អាស៊ី​អឺរ៉ុប ៤-២ ស្រប​ពេលដែល​នគរបាល​ជាតិ​ខកចិត្ត​ដោយ​ចាញ់​ភ្នំពេញ​ក្រោ​ន ២-១ ។
 
ស្វាយរៀង និង​បៀ​ល​ប្រាយ ស្ថិតនៅ​ចំ​កណ្តាល​តារាង​ដោយ​ឃ្លាតឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់ ប៉ុន្តែ​គ្មាន​ឱកាស​ទៅ​ប្រកួត​វគ្គ​ខ្វែង ។ អាស៊ី​អឺរ៉ុប ស៊ីម៉ាក់ និង​វេ​ស្ទើ​ន ត្រូវធ្វើ​ឲ្យ​បានល្អរៀងៗខ្លួន​សម្រាប់​ការប្រកួត​ចុងក្រោយ ខណៈ​គិរីវង់​សុខ​សែន​ជ័យ ទំនងជា​ពិបាក​រួចផុត​ណាស់៕
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com