ជាតិ
ប្រធាន JCI Cambodia អាណត្តិ​ថ្មី លើកទឹកចិត្ត​យុវជន​ឲ្យ​ចូលរួម​ការងារ​សង្គម​ច្រើន
20, Oct 2015 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សន្និបាត​ថ្នាក់ជាតិ  និង​រាត្រី​វប្បធម៌ របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ប្រចាំឆ្នាំ២០១៥ (JCI Cambodia National Convention  2015) បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅឯ​សណ្ឋាគារ​សុខា​ភ្នំពេញ និង​រ៉េស៊ីដង់ ក្រោម​ការរៀបចំ​របស់​សភា​យុវ​ពាណិជ្ជករ​កម្ពុជា (Junior Chamber International រឺ JCI Cambodia) ។ សន្និបាត​នេះ​បាន​ប្រមូលផ្តុំ​សមាជិក សមាជិកា និង​យុវជន​ស្ម័គ្រចិត្ត​នៃ JCI Cambodia ភ្ញៀវកិត្តិយស​ទាំងឡាយ ព្រមទាំង​តំណាង ក្រុមហ៊ុន អាជីវកម្ម និង​ផ្តល់​សេវាកម្ម​ជាង ២០០នាក់។

 
គោលបំណង​ចម្បង​នៃ​ពិធី​សន្និបាត​ថ្នាក់ជាតិ​នេះ​គឺ ទី១ប្រកាស​របាយការណ៍ និង​សមិទ្ធិផល សម្រេច​ប្រចាំឆ្នាំ ទី២ការបោះឆ្នោត និង​ប្រគល់​ពានរង្វាន់​ដល់​សមាជិក​ឆ្នើម រីឯ​ទី៣ គឺ​ពង្រឹង ការយល់ដឹង​ពី​ផលិតផល ឬ​សេវាកម្ម​ដែល​តំនាង​ស្ថាប័ននីមួយៗ មានបំណង​ចង់បង្ហាញ ដល់​អ្នក ចូលរួម​ដទៃទៀត ឱ្យបាន​ជ្រាប​បន្ថែម ពីលើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ។ មិនតែប៉ុណ្ណោះ​ភ្ញៀវ កិត្តិយស​ដែលមាន​វត្ត​មាននៅ​ទីនោះ ក៏បាន​ស្វែងយល់​កាន់តែច្បាស់​ពី​ទស្សនៈវិស័យ​របស់ JCI Cambodia ហើយក៏​ឆ្លៀតឱកាស​នេះ ពង្រីក​នូវ​ចំណងមិត្តភាព​រវាង គ្នា​នឹង​គ្នា​ផងដែរ។
 
ជា​លទ្ធផល មាន​គម្រោង៦ដែល​ទទួលបាន​ពាន​ប្រចាំ​ឆ្នាំនេះ​គឺ គម្រោង Bags to School និង «Breakfast Talk» ដោយ JCI Phnom Penh, គម្រោង«តោះ​នាំគ្នា​ដាំ​ដើមឈើ ក្រុងកែប» និង «វេទិកា​ប្រកួតប្រជែង វោហា​ស័ព្ទ​សាធារណៈ និង​តស៊ូ​មតិ» ដោយ JCI Chaktomuk, កម្មវិធី«រង្វាន់​យុវ​សហគ្រិន​កម្ពុជា» និង​គម្រោង«សាងសង់​សាលារៀន» ដោយ JCI Mekong។ ជ័យលាភី ទាំងនេះ ត្រូវ​បានប្រគល់​ដោយផ្ទាល់ ដោយ​ប្រធាន​JCI Cambodia ឆ្នាំ២០១៥ គឺ​លោក គួច ផេង។  ចំណែក​ក្រុមប្រឹក្សាភិបាល​ថ្មី ដែល​ជាប់ឆ្នោត​សម្រាប់​តំណែង ក្នុង​ឆ្នាំ២០១៦ រួមមាន សមាសភាព​ដូចខាងក្រោម៖
 
- លោក ប៉ិច បូ​ឡែ​ន ប្រធាន
- លោកស្រី ជា សុ​ផល្លា អនុប្រធាន​ប្រតិបត្តិ
- អ្នកនាង ដែក ដា​រី អនុប្រធាន
- លោកស្រី យូ បូរី អនុប្រធាន
 
ក្នុងនាម​ជា​អ្នក​បន្តវេន​ដឹកនាំ​អាណត្តិ​ថ្មី ប្រធាន JCI Cambodia ថ្នាក់ជាតិ​ប្រចាំឆ្នាំ២០១៦ លោក ប៉ិច បូ​ឡែ​ន ជា​អគ្គនាយក នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Westline Education Group  និង​ក្រុមហ៊ុន​ជាច្រើន​ទៀត បាន​សម្តែង​ចំណាប់អារម្មណ៍​យ៉ាង​ដូច្នេះ​ថា៖«ក្នុងនាម​ខ្ញុំបាទ​ជា​ប្រធាន​ជាប់ឆ្នោត សម្រាប់​ឆ្នាំ​ថ្មី ២០១៦ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ ដល់​សមាជិក សមាជិកា​ទាំងអស់ ដែល​ផ្តល់​ការគាំទ្រ​ពេញទំហឹង​ដល់​បេក្ខភាព​ខ្ញុំបាទ។ ខ្ញុំបាទ សង្កេតឃើញថា​យុវជន​កម្ពុជា​កាន់តែ​មាន​ទឹកចិត្ត​ចូលរួម​ការងារ​សង្គមច្រើនឡើង។ ក្នុង​អណ​ត្តិ របស់​ខ្ញុំបាទ ខ្ញុំបាទ​នឹង​ជម្រុញ ក៏ដូចជា​បណ្តាល​ទឹកចិត្ត​ដល់​យុវជន​ទាំងនោះ ឱ្យ​ចាត់​សកម្មភាព វិជ្ជមាន កាន់តែ​ប្រសើរឡើង។ បេសកកម្ម​ស្នូល ឆ្នាំ២០១៦របស់ខ្ញុំ​បាទ​គឺជា​ឆ្នាំ​នៃ​ការ​បង្រួម ជំនក់​ចិត្ត ដើម្បី​បន្ត​មរតក​នៃ​ឥទ្ធិពល​វិជ្ជមាន»។
 
កម្មវិធី​អបអរ​សមាសភាព ក្រុមប្រឹក្សាភិបាល​ថ្មី​ហៅថា«រាត្រី​វប្បធម៌» ប្រព្រឹត្ត​ទៅដោយ​មានការ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ដោយ​កំណត់​យក​ឈុត​ប្រពៃណី​ខ្មែរ​សម្រាប់​កម្មវិធី។ លើសពីនេះ ភ្ញៀវ​ទាំងអស់ បាន​រាំ​ជា​ចង្វាក់​ម៉ា​ឌី​ស៊ន​ជុំគ្នា​ចំនួន១០០នាក់ ដើម្បី​អបអរ​ខួប​ទី១០០ឆ្នាំ គឺ​ឆ្នាំនេះ របស់ JCI ពិភពលោក​ផងដែរ។ 
 
សូមបញ្ជាក់​ផងដែរ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា គឺជា​អង្គការ​អន្តរជាតិ មិន​រកប្រាក់ ចំណេញ​មាន​សមាជិក​ជាង១២០ប្រទេស ដែល​ប្រមូលផ្តុំ​ដោយ​ពាណិជ្ជករ​វ័យក្មេង អាយុ​ក្រោម ៤០ឆ្នាំ​ជាច្រើនរូប ដែល​កំពុង​ស្ម័គ្រចិត្ត​ចូលរួម​អនុវត្ត​គម្រោង​ជាច្រើន ក្នុងការ​អភិវឌ្ឍ​សង្គម​ដើម្បី ការផ្លាស់ប្តូរ​ជា​វិជ្ជមាន។ សមាគម​មួយ​នេះ​ក៏មាន​គម្រោង​ជាច្រើន ដើម្បី​ផ្តោតលើ​ចំណុច​ស្នូល​ទាំង ៤គឺ ការអភិវឌ្ឍ​សហគមន៍ ការបង្កើត​ឱកាស​ពាណិជ្ជកម្ម ការអភិវឌ្ឍ​សមត្ថភាព​បុគ្គល និង ទំនាក់ទំនង​អន្តរជាតិ៕
 

Tag:
 JCI Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com