កីឡាជាតិ
ជាតិ
អ្នក​ប្រដាល់​ជិត៥៥០នាក់ ចូលរួម​ប្រកួតប្រជែង​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ
20, Oct 2015 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នក​ប្រដាល់​ចំនួន ៥៤៥នាក់ ក្នុងនោះ​កីឡាការិនី​ចំនួន៨នាក់ មកពី ១៨ រាជធានី-ខេត្ត បាន​ចួ​ល​រួម​ប្រកួត​កីឡាប្រដាល់​ក្បាច់បុរាណ​ខ្មែរ និង​សាកល​ជ្រើសរើស​ជើងឯក​ជាតិ ប្រចាំឆ្នាំ២០១៥ ដែល​ចាប់ផ្តើម​កាលពី​រសៀល​ថ្ងៃទី១៩ ខែតុលា ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី២៨ ខែតុលា​ខាងមុខនេះនៅពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។

 
សម្រាប់​ការប្រកួត​ប្រដាល់​ក្បាច់បុរាណ​ខ្មែរ មាន​កីឡាករ​ចូលរួម​ចំនួន៣១៦នាក់ ឯ​ប្រដាល់​សាកល​មាន​កីឡាករ២២១នាក់ នៅក្នុង​ការប្រកួត​បែង​ចែកជា ២ ក្របខ័ណ្ឌ ក១ និង​ក២ ទៅតាម​ប្រភេទ​វិញ្ញាសា។ ចំណែក​កីឡាការិនី​ទាំង៨នាក់​នោះ ត្រូវ​ប្រកួត​លើ​ជំនាញ​ប្រដាល់​សាកល លើ​ប្រភេទ​ទម្ងន់​តែមួយ​ប៉ុណ្ណោះ។ ហើយ​សម្រាប់​កីឡាករ កីឡា​ការ​នី​ដែល​ចូលរួម​ប្រកួត ត្រូវមាន​អាយុ​មិន​ក្រោម១៦ឆ្នាំ និង​មិន​លើស៣០ឆ្នាំ។
 
«គ្រូបង្វឹក និង​មន្ត្រី​ដឹកនាំ​ទាំងអស់ ត្រូវធ្វើ​ការណែនាំ​កីឡាករ​របស់ខ្លួន​ឲ្យ​គោរព​វិន័យ​ទាំង​មុនពេល​ប្រកួត និង​ក្នុងពេល​ប្រកួត ដើម្បី​ធ្វើ​ឲ្យ​ការប្រកួត​ដំណើរការ​ទៅបាន​ល្អ សម្រាប់​ការហូបចុក និង​ស្នាក់នៅ​ត្រូវ​ប្រកបដោយ​អនាម័យ​ត្រឹមត្រូវ ហើយ​នៅក្នុង​អំឡុង​ពេល​ប្រកួត​នេះ​ខ្ញុំ​នឹងដាក់​ពេទ្យ​ឲ្យ​ប្រចាំការ២៤ម៉ោង​ក្នុង​ទីស្នាក់ការ​សហព័ន្ធ»។ នេះ​បើ​យោងតាម លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា។ 
 
ថ្នាក់​ដឹកនាំ​​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ និង​កីឡា  បើក​កិច្ចប្រជុំ​គណៈកម្មការ​បច្ចេកទេស កាលពី​ថ្ងៃអាទិត្យ ទី១៨ ខែតុលា ដើម្បី​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​បច្ចេកទេស​ទាំងអស់ ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ការប្រកួត​ឆ្នាំនេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com