ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការ​គំរាមថា​ផ្ទុះ​សង្គ្រាម​របស់លោក ហ៊ុន សែន ធ្វើ​ឲ្យ​អ្នកវិនិយោគ មិន​មករក​ស៊ី​នៅ​កម្ពុជា
21, Oct 2015 , 4:38 pm        
រូបភាព
 
ការលើកឡើង​របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​នឹងមាន​សង្គ្រាម​កើតឡើង ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត មិន​ត្រឹមតែ​បំភ័យ​សតិអារម្មណ៍​រប​ស់​ប្រជាពលរដ្ឋ​ទេ តែ​ថែមទាំង​ជាការ​គំរាម​ដល់​ពួក​អ្នកជំនួញ​បរទេស​ទៀតផង។ នេះ​ជាការ​អះអាង​របស់លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីស្នាក់ការ​បក្ស​របស់ខ្លួន កាលពី​ថ្ងៃទី២០ ខែតុលា ម្សិលមិញ។


 
ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន លោក សួន សេរី​រដ្ឋា ប្រមុខ​គណបក្ស​អំណាច​ខ្មែរ បាន​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន ថា ការលើកឡើង​តែ​ពី​បញ្ហា​សង្គ្រាម​មក​បំភ័យ​សតិអារម្មណ៍​ប្រជាពលរដ្ឋ គឺជា​ការប្រមាថ​ដល់​អាយុជីវិត​ប្រទេសជាតិ​របស់ខ្លួន និង​អាច​បញ្ឈប់​អ្នកវិនិយោគ​បរទេស ឲ្យ​ឈប់​មករក​ស៊ី​នៅ​កម្ពុជា​ផងដែរ។ ប្រធាន​បក្ស​ថ្មី​រូបនេះសង្កត់ធ្ងន់ៗថា៖ «ពួក​អ្នកវិនិយោគទុន​បរទេស ឬ​អ្នកជំនួញ​សុចរិត​ទាំងឡាយ នឹងមិន​មករក​ស៊ី​នៅក្នុង​ប្រទេស​ខ្មែរ​ឡើង ប្រសិនបើ​អ្នកដឹកនាំ​គំរាម​តែ​ពី​រឿង​សង្គ្រាម​ដូច្នេះ»។
 
លោក សួន សេរី​រដ្ឋា បន្តទៀតថា ការដែល​មិនមាន​អ្នកជំនួញ​បរទេស​ចូលមក​រកស៊ី​នៅ​ស្រុក​ខ្មែរ គឺជា​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល ហើយ​ថែមទាំង ចាត់ទុក​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​បែប​ឈ្មួញ​សង្គ្រាម​ទៀតផង។ លោក​បញ្ជាក់​បែបនេះ​ថា៖«អ្នកដឹកនាំ​ជា​ឈ្មួញ​សង្គ្រាម មិនចេះ​អ្វី​ក្រៅពី​សង្គ្រាម​ទេ ព្រោះ​មានតែ​សង្គ្រាម​ប៉ុណ្ណោះ ទើប​អាច​ការពារ​អំណាច​របស់ខ្លួន​បាន»។
ស្តាប់​សំឡេង​លោក សួន សេរី​រដ្ឋា 

 
 
កន្លងមក ក្រុមអ្នកវិភាគ និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយចំនួន​បាន​រិះគន់​ចំពោះ សារ​នយោបាយ​របស់លោក ហ៊ុន សែន ដែល​តែងតែ​គំរាម​ម្តង​ហើយ​ម្តងទៀត​ពី​ការផ្ទុះ       សង្គ្រាម​នេះ។ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ លោក​ហ៊ុន សែន បាន ប្រកាស​សាជាថ្មី​ថា សង្គ្រាម​ត្រូវតែ​កើតឡើង​ពិតប្រាកដ​មែន​ប្រសិនបើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការបោះឆ្នោត៕
 

Tag:
 សួន សេរី​រដ្ឋា
  បក្ស​អំណាច​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com