ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​ថា លោក ហ៊ុន សែន រក​លេស​ប្រើ​អំពើហិង្សា​បង្កើត​អ​ធម្មនុញ្ញ ដើម្បី​បញ្ចៀស​ការបោះឆ្នោត
27, Oct 2015 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រៅពី​ចាត់ទុក​អំពើហិង្សា កាលពី​ម្សិលមិញ​ថា ជាការ​ឆ្លើយតប​ពី​សំណាក់​បក្ស​កាន់អំណាច ​ទៅនឹង​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​បារាំង​ប្រឆាំង​លោក ហ៊ុន សែន​។ លោក សម រង្ស៊ី បាន​ចោទ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ហាក់ដូច​មានបំណង​ចង់រក​លេស​បង្កើត​រឿង​អ​ធម្មនុញ្ញ ដើម្បី​គេចវេស​ពី​ការបោះឆ្នោត​។​

 
​ប្រតិកម្ម​តប​នឹង​បាតុកម្ម ដែល​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​របស់ខ្លួន​កាលពី​ម្សិលមិញ លោក​ប្រមុខ​បក្សប្រឆាំង បានចាត់ទុក​សកម្ម​ស​ភាព​នេះ​ជា​អំពើ​របស់​គណបក្ស​កាន់អំណាច​​។ ពី​ប្រទេស​បារាំង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក សម រង្ស៊ី បាន​ចោទ​លោក ហ៊ុន សែន ថា «ហាក់ដូចជា​ចង់រក​លេស​ប្រើ​អំពើហិង្សា​កាន់តែច្រើន ដើម្បី​បង្កើត​ព្រឹ​ត្ត​ការណ៍​អវិជ្ជមាន​និង​អ​ធម្មនុញ្ញ ក្នុង​គោលបំណង​ចៀសវាង​ការបោះឆ្នោត​ខាងមុខ» ​។ « បំណង​បែបនេះ​ឃើញ​កាន់តែច្បាស់ តាំងពី​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​អាច​ជឿ​ទុកចិត្តបាន ពីព្រោះ​បើ​មានការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ គណបក្ស​របស់លោក ហ៊ុន សែន មិនអាច​ឈ្នះឆ្នោត​បានទេ នៅ​ឆ្នាំ ២០១៧ (​បោះឆ្នោត​ឃុំ​-​សង្កាត់​) និង ឆ្នាំ ២០១៨ (​បោះឆ្នោតជាតិ​)»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សម រង្ស៊ី​។​
 
​បន្ថែម​ពីលើ​នេះ លោក សម រង្ស៊ី ក៏បាន​បញ្ជាក់​យ៉ាងនេះ​ថា​៖«​ដូច្នេះ ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ទៅមុខទៀត លោក ហ៊ុន សែន កំពុង​ប្រើ​វិធី ស្រដៀង​ពួក ហ្វា​ស៊ី​ស្ត (fascist) នៅ​ប្រទេស​អ៊ីតាលី ដែល​ចូលចិត្ត​ប្រើ​អំពើ​ហិ​ង្សា ទៅលើ​អ្នកតំណាងរាស្ត្រ​និង​អ្នក​ដទៃទៀត ពី​ឆ្នាំ ១៩២២ ដល់​ឆ្នាំ ១៩៤៥» ។​
 

Tag:
 សម រង្ស៊ី​
  ​ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com