ជាតិ
សម្ព័ន្ធភាពកម្ពុជា-កូរ៉េខាងជើងនៅតែប្រសើរ ទោះកម្ពុជា​ស្និ​ទ្ធកូរ៉េខាងត្បូង
01, Nov 2015 , 2:40 pm        
រូបភាព
រូបភាព៖ Globalpost
រូបភាព៖ Globalpost
កម្ពុជា​ជា​សម្ព័ន្ធមិត្ត​ចំណាស់​ជាងគេមួយ​របស់​កូរ៉េខាងជើង​ក្នុងចំណោម​រដ្ឋនៅ​តំបន់​អាស៊ីអាគ្នេយ៍។ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​រហូតមកទល់​បច្ចុប្បន្ន។ ប៉ុន្តែ​ការបន្ត​កើនឡើង​នៃ​កិច្ចប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​និង​កូរ៉េខាងត្បូង អាចនឹងធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​ចាស់​កាន់តែ​ឃ្លាតឆ្ងាយ​គ្នាក៏ថាបាន។



កម្ពុជា​ចាប់ផ្តើម​ចង​ស្ពាន​ការទូត​ជាមួយ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ចន្លោះ​ឆ្នាំ១៩៦៥ ក្រោយ​សម្តេច​នរោត្តម​សីហនុ ស្គាល់​លោក គីម អ៊ី​ល​ស៊ុ​ង ប្រមុខរដ្ឋ​កូរ៉េខាងជើង ក្នុងឱកាស​កិច្ចប្រជុំ​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ។ ការ​ស្គាល់គ្នា​នេះ​ផ្តើមចេញពី​ជួយ​ណែនាំ​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ស៊ូ កា​ណូ​ផងដែរ។

តាំងពី​ពេលនោះ​មក​មិត្តភាព​រវាង​ប្រទេស និង​មេដឹកនាំ​ទាំងពីរ​កាន់តែ​ប្រសើរឡើង​រហូត​កា្ល​យ​ជា​សម្ព័ន្ធមិត្ត។ កាលនោះ​ដែរ សម្តេចព្រះ​បរម​រតន​កោដ្ឋ​ធ្លាប់​សន្យា​ជាមួយ​លោក គីម អ៊ី​ល​ស៊ុ​ង ដែលជា​ជីតា​លោក គីម ជុង​អ៊ុន​ថា ដរាបណា​ទ្រង់​នៅមាន​ព្រះជន្ម កម្ពុជា​នឹងមិន​ទទួលស្គាល់​កូរ៉េខាងត្បូង​ឡើយ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៧០ ក្រោយ​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​សីហនុ របប​គាំទ្រ​ដោយ​អាមេរិក លន់ ណុល បានចាប់ផ្តើម​ប្រកាស​ទទួលស្គាល់​កូរ៉េខាងត្បូង តែ៥ឆ្នាំ​ក្រោយមក​ទំនាក់ទំនង​នេះ​ក៏ត្រូវ​កាត់ផ្តាច់​ម្តងទៀត​ដោយសារ​របប​ខ្មែរក្រហម​ដណ្តើមបាន​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​សម្តេច​សីហនុ នៅតែ​អាច​រក្សា​ចំណងមិត្តភាព​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​បានល្អ ចន្លោះ​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩១ ដោយ​ទ្រង់​ឧស្សាហ៍​យាង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​ដោយ​ទ្រង់មាន​ព្រះ​រាជ្យ​ដំណាក់​ដែល​សង់​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ទីនោះ​ស្រាប់។

បើតាម​សៀវភៅ​ដែល​និពន្ធ​ដោយ​ជនជាតិ​អាមេរិក​ដែលមាន​ចំណងជើង​ថា « Three Days in the Hermit Kingdom» សម្តេច​សីហនុ ទ្រង់​គង់នៅ​ព្រះ​រាជ្យ​ដំណាក់​នៅ​កូរ៉េខាងជើង​យ៉ាងហោចណាស់២ខែ​ក្នុង​មួយឆ្នាំ។ យ៉ាងណា​ក៏ដោយចុះ ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ហាក់​មាន​ភាព​ប្រែប្រួល​ខ្លាំង​ក្រោយ​ការស្លាប់​របស់លោក គីម អ៊ី​ល​ស៊ុ​ង ក្នុង​ឆ្នាំ ១៩៩៤ និង​ការដាក់រាជ្យ​របស់​សម្តេច​សីហនុ​ក្នុង​ឆ្នាំ ២០០៤ ។ ហើយ​ក្នុង​ឆ្នាំ១៩៩៧ រដ្ឋាភិបាល​កម្ពុជា​ស្ថិតក្រោម​ការដឹកនាំ​លោក ហ៊ុនសែន បានសម្រេច​ស្តារ​ចំណង​ការទូត​ជាមួយ​កូរ៉េខាងត្បូង ខណៈ​ព្រះបាទ​សម្តេច​នរោត្តម សីហនុ យាង​ចេញទៅ​ក្រៅប្រទេស។ ហើយ​ដូចដែល​ឃើញស្រាប់ កម្ពុជា​ស្និទ្ធ​កូរ៉េខាងត្បូង​ខ្លាំង​នៅពេល​បច្ចុប្បន្ន ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌ អាចធ្វើ​ឲ្យ​ទំនាក់ទំនង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​និង​ក្រុង​ព្យុងយ៉ាង​កាន់តែ​រសាយ។

ទោះបីជា​បច្ចុប្បន្ន​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​កូរ៉េខាងជើង​មិន​ស្អិត​ដូច​មុន​មែន តែ​អ្នកជំនាញនៅតែយល់​ឃើញថា ចំណងមិត្តភាព​រដ្ឋ​ទាំងពីរ​នៅ​រឹងមាំ​និង​ល្អប្រសើរ។ សាស្ត្រាចារ្យ​នៃ​ដេ​ប៉ា​តឺ​ម៉​ង​សិក្សា​កូរ៉េខាងជើង​នៃ​សកល​វិទ្យាល័យ​កូរ៉េ​លោក Ho Yeol Yoo បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មានថ្មីៗថា៖ «ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កូរ៉េខាងជើង​និង​កម្ពុជា​នៅតែ​ល្អប្រសើរ និង​រឹងមាំ​មកទល់​បច្ចុប្បន្ន។យើង​អាច​ថា​ចំណង​ពាណិជ្ជកម្ម​ទ្វេភាគី​អាច​ថា​កាន់តែ​ប្រសើរឡើង​ថែមទៀត​នៅពេល​ខាងមុខ ព្រោះ​ក្រុង​ព្យុងយ៉ាង​កំពុង​កំណែទម្រង់សេដ្ឋកិច្ច»។

«យើង​ឃើញស្រាប់​កូរ៉េខាងជើង​រកចំណូលបាន​ច្រើន​ដែរ​ពី​ការបើក​អាជីវកម្ម​នៅ​កម្ពុជា​ដូចជា​ភោជនីយដ្ឋាន​ជាដើម»។ លោក​បាន​ពន្យល់​ផងដែរ​ថា កូរ៉េខាងជើង​បច្ចុប្បន្ន​កំពុងតែ​ព្យាយាម​អនុវត្តនយោបាយកំណែទម្រង់ និង​ពង្រីក​ចំណូល​តាមរយៈ​ការបង្កើន​ពាណិជ្ជកម្ម​ក្រៅប្រទេស​និង​បើកផ្លូវ​ឲ្យ​ប្រជាជន​ខ្លួន​ទៅ​ធ្វើការ​ក្រៅប្រទេស។ ក្នុង​ឆ្នាំ ២០១៥នេះ កូរ៉េខាងជើង​មាន​កំណើន​សេដ្ឋកិច្ច​មធ្យម​ចន្លោះ​ពី ១ ទៅ ៧ ភាគរយ បើតាម​ការវាយតម្លៃរ​បស់​ធនាគារជាតិ​កូរ៉េខាងត្បូង។

ជុំវិញ​បញ្ហា​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ទាំងពីរ កូរ៉េខាងជើង​ហាក់ដូច​ជា​ប្រឹងប្រែង​ពង្រីក​ចំណង​ពាណិជ្ជកម្ម និង​បង្កើន​ភាពជិតស្និទ្ធ​ជាមួយ​កម្ពុជា​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។ ចំណែក​កម្ពុជា​ឯណោះ​វិញ​ក៏​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ដែលមាន​ស្រាប់​នេះដែរ។

ដូច​ក្នុង​ឆ្នាំ ២០១១ អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងជើង​លោក Ri Myong San បាន​ដឹកនាំ​ប្រតិភូ​មួយក្រុម​មក​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​គោលដៅ​ពិភាក្សា​និង​ឈានទៅ​ពង្រីក​ចំណង​សេដ្ឋកិច្ច​ផង។ ហើយ​ម្យ៉ាង​ដើមឆ្នាំ ២០១៥ នេះ​កម្ពុជា​បាន​ចាត់វិធានការ​យ៉ាង​ប្រញាប់​តប​តាម​ការស្នើសុំ​របស់​កូរ៉េខាងជើង​ដើម្បី​ហាមប្រាម​ការចែក​ចាយ​វីដេអូ​ក្រុមហ៊ុន​ហូលីវូដ​រឿង « The Interview » ដែល​បង្កើតឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិនាម​និង​ប៉ះពាល់​ដល់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន៕
 

Tag:
 កម្ពុជា-កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com