អន្តរជាតិ
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ជម្លោះ​ចិន​និង​អាស៊ាន ឬ ចិន​និង​អាមេរិក​?
04, Nov 2015 , 9:59 pm        
រូបភាព
ដោយ:
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន និង ចិន បានចាប់ផ្តើម​ឡើងក​ម្តៅ​ជាថ្មី​ម្តង​ទៀតហើយ​។ ក៏ប៉ុន្តែ​ពេលនេះ វា​មិនមែន​ជាការ​ប្រឈម​គ្នា រវាង​ចិន និង អាស៊ាន​នោះទេ តែ​ជាការ​ប្រឈមមុខ​រវាង​ចិន និង អាមេរិក​រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត​អាមេរិក ទាំង​ផ្នែក​កងកម្លាំង និង ពាក្យសម្តី​ការទូត​ទៀតផង​។ នៅថ្ងៃនេះ​ដែរ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បាន​បរាជ័យ​ក្នុង​ការចេញ​សេចក្តី​ថ្លែង​កាណ៍​រួមមួយ​ដែលមាន​ការអះអាង​មួយចំនួន​ថា​ដោយសារ​ការ ជំទាស់​គ្នា​រវាង​អាមេរិក​និង​ចិន​។  ជុំវិញ​បញ្ហា​នេះ បាន​ចោទ​ជា​សំណួរ​មួយ​ថា​តើ​រដ្ឋ​ណាខ្លះ​គឺជា​តួអង្គ សំខាន់​ក្នុង​ជម្លោះ​ដែន​អធិបតេយ្យ​នេះ​?



សូមស្ដាប់ព័ត៌មានលម្អិត៖



​នៅ​ថ្ងៃទី​០៤ ខែ​វិ​ច្ឆ​កា​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បាន​បរាជ័យ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដើម្បី​បញ្ចប់​នៃ​វេទិកា​ការពារជាតិ​អាស៊ីអាគ្នេយ៍ ដែល​ប្រព្រឹត្ត​នៅ​ម៉ាឡេស៊ី​ក្រោម​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​មេ​ដឹក​អាស៊ាន​ទាំង​ដប់ និង មន្ត្រី​យោធា​ជាន់ខ្ពស់​ផ្សេងទៀត​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ដូចជា​អាមេរិក អូស្ត្រាលី ជប៉ុន ឥណ្ឌា និង ចិន​។ បរាជ័យ​នេះ ក៏​ព្រោះ​តែមាន​បញ្ហា​ចម្រូងចម្រាស​លើ​ការកំណត់​បទបញ្ញត្តិ​មួយចំនួន ដែល​ទាក់ទង​នឹង​យន្តការ​លើ​សមុទ្រ​ចិន​ខាងត្បូង​។​

១. តើ​រដ្ឋ​ណាខ្លះ​ជា​ភាគី​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​?
​បើ​ក្រឡេកមើល​ទិដ្ឋភាព នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ក្របខណ្ឌ​អាស៊ាន ជម្លោះ​នេះ​មាន​ភាគី​ពាក់ ព​ន្ធ័​ដោយផ្ទាល់​រួមមាន​រដ្ឋ​អាស៊ាន​បួន​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម និង ចិន​។ កន្លងមក​ភាគី​ពាក់​ព​ន្ធ័​ជាពិសេស​អាស៊ាន បាន​ព្យាយាម​បង្កើត​យន្តការ​នានា​ដើម្បី​កាត់បន្ថយ​នូវ​ភាព តានតឹង​នៅក្នុង​តំបន់​ជម្លោះ​តាមរយៈ​កិច្ចប្រជុំ​របស់​អាស៊ាន​។ តែ វា​មិនមែនជា​រឿង​ដែល​ងាយស្រួល នោះទេ ក្នុងការ​ទាញ​ចិន​ដែលជា​ភាគី​តែមួយគត់​ដែល​បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយ​យោងតាម​ហេតុផល​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​លើកយក​ហេតុផល​ច្បាប់​មក​ដោះស្រាយ​នោះ​។​

​អ្វី​គួរកត់សម្គាល់​នោះ កន្លងមក​ចិន តែងតែ​បដិសេធ​រាល់​ការដោះស្រាយ​ជា​លក្ខណៈ​ពហុភាគី និង ជំនួស​វិញ​ដោយ​ការដោះស្រាយ​តាម​លក្ខណៈ​ទ្វេភាគី​ដែល​ហ្វីលីពីន តែងតែ​ជំទាស់​ជាដាច់ខាត​។ អវត្តមាន​ដំណោះស្រាយ​រួម​ជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​ចិន​ដែលជា​ភាគី​ជម្លោះ​មួយ និង ជា​មហាអំណាច​ដ៏​មាន ឥទ្ធិពល​ក្នុង​តំបន់​បាន​ឆ្លៀតឱកាស​វាតទី​លើ​តំបន់​ជម្លោះ​ត្រួត​ស៊ី​។ បើ​យោងតាម​របាយការណ៍​ផ្កាយរណប​របស់​អាមេរិក បាន​បង្ហាញថា ចិន បាន​ចូលទៅ​សាងសង់​កោះ​សិប្បនិម្មិត​ដែលមាន​ទំហំ​ជាច្រើន ហិច​តា​ដែល​ត្រូវបាន​គេ​ជឿជាក់ថា​ជា​គោលដៅ​មូលដ្ឋាន​យោធា​របស់​ចិន​ដ៏​សំខាន់​។

២.​តើ​អាមេរិក​មាន​តួនាទី​អ្វី​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​?
​ងាក​មក​ចាប់អារម្មណ៍ គោលនយោបាយ​របស់​អា​មេ​រិ​ក​ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​វិញ គេ​ឃើញ ថា​អាមេរិក បាន​លូកដៃ​ចូល​យ៉ាងជ្រៅ​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ សហរដ្ឋអាមេរិក បានចេញ​មុខ ថ្កោលទោស​ចិន​យ៉ាងខ្លាំង និង ថែមទាំង​ចោទ​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​ថា​បាន​បំពាន នឹង​ច្បាប់​អន្តរជាតិ​ទៀតផង​។​

​ថ្វី​ដ្បិត​គេ​ដឹងថា ការចេញមុខ​របស់​អា​មេ​រិ​ក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺមាន​មូលហេតុ​ទាក់ទង នឹង​ការការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ដែលជា​រដ្ឋ​ពាក់​ព​ន្ធ័​ជម្លោះ​របស់​អាស៊ាន​ក៏ដោយ សកម្មភាព​នេះ មិនមាន​អ្វីដែល​ខុសឆ្គង​នោះទេ​។ នោះ ក៏​ព្រោះតែ​អាមេរិក ក៏​ជា​ដៃគូ​សន្ទនា​មួយ​ដ៏​សំខាន់​របស់​អាស៊ាន​ដែរ​។ ដូច្នេះ ការសម្តែង​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺមាន​លក្ខណៈ​សមស្រប​។

​មួយវិញទៀត កាលពី​សបា្តហ៍​មុននេះ អាមេរិក ក៏បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មក​ក្បែរ​តំបន់​កោះ​សិប្បនិម្មិត​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​ផងដែរ​។ ហើយ​ក្នុងនោះ​អាមេរិក បាន​អះអាងថា ប្រតិបត្តិការ​របស់ខ្លួន​គឺ​ស្របទៅនឹង​ច្បាប់​អន្តរជាតិ  ពោលគឺ​វា​ជា​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​តាម​ដែន សមុទ្រ​អន្តរជាតិ​។​

​យ៉ាងណាក៏ដោយ វា​នៅតែមាន​ចំណោទបញ្ហា និង ក្តីបារម្ភ ចំពោះ​ការរីក​រាលដាល​នៃ​ជម្លោះដែនសមុទ្រ​នេះ​។ នោះ​គឺ អាមេរិក រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត​ខ្លួន​ដូចជា​ជប៉ុន​និង អូស្ត្រាលី បាន​សហការគ្នា​ក្នុង​ប្រតិបត្តិ​ការការពារ​សន្តិ​ភាព និង សេរីភាព​នៅក្នុង​ការ​ចរាចរណ៍​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ និយាយ​ឲ្យ​ចំ​ទៅ គឺ​ដើម្បី​ប្រឆាំង​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​។ ផ្ទុយទៅវិញ អាស៊ាន​ដែលជា​ម្ចាស់ផ្ទះ និង រដ្ឋ​ជម្លោះ ហាក់ដូច​រក្សា​ភាពស្ងប់ស្ងាត់​ចំពោះ​ចំណាត់ការ​របស់​រដ្ឋ​ខាងក្រៅ​៕


Tag:
 សមុទ្រ​ចិន
  ចិន
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com