កីឡាអន្តរជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តារាបាល់ទាត់ Benzema រង​ការចោទប្រកាន់​ពាក់ព័ន្ធ​រឿងក្តី​វីដេអូ​សិច ផ្អើល​អស់​សារព័ត៌​មានបារាំង​
06, Nov 2015 , 3:42 pm        
រូបភាព
 
​តារាបាល់ទាត់​អន្តរជាតិ​បារាំង Karim Benzema (​ការី​ម បិ​ន​ហ្សេ​ម៉ា​) ត្រូវបាន​ប៉ូលិស​បារាំង​ដោះលែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រោយ​ឃាត់ខ្លួន​សួរចម្លើយ អស់​២៤​ម៉ោង​។ ប៉ុន្តែ តុលាការក្រុង​វែ​រ​សៃ (Versailles) បានសម្រេច​ចោទប្រកាន់​បិ​ន​ហ្សេ​ម៉ា ពីបទ​រួម​ដៃជើង​ជាមួយ​ក្រុម​ខិលខូច ដើម្បី​ជំរិត​ទារប្រាក់​លោក ម៉ា​ជើ វ៉ាល់​ប៊ុ​យ​អេ​ណា ( Mathieu Valbuena) ដែលជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង​ជាមួយគ្នា​។ ជាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿងក្តី​វីដេអូ​សិច​ផ្ទាល់ខ្លួន​របស់លោក Valbuena​នេះឯង​។ បទល្មើស​ជំរិត​ទារប្រាក់​នេះ​អាចធ្វើ​ឲ្យ​ជនល្មើស​ជាប់ពន្ធនាគារ​រហូតដល់​៥​ឆ្នាំ​។ ទាំង​បេន​ហ្សេ​ម៉ា ទាំង​វ៉ាល់​ប៊ុ​យ​អេ​ណា សុទ្ធតែ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង ដែល​ចុះផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សម្រាប់​ការប្រកួត​ជាមួយ​អាល្លឺម៉ង់ និង​អង់គ្លេស នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ​។​


លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ


 
​តាំងពី​ថ្ងៃ​ពុធ​មក តារាបាល់ទាត់​អន្តរជាតិ​បារាំង ការី​ម បេន​ហ្សេ​ម៉ា បាន​ក្លាយជា​ចំណី​ដ៏​ឆ្ងាញ់ ក្នុង​អត្ថបទ​រឿងអាស្រូវ ដែល​សារព័ត៌​មានបារាំង​ចុះផ្សាយ​ឥត​សំចៃ​ដៃ​។ នៅ​ជិត​ដំណាច់ឆ្នាំ​២០១៥​នេះ បេន​ហ្សេ​ម៉ា​ត្រូវ​បាក់មុខ​សាជាថ្មី ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្តី​វីដេអូ​សិច​របស់​កីឡាករ Mathieu Valbuena ម៉ា​ជើ វ៉ាល់​ប៊ុ​យ​អេ​ណា ដែលជា​មិត្ត​រួម​អាជីព​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​។ លោកស្រី​ចៅក្រម Nathalie Boutard ណា​តា​លី ប៊ូ​តា បានសម្រេច​ចោទប្រកាន់ Benzema ពីបទ​រួម​ដៃជើង​ជាមួយ​ក្រុម​ខិលខូច ដើម្បី​ជម្រិត​ទារប្រាក់​ពី​Mathieu Valbuena​។ ក្នុងនាម​ជាតា​រា​ខ្សែប្រយុទ្ធ​ក្រុម Real Madrid និង​ក្រុម​ជម្រើសជាតិ​បារាំង កីឡាករ​សំបូរ​លុយ​ចាយ​ហូរហៀរ រាប់សិប​លាន​អឺរ៉ូ តែ​បែរជា​ត្រូវ​មក​រង​ការចោទប្រកាន់ថា ជំរិត​ទារប្រាក់​ពី​មិត្ត​រួម​អាជីព​បាល់ទាត់ ដែលជា​រឿង​គួរ​អាម៉ាស​ខ្លាំង​ទៅវិញ​។​
 
​រឿងក្តី​វីដេអូ​សិច បានចាប់ផ្តើម​ផ្ទុះឡើង​តាំងពី​រដូវក្តៅ ឆ្នាំ​២០១៤ មក​ម្លេះ​។ វីដេអូ​សិច​របស់​ខ្សែបម្រើ​របស់​ក្លិប Lyon កីឡាករ Mathieu Valbuena បាន​ធ្លាក់​ដល់ដៃ​បុរស​ម្នាក់​ឈ្មោះ​អា​ឡិច ដែល​ស្គាល់គ្នា​ជាមួយ​លោក​វ៉ាល់​ប៊ុ​យ​អេ​ណា​។ តែ​គេ​មិនដឹងថា ហេតុអ្វី​បានជា​បុរស​នោះ​មាន​វីដេអូ​សិច​ផ្ទាល់ខ្លួន​របស់​វ៉ាល់​ប៊ុ​យ​អេ​ណា​ទេ​។ ក្រោយមក វីដេអូ​សិច​បាន​រាលដាល​ដឹងលឺ​ដល់​បុរស​២​នាក់​ទៀត​។ ក្រុម​ខិលខូច​ទាំងនោះ​ក៏បាន​យក​វីដេអូ​នេះ​ទៅ​ជំរិត​ទារប្រាក់​ពី​តារាបាល់ទាត់ វ៉ាល់​ប៊ុ​យ​អេ​ណា​។ ពួកគេ​គំរាមថា បើ​វ៉ាល់​ប៊ុ​យ​អេ​ណា មិន​ព្រម​ឲ្យ​ប្រាក់​ពួកគេ​ទេ ពួកគេ​នឹង​យក​វីដេអូ​សិច​នោះ ទៅ​ផ្សាយ​ឲ្យ​សាធារណជន​បានដឹង បានឃើញ​គ្រប់គ្នា​។ 
 
​ប៉ុន្តែ លោក​វ៉ាល់​ប៊ុ​យ​អេ​ណា​បដិសេធ និង​បានដាក់​ពាក្យ​ប្តឹងទៅ​ប៉ូលិស​។ ប៉ូលិស​បារាំង​បាន​ស៊ើបអង្កេត ដោយ​បន្លំ​ខ្លួន​ធ្វើជា​អ្នក​ស្គាល់គ្នា​ជិតស្និទ្ធ​ជាមួយ​វ៉ាល​ប៊ុ​យ​អេ​ណា ដើម្បី​ចរចា​ថ្លៃ​វីដេអូ​សិច ជាមួយ​ក្រុម​ជំរិត​ទារប្រាក់​នោះ​។ កាលពី​ខែកញ្ញា ម៉ា​ជើ វ៉ាល់​ប៊ុ​យ​អេ​ណា បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្រុម​ពរ​ទុយ​ហ្កា​ល់ ១​គ្រាប់ ធ្វើ​ឲ្យ​ក្រុម​ខិលខូច​អរ​មិនតិច​ទេ​។ ពួកគេ​ប្រហែលជា​គិតថា អាច​ទារប្រាក់​បាន​ច្រើន​ពី​កីឡាករ​បាល់ទាត់​រូបនេះ​។ ក្រុម​ជនល្មើស​បានដាក់​សម្ពាធ​ម្តង​ទៀតថា បើ​មិន​ឲ្យ​ប្រាក់​ពួកគេ​ទេ វីដេអូ​សិច​នឹងត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ មុន​ការប្រកួត​បាល់ទាត់​អឺរ៉ុប នា​ខែមិថុនា ឆ្នាំ​២០១៦ ខាងមុខ​។ ក្រុម​ជនល្មើស​ទាំងនោះ​បាន​ប្រាប់​ប៉ូលិស​ដែល​ដើរតួ​ជា​អ្នកចរចា​ក្លែងក្លាយ​ថា ក្រុម​ខ្លួន​ក៏​ធ្លាប់​ទារប្រាក់​អតីត​ខ្សែប្រយុទ្ធ​ហង្ស​ក្រហម​Liverpool កីឡាករ Djibril Cissé ផងដែរ កាលពី​ឆ្នាំ​២០០៨ គឺ​ទារ​បាន​ដល់​ទៅ​១​សែន​អឺរ៉ូ ក្នុង​រឿង​ស្រដៀង​គ្នា​នេះ​។ ដោយសារ​វីដេអូ និង​មុខមាត់​តារាបាល់ទាត់​វ៉ាល់​ប៊ុ​យ​អេ​ណា សំខាន់​ជាង​Djibril Cissé ក្រុម​ល្មើស​ចង់​ឲ្យ​វ៉ាល់​ប៊ុ​យ​អេ​ណា បង់លុយ​ឲ្យ​ពួកគេ​លើសពី​១​សែន​អឺរ៉ូ​។​
 
​ដោយសារ​ការចរចា​ថ្លៃ​វីដេអូ​សិច​មិន​ព្រម​ទៅមុខ ក្រុម​ល្មើស​ក៏បាន​សម្រេច​ប្តូរ​យុទ្ធសាស្ត្រ​ចរចា​។ គឺ​ពេលនោះ​ហើយ ដែល​ខ្សែប្រយុទ្ធ​របស់ Real Madrid ការី​ម បេន​ហ្សេ​ម៉ា ជាប់​ខ្លួន​ក្នុង​រឿងអាស្រូវ ខុសច្បាប់​នេះ​។ ក្រុម​ល្មើ​សបាន​ទាក់ទង​មនុស្ស​ម្នាក់​ឈ្មោះ ការី​ម ដែល​ត្រូវជា​មិត្តភក្តិ​តាំងពី​កុមារភាព​របស់​បេន​ហ្សេ​ម៉ា​។ ក្រុម​ជនល្មើស​ឲ្យ​បុរស​រូបនេះ​ទាក់ទង​បេន​ហ្សេ​ម៉ា ដើម្បី​ជំរុញ​ឲ្យ​វ៉ាល់​ប៊ុ​យ​អេ​ណា បង់លុយ​ឲ្យ​ពួកគេ​។ ទូរទស្សន៍​បារាំង​ប៉ុស្តិ៍​លេខ​៦ M6 (​អិ​ម​ស៊ិ​ស​) បាន​ចុះផ្សាយ​ថា បេន​ហ្សេ​ម៉ា បាន​ប្រាប់​ការី​ម​ជា​មិត្តភក្តិ​ខ្លួន​ថា​៖ ឯង​កុំ​ភ័យ​អី​! វា​គ្មាន​ជម្រើស​ទេ​។ ខ្ញុំ​នឹងធ្វើ​ឲ្យ​វាយ​ល់​។ វា​នឹង​បង់លុយ​។ 
 
​ស្តាប់ទៅ ពាក្យ​ថា "​វា វា​" នេះ គឺ​បេន​ហ្សេ​ម៉ា ចង់​សំដៅ​ទៅលើ​វ៉ាល់​ប៊ុ​យ​អេ​ណា ជា​មិត្ត​អាជីព​បាល់ទាត់​នោះ​ហើយ​។ បេន​ហ្សេ​ម៉ា​បាន​ប្រាប់​ប៉ូលិស​ថា ពិតជា​បានធ្វើ​អន្តរការី​ជួយ​ការី​ម​ជា​មិត្តភក្តិ​មែន តែ​មិនបាន​គិតថា ធ្វើ​ខុសឆ្គង​ចំពោះ វ៉ាល់​ប៊ុ​យ​អេ​ណា ទេ​។ ដើម្បី​ជួយ​មិត្ត​ពី​កុមារភាព ទាមទារ​ប្រាក់ បេន​ហ្សេ​ម៉ា​ហ៊ាន​ប្រើពាក្យ​ថា មិនបាន​គិតថា ខុសឆ្គង​ជាមួយ​មិត្ត​រួម​អាជីព​។ នេះ​មិន​មានន័យថា បេន​ហ្សេ​ម៉ា​ចង់​រួម​ដៃជើង​ជាមួយ​ក្រុម​ខិលខូច​នោះទេ​? គួរ​បញ្ជាក់ដែរថា ការី​ម​ជា​មិត្ត​ពី​កុមារភាព​នោះ ក៏​ធ្លាប់​ត្រូវ​ប៉ូលិស​បារាំង​ស្គាល់មុខ​ក្នុង​បទល្មើស​មួយចំនួន​ដែរ ដូចជា​ការជួញដូរ​គ្រឿង​ញៀន រឺ​ការ​លួច​ឆក់​ជាដើម​។ បេន​ហ្សេ​ម៉ា​បដិសេធ ថា​មិន​បានរួម​ដៃជើង​ជាមួយ​ក្រុម​ជនខិលខូច​នេះ​ទេ​។ ប៉ូលិស​បារាំង​បាន​ចាប់ខ្លួន​ក្រុម​ជនល្មើស​នៅ​ចុង​ខែតុលា​កន្លងទៅ​។ បេន​ហ្សេ​ម៉ា​ត្រូវបាន​តុលាការ​ហាមឃាត់​មិន​ឲ្យ​ទាក់ទង​ទាំង​ជាមួយ​ក្រុម​ជនល្មើស ទាំង​ជាមួយ​លោក​វ៉ាល់​ប៊ុ​យ​អេ​ណា ជា​ជនរងគ្រោះ​ក្នុង​រឿងក្តី​នេះ​។
​ប្រហែល​ដើម្បី​កុំ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង​ស្អុយឈ្មោះ​ខ្លាំងពេក​ហើយ​មើលទៅ ទើប​លោក ឌី​ត​ដ្យេ ដេ​ស្ហ​ង់ (Didier Deschamps) ជា​គ្រូបង្វឹក​របស់​ជម្រើសជាតិ​បារាំង​មិនបាន​ជ្រើសរើស​ទាំង​បេន​ហ្សេ​ម៉ា ទាំង​វ៉ាល់​ប៊ុ​យ​អេ​ណា ឲ្យ​ចូលរួម​ប្រកួត​ជាមួយ​អាល្លឺម៉ង់ និង​អង់គ្លេស នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ​ទេ​។ ប៉ុន្តែ លោក​ដេ​ស្ហ​ង់ ប្រាប់ថា បេន​ហ្សេ​ម៉ា​មាន​របួស​ត្រង់​ភ្លៅ ហើយ​វ៉ាល់​ប៊ុ​យ​អេ​ណា​វិញ​ជា​ជនរងគ្រោះ​ផ្លូវចិត្ត​ក្នុង​រឿង​ទាមទារ​ប្រាក់​នេះ​។ ដូច្នេះ លោក​ទុក​ឲ្យ​វ៉ាល់​ប៊ុ​យ​អេ​ណា​សម្រាក​ខ្លះ​។ 
 
​មិនមែនជា​លើក​ទី​១​ទេ ដែល​តារា​ខ្សែប្រយុទ្ធ​ក្រុម Real Madrid រង​រឿងអាស្រូវ​ផ្អើល​អស់អ្នក​សារព័ត៌មាន​នោះ​។ រឿងអាស្រូវ​ហាក់​កើតឡើង​ស្ទើរ​រាល់​ឆ្នាំ​ទៅហើយ​។ ប៉ុន្មាន​ឆ្នាំ​មុននេះ បេន​ហ្សេ​ម៉ា​ធ្លា​ប់រង​អាស្រូវ​រឿង​ផ្លូវភេទ​ជាមួយ​ក្មេងស្រី​មិនទាន់​គ្រប់ការ​។ កាលពី​ឆ្នាំ​២០១៣ ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​តម្រូវ​ឲ្យ​តារា​ខ្សែប្រយុទ្ធ​Real Madrid រូបនេះ​បង់ប្រាក់​ពិន័យ ពីបទ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​ហួសហេតុ​ផងដែរ​។ ការី​ម បេន​ហ្សេ​ម៉ា ពិតជា​តារាបាល់ទាត់​អន្តរជាតិ​ល្បី​គ្រប់បែបយ៉ាង​មែន​!
 
​មានវីដេអូ





 

© រក្សាសិទ្ធិដោយ thmeythmey.com