អន្តរជាតិ
សកម្មជន​ស៊ី​រី​ចោទ​ក្រុម​រដ្ឋ​អ៊ីស្លាម​ថា​ប្រើ​អាវុធ​គីមី​នៅ​ស៊ី​រី
07, Nov 2015 , 1:39 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ អង្គការ​ហាមឃាត់​អាវុធ​គីមី ហៅ​កាត់​ថា OIAC បាន​គូសបញ្ជាក់ថា មានការ​ប្រើប្រាស់​អាវុធ​ជាតិគីមី ក្នុងការ​ប្រយុទ្ធ នៅ​ស៊ី​រី កាលពី​ខែសីហា​។ អង្គការ​OIAC​មិនបាន​ចោទថា តើ​ក្រុម​ណា​បាន​ប្រើប្រាស់​អាវុធ​គីមី​ទេ ប៉ុន្តែ សកម្មជន​ស៊ី​រី​បាននាំគ្នា​ចោទ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​យ៉ាង​ពេញទំហឹង​។ ក្នុង​សមរភូមិ​ប្រយុទ្ធ​ពេលនេះ កងទ័ព​លោក​អាសាដ​បាន​បាត់បង់​ទីតាំង​មួយចំនួន​ដែល​ខ្លួន​ដណ្តើមបាន កាលពី​ខែ​មុន​។



​អាវុធ​គីមី​ដែល​អង្គការ​OIAC បានលើកឡើង​នោះ មាន​សារធាតុ​C4H8Cl2S បង្ក​ផលប៉ះពាល់​ស្បែក​ធ្ងន់ធ្ងរ​ដល់​ជនរងគ្រោះ​។ យោងតាម​អង្គការ​ហាមឃាត់​អាវុធ​ជាតិគីមី មាន​មនុស្ស​យ៉ាងហោចណាស់​២​នាក់ បាន​ប្រឈម​នឹង​អាវុធ​ប្រភេទ​នេះ ហើយ​កុមារ​ម្នាក់​ក៏​ប្រហែលជា​អាច​ស្លាប់​ដោយសារ​អាវុធ​នេះដែរ​។ អង្គការ​OIAC បន្ថែមថា កាលពី​ខែ​មិនា​ដើមឆ្នាំ នៅ​ខែ​ត្ត Idleb ភាគ​ខាងជើង​ស៊ី​រី ក៏​ប្រហែលជា​មានការ​ប្រើប្រាស់​អាវុធ​មាន​សារធាតុ​ក្លរ​ផងដែរ​។

​ក្រោយ​ការប្រកាស​របស់​អង្គការ​OIAC នៅ​ស៊ី​រី សកម្មជន​ស៊ី​រី​បាននាំគ្នា​ចោទ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ថា បាន​ប្រើប្រាស់​អាវុធ​គីមី​C4H8Cl2S នេះ​តែម្តង​។ យោងតាម​អ្នកសារព័ត៌មាន​គាំទ្រ​ក្រុម​ឧទ្ទាម​មកពី​បក្សប្រឆាំង ក្រុម​ជី​ហាត​ពិតជា​បាន​ប្រើ​អាវុធ​គីមី ព្រោះថា ការបាញ់​ផ្លោង គឺ​បាញ់​ចេញពី​ភាគ​ខាងកើត​ក្រុង Marea​។​

​ក្រុង​Marea​នេះ​ស្ថិត​នៅជាប់​ព្រំដែន​តួ​ក​គី ហើយ​ស្ថិតក្នុង​កណ្តាប់ដៃ​របស់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​។ លោក​Rami Abdel Rahmane ជា​ប្រធាន​ក្រុម​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី បានលើកឡើង​ដែរ​ថា ក្រុម​ជី​ហាត​បាន​ប្រើប្រាស់​អាវុធ​គីមី ក្នុងការ​វាយប្រហារ​កា​ល​ពីថ្ងៃ​២១​សីហា នៅ​ក្រុង Marea ភាគ​ខាងជើង​។ ច្រើន​ខែ​មកនេះ ក្រុម​ជី​ហាត​ព្យាយាម​ដណ្តើមយក​ក្រុង​Marea​នេះ ព្រោះ​ក្រុង​នេះ​ជាទី​តាំង​ស្តុក​អាវុធ​របស់​ក្រុម​ឧទ្ទាម​ស៊ី​រី ក្នុង​ខែ​ត្ត​អា​ឡេ​ប​។

​នៅ​ខែ​ត្ត​Idleb​ភាគ​ខាងជើង ក្រុម​ជំនាញ​មួយក្រុម​ទៀត បានចេញ​សេចក្តី​សន្និដ្ឋានថា ប្រហែលជា​អាចមាន​ប្រើប្រាស់​អាវុធ​គីមី​ច្រើន​មុខ ក្នុង​វាយប្រហារ​ផ្សេងៗ កាលពី​ខែ​មិនា ដើមឆ្នាំ​។ ក្រុម​សិទ្ធិមនុស្ស​បាន​ចោទ​កងទ័ព​លោក​អាសាដ ថា​បាន​ប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស ក្នុងការ​ប៉ះទង្គិច​កាល​ពី​ដើម​ឆ្នាំនេះ​៕

​ក្នុង​សមរភូមិ​ប្រយុទ្ធ ពេលនេះ កងទ័ព​ស៊ី​រី​បាន​បាត់បង់​ទីតាំង​មួយចំនួន នៅ​ភាគ​កណ្តាល​ប្រទេស​ទៅវិញ​។ កងទ័ពអាកាស​រុស្ស៊ី​ធ្លាប់ជួយ​វាយ​ដណ្តើមបាន​ទីតាំង​ទាំងនេះ កាលពី​ខែ​មុននេះ​។ សង្គ្រាម​ស៊ី​រី​ផ្ទុះ​តាំងពី​ដើមឆ្នាំ​២០១១​មក បានសម្លាប់​មនុស្ស​ជាង​២៥០០ ០០០​នាក់ និង​ធ្វើអោយ​មនុស្ស​រាប់លាន​នាក់​ភៀសខ្លួន​៕


Tag:
 ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com