ជាតិ
សង្គមជាតិ
សៀមរាប​ប្រកាស​អុំទូក​ចុងខែ​វិច្ឆិកា​តែ​មិនទាន់​ដឹង​ពី​ចំនួន​ទូក​នៅឡើយ
09, Nov 2015 , 11:18 am        
រូបភាព
សៀមរាប៖ ខេត្ត​ទេសចរណ៍​សៀមរាប កំពុង​ត្រៀម​ដើម្បី​រៀបចំ​ពិធីបុណ្យ​អុំទូក ដែល​នឹង​ចូលមក​ក្នុងពេល​ឆាប់​ខាងមុខនេះ។ ការ​អុំទូក​មាន​រយៈពេល២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៤ និង២៥ ខែវិច្ឆិកា ​នៅតាម​បណ្តោយ​ដងស្ទឹង​សៀមរាប មុខ​ព្រះរាជដំណាក់។



អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ពេលថ្មីៗនេះ​ថា អាជ្ញាធរខេត្ត​បាននិងកំពុង​រៀបចំ​ក​ន្លែ​ង​មួយចំនួន ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រ​ខែ។ លោក​បញ្ជាក់ថា ការរៀបចំ​នេះ​ដើម្បី​ឆ្លើយ​តាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ជាពិសេស​ដើម្បី ថែរក្សា​វប្បធម៌ ប្រពៃណី​ខ្មែរ ពី​បុរាណ​មក។ លោក ឃឹម ប៊ុន​សុង មាន​សុទិដ្ឋិនិយម​ថា ពិធីបុណ្យ​អុំទូក នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ឲ្យ​មក​កម្សាន្ត​ក្នុង​ខេត្ត​មួយ​នេះ ខណៈដែល​ពិធី​អុំទូក ត្រូវបាន​ផ្អាក​នៅ​រាជធានី​ភ្នំពេញ។

ទាក់ទង​ពិធី​នេះ អភិបាលខេត្ត​សៀមរាប មិនទាន់​អាច​កំណត់​ចំនួន​ទូក ដែល​ត្រូវ​ចូលរួម​ក្នុងឆ្នាំនេះ​បាន​នៅឡើយ​ទេ។ កាលពី​ឆ្នាំទៅ គេ​នៅ​ចាំបាន​ថា មាន​ទូកង​ចំនួន៣៦ទូក ដែល​បាន​ចូលរួម​អុំ ដែល​ក្នុងនោះ​មាន​ទូក​នារី​ចំនួន ៦ទូក​ផង។ សព្វថ្ងៃ អាជ្ញាធរខេត្ត កំពុង​ញាប់​ដៃជើង ដើម្បី​សម្អាត​ស្លែ​ក្នុង​ស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ឲ្យ​រួចរាល់​មុន​ថ្ងៃ​រៀបចំ​ពិធី​មកដល់។ 

គួររម្លឹកថា ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ២០១៤ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ១៥០,៤១០ នាក់ ដែលមាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៦ វិច្ឆិកា។ ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង១៥ម៉ឺន​នាក់​នេះ មាន​ទេសចរ​បរទេស​ជាង២ម៉ឺន​នាក់។ នេះ​បើ​យោងតាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប។




Tag:
 អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com