ជាតិ
កំណើន​កម្តៅ​ផែនដី​មាន​ផលប៉ះពាល់​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​
15, Nov 2015 , 3:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ចាត់ថ្នាក់​ថា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ពិភពលោក​ដោយសារ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​។ កម្ពុជា​ត្រូវបាន​ចាត់​ចូលក្នុង​ចំណាត់ថ្នាក់​ជាមួយ​ប្រទេស​បង់​ក្លា​ដេ​ស និង​ប្រទេស​ហ្វីលីពីន​ថា ជា​ប្រទេស​រង​ការប៉ះពាល់​ពី​ការផ្លាស់ប្តូរ​អាកាសធាតុ មួយផ្នែកធំ​គឺ​ដោយសារតែ​ប្រទេស​ទាំងនេះ​ពឹង​ផ្អែកទៅលើ​ខ្យល់មូសុង​ដែលមាន​ការផ្លាស់ប្តូរ​។ ប្រជាជន​កម្ពុ​ជាជាង​៨០​ភាគរយ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​។ ដូច្នេះ​ការផ្លាស់ប្តូរ​អាកាសធាតុ ទោះជា​ទឹកជំនន់ ឬ​ការរាំងស្ងួត​ក្តី សុទ្ធតែ​ធ្វើឱ្យ​ប្រជាជន​ប្រទេស​នេះ​ងាយ​រងគ្រោះ​ជាទីបំផុត​។


 
​ជា​តួយ៉ាង លោកស្រី ឡុង ថុ​ន កសិករ​នៅក្នុង​ខេត្តកណ្តាល ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​គឺជា​អ្នករងគ្រោះ​មិនអាច​ប្រកែក​បាន ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។​
​លោកស្រី ឡុង ថុ​ន ចិញ្ចឹម​ក្រុមគ្រួសារ​របស់គាត់​ដោយ​ការ​ធ្វើស្រែ​នៅ​លើដី​ទំហំ​បី​អារ​របស់គាត់​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ​មាន​ភាពរាំងស្ងួត​ខ្លាំងពេក ដូច្នេះ​ជីវភាព​គ្រួសារ​របស់លោក​ស្រី​ប្រឈម​នឹង​ការខ្វះខាត​។​
 
​លោកស្រី​ឡុង ថុ​ន ដែល​មានកូន​បីនាក់ បាន​និយាយប្រាប់ VOA ថា​៖ «​ទឹកទន្លេ​ហ្នឹង​វា​អត់​ហូរ​ចូលទៅក្នុង​ទំនប់​។ ធ្វើស្រែ​ប្រាំង​ក៏​មិនកើត​។ ស្រែ​ក៏​រាំង អត់​មាន​ទឹកភ្លៀង​ធ្លាក់​។ អញ្ចឹង​មិនអាច​ធ្វើ​បានទេ​។ ស្រូវ​វា​តើ​មាន​លូតលាស់ អត់​មាន​ផល​អី​ធំ អត់​មាន​សន្ទូង​អី​បែក​គុម្ព​។ មានតែ​ស្មៅ​។ ដុះ​តែ​ស្មៅ​។ ស្រូវ​វា​មាន​មួយៗ​តិចៗ​»​។​
​ប្រជាពលរដ្ឋ​កម្ពុជា ដូចជា​លោកស្រី ឡុង ថុ​ន ដឹងថា ប្រទេស​កម្ពុជា​មានការ​ប្រែប្រួល​អាកាសធាតុ​។ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ចំនួន​តិច​ប៉ុណ្ណោះ​ដែល​យល់​ពី​មូលហេតុ​នៃ​ការប្រែប្រួល​អាកាសធាតុ​។ 
 
​ខណៈពេលដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​ចូលរួម​កិច្ចប្រជុំ​កំពូល​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស នៅ​ខែធ្នូ​នេះ ប្រទេស​មួយចំនួន ដូចជា​ប្រទេស​កម្ពុជា​ទំនងជា​នឹង​ទាមទារ​ប្រាក់​ពី​ប្រទេស​មាន​ឧស្សាហកម្ម​ធំ​ដែល​មានការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​ច្រើន ដែល​នាំ​ឲ្យ​មាន​ការឡើង​នៃ​កម្តៅ​ផែនដី​។​
 
​លោកស្រី​ឡុង ថុ​ន​បាន​និយាយ​អំពី​ភាពរាំងស្ងួត​នៅ​ឆ្នាំនេះ​ថា​៖ «​បើ​មិនដែល​ជួបប្រទះ ទើបតែ​ឆ្នាំនេះ មិនដឹង​ជា​មូលហេតុ​អី​»​។​
 
​លោកស្រី​មានប្រសាសន៍ថា លោកស្រី​នៅតែ​បន្ត​ខិតខំ​ដើម្បី​ចិញ្ចឹមជីវិត គ្រួសារ​របស់លោក​ស្រី​។ «​ខ្ញុំ​ចេះតែ​ដើររក​ហូបចុក​អញ្ចឹង​ទៅ​។ ចេះតែ​បេះ​បន្លែ បន្លុក​អី​អញ្ចឹង​ទៅ​។ បើ​អត់​ទេ​មិនដឹង​ធ្វើ​ម៉េច ដើរ​សូមទាន​គេ​ឯលិច​ឯកើត​»​។​
 
​ស្ថិតិ​របស់​អង្គការ​អភិវឌ្ឍន៍​អ​.​ស​.​ប​. (UNDP) ឲ្យ​ដឹងថា ប្រជាជន​កម្ពុជា​ចំនួន​២២.៦៩៥​នាក់​ក្នុងចំណោម​ប្រជាជន​មួយ​លាន​នាក់​ត្រូវ​រង​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ដោយសារ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។ ដូច្នេះ​ក្នុងចំណោម​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​ជាង​១៥​លាន​នាក់​គឺមាន​ជាង​៣៤​ម៉ឺន​នាក់​ងាយ​រងគ្រោះ​ដោយ​ការផ្លាស់ប្តូរ​អាកាសធាតុ​។ ដោយសារ​ពិភពលោក​មាន​កម្តៅ​ក្តៅ​ជាង​មុន វា​បាន​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ចរន្តទឹក ហើយនឹង​ផ្លាស់ប្តូរ​ខ្យល់មូសុង ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​រដូវ​កាល​ធ្វើស្រែ​ចម្ការ​ប្រចាំឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ការស្រាវជ្រាវ​អំពី​ការប្រែប្រួល​អាកាសធាតុ​បាន​បង្ហាញថា បណ្តា​ប្រទេស​ជាច្រើន​ទៀត​អាច​នឹង​ជួបប្រទះ​គ្រោះរាំងស្ងួត និង​ទឹកជំនន់​កាន់តែច្រើន ខណៈពេលដែល​វដ្ត​របស់​ទឹក​មានការ​ផ្លាស់ប្តូរ​។ ហើយ​ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន​ហេដ្ឋារចនាសម្ព័ន្ធ និង​វិធីសាស្ត្រ​តិចតួច​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ផ្សេងៗ  ដូច្នេះ​ប្រទេស​កម្ពុជា​មានការ​ត្រៀមលក្ខណៈ​សម្បត្តិ​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​។​
 
​ការស្រាវជ្រាវ​នេះ​ចង្អុល​បង្ហាញថា នេះ​គឺជា​ផ្នែក​ដ៏​ធំ​មួយ​ដែល​គេ​កំណត់ថា ប្រទេស​កម្ពុ​ជាមាន​សម​ត្ថ​ភាព​ឆ្លើយ​ទាប ហើយ​ត្រូវ​ចាត់​ចូលក្នុង​ចំណោម​ប្រទេស​ទាំង​ដប់ ដែល​ងាយ​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ដោយ​ការប្រែប្រួល​អាកាសធាតុ​។ សម្រាប់​តំបន់​អាស៊ី កម្ពុជា​នៅក្នុង​ចំណោម​ប្រទេស​បី​ដែល​ងាយ​រងគ្រោះ​បំផុត​។​
 
​យោងទៅលើ​អង្គការ UNDP ដែល​គាំទ្រ​កម្មវិធី​របស់​អង្គការ​សម្ព័ន្ធ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា បាន​ឲ្យ​ដឹងថា បញ្ហា​នេះ​គឺ​ដោយសារតែ​កម្ពុជា​នៅមាន​សមត្ថភាព​ទាប​នៅឡើយ​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​បណ្តាលមកពី​ការឡើង​កម្តៅ​ផែនដី​នេះ​។ ស្ថានភាព​នេះ​បានដាក់​ប្រទេស​កម្ពុជា​នៅ​ខាងក្រោម​គេ​បំផុត​នៅក្នុង​ស​ន្ទ​ស្សន៍​ហានិភ័យ​អាកាសធាតុ​សកល​ដែល​រៀបរៀង​ដោយ Germanwatch ដែលជា​អង្គការ​តាមឃ្លាំមើល​បរិស្ថាន​ពិភពលោក​។​
 
​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​ស្ថិតនៅក្នុង​ចំណាត់​ថ្នាក់ទាប ជាងគេ​នៅក្នុង​បញ្ជី​ប្រទេស​ចំនួន​១០ ហើយ​នៅ​ឆ្នាំនេះ​ក៏​មិនមាន​អ្វី​ផ្លាស់ប្តូ​រដែរ​។ នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍​របស់ Germanwatch រៀបរៀង​នៅក្នុង​ឆ្នាំ​២០១៥​។​
 
​ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ភ្ជាប់​ជាពិសេស​ជាមួយ​រដូវ​ខ្យល់មូសុង​ឆ្នាំ​២០១៣ ដែល​រួម​មានការ​ធ្លាក់ភ្លៀង​ខ្លាំង និង​ការរីក​រាលដាល​នៃ​ទឹកជំនន់​នៅ​ទូទាំងប្រទេស​ជាថ្មីទៀត នៅពេលដែល​ប្រទេស​នេះ​មិនទាន់​ទាំង​បាន​ស្តារឡើងវិញ​នូវ​ការខូចខាត​បណ្តាលមកពី​គ្រោះទឹកជំនន់​កាលពី​ឆ្នាំមុនៗ​នៅឡើយ​នោះ​។​
 
​ដោយសារ​ប្រជាកសិករ​ខ្មែរ​ជាង​២​លាន​គ្រួសារ ឬ​ស្មើនឹង​៨០​ភាគរយ​នៃ​ចំនួន​ប្រជាជន​១៥​លាន​នាក់​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​នោះ ដូច្នេះ​គ្រោះថ្នាក់​នេះ​គឺជា​ហានិភ័យ​ដ៏​ធំ​។​
​លោក កែវ វី អ្នកនាំពាក្យ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​និយាយថា​៖ «​តាម​ក្រសួង​ធនធាន​ទឹកបាន​និយាយថា ក្នុង​រយៈពេល​៥០​ឆ្នាំ​ហ្នឹង​គឺថា ក្នុង​ឆ្នាំ​ហ្នឹង កម្រិត​ទឹក​ក្នុង​ទន្លេមេគង្គ ទន្លេសាប បឹង​ទន្លេសាប​យើង​ហ្នឹង​គឺថា មាន​កម្រិត​ទាប​ច្រើនណាស់​»​។​
 
​យើង​អាច​មើលឃើញ​ការផ្លាស់ប្តូរ​នេះ​ដោយ​ងាយស្រួល​គឺ​មិន​ពិបាក​យល់​ទេ តែ​ដំណោះស្រាយ​ពិតជា​ប្រឈម​នឹង​ការលំបាក​ខ្លាំង​។ ហើយ​ប្រទេស​កម្ពុជា​ជម្រើស​តិចតួច​ពាក់ព័ន្ធ​ទៅនឹង​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ​។​
 
​លោក​សៅ សុភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់ VOA ក្នុងពេល​ថ្មីៗ​នេះ​ថា កម្ពុជា​នឹង​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេស​អភិវឌ្ឍន៍​សម្រាប់​ការ​បន្ស៊ាំ​ទៅនឹង​ការផ្លាស់ប្តូរ​អាកាសធាតុ​។​
 
​លោក​បាន​និយាយថា​៖ «​គឺ​យើង​ត្រូវមាន​កម្មវិធី​បណ្តុះបណ្តាល​ក៏ដូចជា​ណែនាំ​ទៅដល់​ជន​ងាយ​រងគ្រោះ​»​។​
​ដូច្នេះ​កម្មវិធី​នេះ​ប្រាកដជា​ត្រូវ​រាប់បញ្ចូល​គ្រួសារ​របស់លោក​ស្រី​ឡុង ថុ​ន និង​អ្នកជិតខាង​របស់លោក​ស្រី​។​
​លោក​ង៉ែត ឡា​ត់ ប្រធានភូមិ​អំពិល​ផ្អែម ក្នុងស្រុក​វិហារ​ហ្លួង ខេត្តកណ្តាល បាន​និយាយថា មាន​ប្រជាជន​ប្រហែល​១០៥​គ្រួសារ​នៅក្នុង​ភូមិ​របស់លោក​ដែល​ប្រឈម​នឹង​ការខ្វះ​ទឹក​នៅក្នុង​ឆ្នាំនេះ​។ ពួកគាត់​មិន​ត្រឹមតែ​ខ្វះ​ទឹក​សម្រាប់ធ្វើ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ខ្វះ​ទឹក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ផងដែរ បើទោះបីជា​ភូមិ​របស់គេ​នៅ​មិន​ឆ្ងាយ​ពី​ទន្លេសាប​ក៏ដោយ​។ មនុស្ស​ជាង​៤០០​នាក់​នៅក្នុង​ភូមិ​បានចាប់ផ្តើម​ទិញ​ទឹក​ដើម្បី​ប្រើប្រាស់​។ ពួកគេ​ត្រូវ​ចំណាយ​យ៉ាងហោចណាស់​មួយ​ដុល្លារ​ក្នុង​មួយថ្ងៃ​ដើម្បី​ទិញ​ទឹក​មួយ​ពាង ដែល​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​របស់​ពួកគេ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​
 
​លោក​ង៉ែត ឡា​ត់​បាន​និយាយថា នៅពេល​ចូលដល់​រដូវប្រាំង អ្នកភូមិ​របស់លោក​ត្រូវការ​ទឹក​កាន់តែ​ច្រើនឡើង​។​
«​គ្រប់​តែ​គ្រួសារ​ហ្នឹង​មាន​អ្នកណា​អត់​? សុទ្ធតែ​ត្រូវការ​ទឹក ទិញ​ទាំង​អស់ហ្នឹង ព្រោះ​អី វា​អត់​មាន​ប្រព័ន្ធ​ទុយោ​ទឹក​មកដល់​ផ្ទះ​ផង​»​។​
​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន ដើម្បី​សម្រប​ខ្លួន ឬ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ប្រទេស​កម្ពុជា​នឹងត្រូវ​ការ​ជំនួយ​ពី​បណ្តា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន ដូចជា​សហរដ្ឋអាមេរិក ដែល​ភាគច្រើន​ទទួលខុសត្រូវ​ចំពោះ​ការកើនឡើង​កម្តៅ​ផែនដី​។​
 
​លោក តឹក វណ្ណា​រ៉ា នាយក​នៃ​អង្គការ NGO Forum ដែល​នឹងចូលរួម​កិច្ចចរចា​អំពី​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​ប៉ារីស​នៅ​ចុង​ឆ្នាំនេះ បាន​មានប្រសាសន៍ប្រាប់ VOA ថា ប្រទេស​ឧស្សាហកម្ម​ធំៗ​មួយចំនួន​ត្រូវ​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដោយ​ផ្តល់​បច្ចេកវិទ្យា និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។​
 
​លោក​បាន​និយាយថា​៖ «​ប្រទេស​អភិវឌ្ឍន៍​បាន​សន្យាថា នឹង​យ៉ាងហោចណាស់​ផ្តល់​ថវិកា​ឲ្យ​បាន​១០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ឲ្យ​មាន​កញ្ចប់​ថវិកា​ហ្នឹង​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​តិចតួច​ក៏ដូចជា​ប្រទេស​កំពុងអភិវឌ្ឍន៍​អាច​ស្នើសុំ​យកមកប្រើ​ប្រាស់​នៅក្នុង​ក្របខណ្ឌ​ទាក់ទង​ទៅនឹង​ការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​»​។​
​លោក​ក៏​ចង់ឱ្យមាន​ទីផ្សារ​សម្រាប់​ឥណទាន​កាបូន​ដើម្បី​ជាការ​រួមចំណែក​ក្នុងការ​ថែរក្សា​ការពារ​ព្រៃឈើ​នៅសល់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្រូបយក​ឧស្ម័ន​កាបូ​និក​ពី​បរិយាកាស​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ម្តៅ​ផែនដី​។ 
 
​ឥណទាន​កាបូន​គឺ​បរិមាណ​ឧស្ម័ន​កាបូ​និក​ដែល​ព្រៃឈើ​ស្រូបយក​ដើម្បី​សម្អាត​ជាតិពុល​ក្នុង​បរិយាកាស និង​បន្ថយកម្តៅ​ផែនដី​។​
​នៅ​ឆ្នាំ​២០១៣ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ទប់ស្កាត់​ការផ្លាស់ប្តូរ​អាកាសធាតុ ដោយ​លើកឡើង​នូវ​ការកត់សម្គាល់​អំពី​ការផ្លាស់ប្តូរ​ដ៏​ធំ​អំឡុង​រយៈពេល​ពាក់កណ្ដាល​ចុងក្រោយ​នៃ​សតវត្ស​ទី​២០​។​
 
​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ប្រែល​ប្រួល​អាកាសធាតុ​ខ្លាំង ដូចជា​គ្រោះរាំងស្ងួត ទឹកជំនន់ រលក​កំដៅ និង​គ្រោះទឹកជំនន់​នៅតាម​តំបន់ឆ្នេរ​។​
​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​សរសេរថា «​ការប៉ាន់ប្រមាណ​រយៈពេល​៨០​ឆ្នាំ​ខាងមុខ​បាន​បង្ហាញថា សីតុណ្ហភាព​នឹង​បន្ត​កើនឡើង​ជាមួយនឹង​ការថយចុះ​នៃ​របប​ទឹកភ្លៀង​នៅ​រដូវប្រាំង និង​ការពន្យារពេល​នៃ​ការចាប់ផ្តើម​ធ្លាក់ភ្លៀង​នៅ​រដូវវស្សា ហើយ​ជាមួយគ្នា​នោះ កម្ពស់​ទឹកភ្លៀង​នៅ​រដូវវស្សា​អាច​កើនឡើង​ច្រើនជាង​មុន​។ ការប្រែប្រួល​ទាំងនេះ​អាច​កើតឡើង​ក្នុង​កម្រិត​ខុសៗ​គ្នា អាស្រ័យ​លើ​សេណា​រី​យ៉ូ​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ពិភពលោក​»​។​
 
​ទឹកជំនន់​ក្នុង​ឆ្នាំ​២០០៩ ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣​បាន​នាំឱ្យមាន​ការខូចខាត​គិត​ជា​ទឹកប្រាក់​គឺ​ជាង​មួយ​ពាន់​លាន​ដុល្លារ ហើយ​វា​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​៤៦១​នាក់​។ នេះ​គឺជា​ការ​ខាង​បង់​របស់​ប្រទេសមួយ​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​។ ឥឡូវនេះ គ្រោះរាំងស្ងួត​តម្រូវ​ឲ្យ​លោកស្រី​ឡុង ថុ​ន និង​កសិករ​កម្ពុជា​ដ​ទៃៗ​ទៀត​បង្កើន​ចំណាយ​របស់ខ្លួន​។​
​លោកស្រី ឡុង ថុ​ន បាន​ប្រាប់ VOA ថា ដំណោះស្រាយ​គឺ​ប្រព័ន្ធធារាសាស្ត្រ​ដែល​អាច​ការពារ​ប្រឆាំងនឹង​អាកាសធាតុ​អាក្រក់​។ គាត់​បាន​និយាយថា វា​អាចជួយ​ជីវភាព​របស់គាត់​ឲ្យ​មាន​ភាពងាយស្រួល​។​
 
​លោកស្រី ឡុង ថុ​ន និយាយថា​៖ «​ដី​ទំនេរ​ទាល់​តែមាន​មេទឹក​ជាប់​បាន​បាន​ដាំ​អី​ទៀត​កើត​។ បើ​អត់​ទេ ដាំ​អត់​កើត​ទេ​កូន​។ បើ​មាន​មេទឹក​ជាប់ ដាំ​ត្រកួន ដាំ​អី​កើត​»៕
<iframe src="http://voakhmer.share.voanews.eu/flashembed.aspx?t=vid&amp;id=3053711&amp;w=640&amp;h=363&amp;skin=embeded" scrolling="no" frameborder="0" width="640" height="363"></iframe>
 

© រក្សាសិទ្ធិដោយ thmeythmey.com