កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​អង់គ្លេស ច្រៀង​បទ​គោរព​ទង់ជាតិ​បារាំង លើកទឹកចិត្ត​ពលរដ្ឋ និង​កីឡាករ​បារាំង​
16, Nov 2015 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស នឹង​ច្រៀង​ចម្រៀង​បទ​គោរព​ទង់ជាតិ​នៃ​ប្រទេស​បារាំង​រួមគ្នា​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ និង​ប្រជាជន​បារាំង​ទាំងមូល នា​ជំនួប​មិត្តភាព​រវាង ក្រុម​ជម្រើសជាតិ​បារាំង ជាមួយ​អង់គ្លេស​នៅ​កីឡដ្ឋាន Wembley នា​ថ្ងៃ​អង្គារ នេះ​។​



បើ​យោងតាម​សម្តី​របស់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​( FA) ក្នុងការ​ប្រកួត​នេះ​ត្រូវបាន​គេ​រឹតបន្តឹង​សន្តិសុខ​យ៉ាង​តឹងរឹង​បំផុត​មិន​ធ្លាប់មាន​ពីមុនមក និង​ដើម្បី​ឲ្យ​អ្នកគាំទ្រ​បញ្ចេញ​នូវ​សារ​លើកទឹកចិត្ត​ដល់​ប្រជាជន​បារាំង​ទាំងអស់ ក្រោយ​មាន​សោកនាដកម្ម​សម្លាប់​រង្គាល​ដោយ​ក្រុម​ភេរវ​ករ​ក្នុង​ទីក្រុង​ប៉ារីស​។​

​បទ​ចម្រៀង​គោរព​ទង់ជាតិ​បារាំង ដែលមាន​ចំណងជើង​ថា «La Marseillaise» នឹងត្រូវ​យកមក​ច្រៀង​រួមគ្នា​ដោយ​អ្នកគាំទ្រ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ពហុ​កីឡដ្ឋាន Wembley​។ ហើយ​ក្រុម​អ្នកគាំទ្រ​ទាំងអស់​ត្រូវបាន​សំណូមពរ​ឲ្យ​មកកាន់​កីឡដ្ឋាន​មុនពេល​កំណត់​ដើម្បី​ឲ្យ​សន្តិសុខ​ត្រួតពិនិត្យ​អោយបាន​ហ្មត់ចត់​មុន​ចូលក្នុង​ទីលាន​។​

​សំបុត្រ​ចូល​ទស្សនា លើសពី ៧​ម៉ឺន​សន្លឹក​ត្រូវបាន​លក់​អស់​សម្រាប់​ការប្រកួត​មិត្តភាព​នេះ បើទោះបី​មាន​ព័ត៌មាន​លេច​ឮថា មាន​ជន​អត្តឃាត​បំពាក់​ដោយ​គ្រាប់បែក​ម្នាក់ ព្យាយាម​ចូលទៅក្នុង​កីឡដ្ឋាន Stade de France នា​ការប្រកួត​មិត្តភាព​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង ជាមួយ​អាល្លឺម៉ង់ ដែល​ត្រូវ​បញ្ឈប់​នៅនឹងកន្លែង​ដោយ​ក្រុម​សន្តិសុខ​ក៏ដោយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com