ជាតិ
កម្ពុជា​-​អាមេរិក​ផ្តើម​លំ​ហាត់​សមយុទ្ធ​ប្រចាំឆ្នាំ បង្កើន​សន្តិសុខ​លើ​លំហ​សមុទ្រ​
16, Nov 2015 , 9:19 pm        
រូបភាព
​ព្រះសីហនុ​៖ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក និង​កងទ័ពជើងទឹក​កម្ពុជា បានចាប់ផ្តើម​លំ​ហាត់​សមយុទ្ធ​ប្រចាំឆ្នាំ​លើក​ទី​៦ ស្តីពី​ហ្វឹកហ្វឺន និង​សហប្រតិបត្តិ​ការត្រៀម​ជាស្រេច​លើ​ផ្ទៃ​ទឹក​(CARAT)​។ ពិធី​បើក​សមយុទ្ធ​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ នៅ​ទីបញ្ជាការដ្ឋាន​កង​នាវា​ជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ​។



​លំ​ហាត់​សមយុទ្ធ CARAT រៀបចំឡើង​ក្នុង​គោលបំណង​​បង្កើន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​លើ​លំហ​សមុទ្រ​។ លោក Charles William មេបញ្ជាការ​នៃ​ក្រុមការងារ​កម្លាំង​ពិសេស​លេខ​៧៣ បាន​មានប្រសាសន៍ថា CARAT នឹងធ្វើ​ឲ្យ​កងទ័ពជើងទឹក​អាមេរិក អាច​ពង្រឹង​ទំនាក់ទំនង​កាន់តែ​រឹងមាំជាមួយ​កងទ័ពជើងទឹក​កម្ពុជា​។

CARAT នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៥​នេះ មាន​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៦​ដល់​ថ្ងៃទី​២០​ខែវិច្ឆិកា នៅ​កំពង់ផែ និង​នៅលើ​សមុទ្រ​។ នៅលើ​គោក​បុគ្គលិក​យោធា នឹងធ្វើ​ការ​ហ្វឹក​ហ្វឹ​ន​ជាក់ស្តែង ក្នុងការ​កាត់បន្ថយ​ការខូចខាត ការកំណត់​ផ្លូវ​នាវា ការថែទាំ​អ្នកស្លាប់ និង​រងរបួស​ក្នុងការ​ប្រយុទ្ធ ទស្សនកិច្ច​និង​ការការពារ​កម្លាំង ការ​ឡើងលើ​នាវា ការឆែកឆេរ និង​បច្ចេកទេស​ចាប់​នាវា​។ ចំណែក​នៅលើ​សមុទ្រ នាវា​ឈ្មោះ USS Fort Worth (LCS 3) ដែលមាន​បុគ្គលិក​៧​នាក់មក ពី​ក្រុម​នាវា​ពិឃាត Destroyer Squadron (DESRON) និង​ឧទ្ធម្ភាគចក្រ​ប្រភេទ MH-60R មួយគ្រឿង នឹងធ្វើ​ការហ្វឹកហ្វឺន​ជាមួយ​ទូក​ល្បាត​តូច​ពីរ​គ្រឿង និង​នាវា​ល្បាត​តាម​ឆ្នេរ​មួយគ្រឿង​។ ការបត់បែន និង​ការហាត់​បាញ់កាំភ្លើង​នៅលើ​នាវា ការ​ឡើងលើ​នាវា លំ​ហាត់​រុករក និង​សង្គ្រោះ ក៏មាន​នៅក្នុង​សមយុទ្ធ​នេះដែរ​។​

​ពល​ទាហានជើងទឹក​អាមេរិក​ប្រមាណ​២០០​នាក់ និង​ពល​ទាហានជើងទឹក​កម្ពុ​ជា​ច​ប្រមាណ ៣០០​នាក់ ត្រូវ​ចូលរួម​នៅក្នុង CARAT ឆ្នាំ​២០១៥​នៅ​កម្ពុជា​។ នាវា​នៃ​កងទ័ព​ជើង ទឹក​សហរដ្ឋអាមេរិក​ដែល​ចូលរួម រួមមាន​នាវា​ប្រយុទ្ធ​ក្បែរ​តំបន់ឆ្នេរ ដែលមាន​ឈ្មោះថា USS Fort Worth (LCS 3) និង​នាវា​ដែលមាន​ឈ្មោះថា USNS Safeguard (T-ARS 50)​។ អ្នកចូលរួម​ដទៃទៀត​រួមមាន​អ្នក​មុជ​ទៅ​ក្រោម​ទឹក​មកពី​ក្រុម​មុជទឹក​ចល័ត​(Mobile Dive) និង​អង្គភាព​ជួយសង្គ្រោះ Salvage Unit (MDSU) ក្រុម​ទាហាន​ប្រចាំ​តាម​តំបន់ឆ្នេរ​មួយក្រុម ក្រុម​ទាហាន នៃ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក និង​ក្រុម​តន្ត្រី​របស់​កង​នា​វាទី​៧ នៃ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក​។

​លោក អ៊ុក សីហា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ បាន​ថ្លែងថា ​លំ​ហាត់ CARAT លើក​នេះ មិន​ត្រឹមតែ​ជួយ​ពង្រឹង សមត្ថភាព ចំណេះដឹង របស់​កងទ័ពជើងទឹក​ប្រទេស​ទាំងពីរ​នោះទេ គឺ​ថែមទាំង​ជួយ​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្តភាព កិច្ច​សហ​ប្រតប​ត្តិ​ការល្អ​រវាង​ប្រទេស​ទាំងពីរ និង​កងទ័ពជើងទឹក​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ផងដែរ​។​

​សូមបញ្ជាក់ថា CARAT គឺជា​លំ​ហាត់​សមយុទ្ធ​លំហ​សមុទ្រ​ទ្វេភាគី​ប្រចាំឆ្នាំ ដែលមាន​ធ្វើជា​បន្តបន្ទាប់ រវាង​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក និង​កងកម្លាំង​នៃ​ប្រទេស​បង់​ក្លា​ដេ​ស កម្ពុជា ប្រ៊ុយណេ ឥ​ណ្តូ​នេ​ស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បូរី ថៃ និង​ប្រទេស​ទី​ម័​រ​ខាងកើត​។

​ក្រុមការងារ​ពិសេស​លេខ ៧៣ និង​ក្រុម​មកពី​នាវា​ពិឃាត​លេខ​៧ បានធ្វើ​ផែនការ​លំអិត និងកម្រិត​ខ្ពស់ ការរៀបចំ​ធនធាន និង​ជួយ​ដោយផ្ទាល់​ដល់​ដំណើរការ​សមយុទ្ធ លំហ​សមុទ្រ ដូចជា​លំ​ហាត់សមយុទ្ធCARAT សកម្មភាព​ចូលរួម​និង​ប្រាស្រ័យ​របស់​កងទ័ពជើងទឹក​ជាមួយ ប្រទេស​វៀតណាម និង​ការហ្វឹកហ្វឺន និង​សហប្រតិបត្តិការ​ពហុភាគី​នៅអាស៊ីអាគ្នេយ៍ (SEACAT) ជាមួយប្រទេស​ប្រ៊ុយណេ ឥ​ណ្តូ​នេ​ស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បូរី និង​ប្រទេស​ថៃ​៕



Tag:
 កម្ពុជា​-​អាមេរិក​
 CARAT
© រក្សាសិទ្ធិដោយ thmeythmey.com