អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ថេ​ន សេន​៖ វប្បធម៌​នយោបាយ​ថ្មី ធ្វើ​ឲ្យ​មានការ​ផ្ទេរតំណែង​ដោយ​រលូន និង ស្ថិរភាព
16, Nov 2015 , 9:39 pm        
រូបភាព
ដោយ:
​ថ្វី​ដ្បិត​ការរាប់​សន្លឹកឆ្នោត​មី​យ៉ាន់​ម៉ា​នៅ​មិនទាន់​បានបញ្ចប់​នៅឡើយ លទ្ធផល​បានបង្ហាញ​យ៉ាងច្បាស់​ហើយ​ថា បក្សប្រឆាំង​លោកស្រី​អង់​សាន ស៊ូ​ជី បានទទួល​ជ័យជម្នះ​ទាំង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ទៀតផង ។ ប្រធានបទ​បន្ទាប់​ដែល​គេ​កំពុងតែ​ដាក់​ភ្នែក​មើល​យ៉ាង​យកចិត្តទុកដាក់​នោះ គឺ​ការផ្ទេរអំណាច​របស់រ​ដ្ឋា​ភិ​បាល​ពាក់កណ្តាល​យោធា​របស់លោក ថេ​ន សេន​។​



​កាលពី​ថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​មី​យ៉ាន់​ម៉ា​លោក ថេ​ន សេន  បាន​សន្យាថា​លោក នឹង​ជជែក​ពី​ការ​ផ្ទេរតំណែង​ដោយ​សន្តិវិធី និង ការផ្សះផ្សារ​ជាតិ​ជាមួយនឹង​មេដឹកនាំ​បក្សប្រឆាំង លោកស្រី អ៊ុង​សាន ស៊ូ​ជី​នៅពេល​ឆាប់ៗ​ខាងមុខ​។ សេចក្តីប្រកាស​នេះ បានបង្ហាញ​ពី​គោលជំហ​យ៉ាងច្បាស់​របស់ លោក​ថេ​ន សេន ដ្បិត​កន្លងមក​មានតែ​អ្នកនាំពាក្យ​របស់លោក​នោះទេ​ដែល​ហ៊ាន​ចេញមុខ​អះអាង​ពី​បញ្ហា​ផ្ទេរអំណាច​នេះ​។​

​ក្នុង​សន្ទរកថា​ក្រុង​រ៉ង​ហ្គូ​ន​លោក ថេ​ន សេន បាន​សង្កត់ធ្ងន់ថា​រដ្ឋា​ភិ​បាល​ពាក់កណ្តាល​ស៊ីវិល បាន​កសាង​នូវ​មូលដ្ឋាន​មួយ​សម្រាប់​វប្បធម៌​នយោបាយ​ថ្មី​។ លោក ចង់​សំដៅថា​ទោះបីជា​មានការ​ផ្លាស់ប្តូរ នូវ​មេដឹកនាំ​ថ្មី ក៏ដោយ​ស្ថានការណ៍​នៅតែ​អាច​គ្រប់គ្រង​បាន​។​

​យោងតាម​សារព័ត៌មាន Reuters លោក​ថេ​ន សេន បានបញ្ជាក់​យ៉ាង​មុត​ម៉ាំ​ថា ៖ តួនាទី នឹងត្រូវ​ផ្ទេរ សម្រាប់​រដ្ឋាភិបាល​អាណ​ត្តិ​បន្ទាប់​ដោយ​ប្រព​ន្ធ័ និង​តាម​ពេលដែល​ត្រូវ​កំណត់​។ រដ្ឋាភិបាល​ជិត​ផុត អាណត្តិ​អាណត្តិ​រូបនេះ ក៏បាន​ធានាថា ការផ្ទេរ​តំណែង នឹងធ្វើ​ឡើង​ដោយ​រលូន និង​ស្ថិរភាព​បំផុត ដែល​គ្មាន​អ្វីដែល​ត្រូវ​ព្រួយបារម្ភ​បារម្ភ​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា មកទល់ពេលនេះ គណបក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​សំឡេង​លើសពី​សំឡេង​ភាគច្រើន​ដាច់ខាត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ពោល សំឡេង​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​។ យ៉ាងណាក៏ដោយ បញ្ហា​ធំ​សម្រាប់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតី​នោះ​គឺ លោកស្រី​ស៊ូ​ជី មិនអាច​មានលទ្ធភាព​ឈរ​ជា​ប្រធានាធិបតី​បាន ហើយ មិនទាន់មាន បេក្ខភាព​ប្រធានាធិបតី​ណា​ផ្សេងទៀត​ចេញពី​បក្ស​នេះ ត្រូវបាន​បង្ហាញ​នៅឡើយ​នោះទេ​។​

​យ៉ាងណា​ក៏ដោយចុះ មុខមាត់ និង​ជោគវាសនា​របស់​មី​យ៉ាន់​ម៉ា ត្រូវបាន​បង្ហាញ​ក្នុង​ជំហាន​ដំបូង​តាម   រយៈ​ការចូលរួម​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​ថ្ងៃទី​០៨ វិ​ច្ឆ​កា ដែលជា​ការបោះឆ្នោត​ប្រវត្តិសាស្ត្រ​បែប​លទ្ធិប្រជាធិបតេយ្យ រយៈពេល​២៥​ឆ្នាំ​។ ហើយ អ្នកកំណត់​ជោគវាសនា ចុងក្រោយ​តាម​អ្វីដែល​ប្រជាជន​មី​យ៉ាន់​ម៉ា​ចង់បាន​នោះ គឺ​ស្ថិតក្រោម​កណ្តាប់ដៃ​របស់​មេដឹកនាំ​នយោបាយ និង​មេដឹកនាំ​យោធា​កំពូល ពោលគឺ​បើ​នៅពេលនេះ ក្រុម​យោធា​នៅតែ​ចង់​តោង​តំណែង និង​ឥទ្ធិពល​នៅក្នុង​នយោបាយ នោះ ទាំង​លទ្ធិប្រជាធិបតេយ្យ និង ទាំង​ការអភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា នឹង​គ្មាន​ពន្លឺ​នោះទេ​៕


Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com