អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទាល់ច្រក​ទើប​បន្ត​គំរាម​វាយ​អាមេរិក​និង​រុស្ស៊ី​?
17, Nov 2015 , 10:02 am        
រូបភាព
​បន្ទាប់ពី​វាយប្រហារ​បារាំង​សម្លាប់​ប្រជាជន​ស្លូតត្រង់​អស់​ជាង​១០០​នាក់ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​បានប្រកាស​សងសឹក​រុស្ស៊ី និង​បន្ទាប់មក​គំរាម​វាយប្រហារ​អាមេរិក​ទៀត​។ យោងតាម​ស្ថានភាព​ជាក់ស្តែង ក្រុម​នេះ​ទំនងជា​ទាល់ច្រក​ខ្លាំង​មែនទែន ទើប​ប្រើ​យុទ្ធសាស្ត្រ​បំភ័យ និង​គំរាម​ឲ្យ​រដ្ឋ​ទាំងនោះ​ភ័យ​បាក់ស្បាត​។


​ពិភពលោក​កំពុង​ផ្តោតអារម្មណ៍​លើ​ចលនា​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ក្រោយពី​ក្រុម​នេះ​ចាប់ផ្តើម​សកម្មភាព​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ប្រទេស​មហាអំណាច​ធំៗ​។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ក្រុម​នេះ​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​រុស្ស៊ី​ដែល​ហោះ​ចេញពី​ព្រលានយន្តហោះ​អេ​ហ្ស៊ី​ប Sham el Shiek  ឆ្ពោះទៅ​ប្រទេស​រុស្ស៊ី​។ ក្រោយមក​ក្រុម​នេះ​ក៏​ចាប់ផ្តើម​បន្ត​បើក​ការវាយប្រហារ​លើ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​តែម្តង ដោយ​សម្លាប់​រង្គាល​មនុ​ស្ស​ច្រើនជាង​១២០​នាក់​។  ក្រោយ​វាយប្រហារ ក្រុម​ជ្រុលនិយម​នេះ​ក៏បាន​បង្ហោះ​ខ្សែរ​អាត់​វីដេអូ គំរាម​ឲ្យ​បារាំង​បញ្ឈប់​សង្គ្រាម​ផ្លូវអាកាស បើសិនជា​ចង់​រស់ក្នុង​សុខសន្តិភាព​ថែមទៀត​។​
 
​ដោយ​មិន​អស់ចិត្ត ក្រុម​នេះ​បន្ត​ប្រកាស​គំរាម​វាយប្រហារ​រុស្ស៊ី និង​បន្ត​មកដល់​ម្សិលមិញ​នេះ​ក៏​ស្រាប់តែ​ព្រមាន​អាមេរិក​ថា កង​ម្លាំ​ង​ខ្លួន​នឹង​អុកឡុក​ក្រុង​វ៉ាស៊ីនតោន​ឆាប់​នេះដែរ​។ យុទ្ធសាស្ត្រ​ស្នូល​របស់​ក្រុម​នេះ​គ្មានអ្វី​ក្រៅពី​បំភ័យ បន្លាច និង​ធ្វើ​ឲ្យ​សត្រូវ​បាក់ស្បាត បោះបង់ចោល​សមរភូមិ​ឡើយ​។ ក្រុម​នេះ​ទទួលជោគជ័យ​ដោយ​បំភិតបំភ័យ​ប្រជាជន​ពិភពលោក ដោយ​បង្កើត​វីដេអូ​កាត់​ក ដុត​សម្លាប់​មនុស្ស​ទាំង​រស់ បាញ់សម្លាប់​ស្រស់ៗ​ជាដើម​ផង​។ ហើយ​កន្លងមក​ដែរ ប្រទេស​មិនតិច​ទេ​ដែល​ចង់​កម្ចាត់​ភេរវជន តែ​ស្ទាក់ស្ទើរ​បន្តិច​ផង ភ័យព្រួយ​បន្តិច​ផង ក៏​សុខចិត្ត​ដកខ្លួន​វិញ​។ ដូច្នេះ​ការ​គំរាម​របស់​ក្រុម​នេះ​ថា​នឹង​វាយប្រហារ​រុស្ស៊ី​និង​អាមេរិក​បន្តបន្ទាប់​គ្នា អាចជា​យុទ្ធសាស្ត្រ​បំភ័យ និង​បំបាក់ស្បាត​ច្រើនជាង​ការពិត​។​
 
​តាមពិតទៅ វា​មិន​ស្រួល​ដូច​និយាយ​ទេ ព្រោះ​យោងតាម​ស្ថានភាព​ជាក់ស្តែង​ក្រុម​នេះ​កំពុង​បន្ត​បាត់បង់​ចំណូល​ដែល​រកបាន​ពី​ការជួញដូរ​ប្រេង បាត់បង់​ទីតាំង​សំខាន់ៗ និង​បាត់បង់​សកម្មប្រយុទ្ធ​មិនតិច​ដែរ​។ បើតាម​របាយការណ៍​ក្រុង​វ៉ាស៊ីនតោន ក្រុម​នេះ​បាន​បាត់បង់​ទឹកដី​ដែល​ខ្លួន​កាន់កាប់​ប្រហែល​២៥​ភាគរយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​
 
​ការវាយប្រហារ​លើ​បារាំង ហើយ​គំរាម​វាយ​អាមេរិក​និង​រុស្ស៊ី​មិន​ខុសពី​មរ​មា​ច​ប្រឡែង​ភ្លើង​ឡើយ ព្រោះ​រដ្ឋ​ទាំងនោះ​ជា​ប្រទេស​មហាអំណាច​មិនមែន​ប្រទេស​តូចតាច​ដូច​រដ្ឋ​អាហ្វ្រិក ឬ​មជ្ឈិមបូព៌ា​មួយចំនួន​ឡើយ​។ ប្រទេស​ទាំងនេះ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ ទោះជា​មិនសូវមាន​និន្នាការ​ត្រូវ​គ្នា​ប៉ុន្មាន​ក៏ដោយ ព្រោះ​គេ​មាន​សត្រូវ​រួម​។ ដូចដែល​ឃើញស្រាប់​កាលពី​ថ្ងៃអាទិត្យ​ក្រៅ​កិច្ចប្រជុំ​ប្រទេស​២០ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួប​ជជែក​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​បញ្ហា​ស៊ី​រី និង​ពង្រឹង​និង​បង្កើន​ការប្រឹងប្រែង​កម្ចាត់​ក្រុម​ជ្រុលនិយម​។ ហើយ​នៅពេល​ឆាប់ៗ​ខាងមុខ​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ នឹង​ទៅ​ក្រុង​ញូវយ៉ក​និង​ម៉ូស្គូ ដើម្បី​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​ការរួម​កម្លាំង​គ្នា​យកឈ្នះ​លើ​ភេរវកម្ម​ជ្រុលនិយម​។ បណ្តា​រដ្ឋ​មហាអំណាច​និង​រដ្ឋ​អឺរ៉ុប កំពុង​ព្យាយាម​បង្កើត​យុទ្ធសាស្ត្រ​ថ្មី ដោយ​ដោះស្រាយ​វិបត្តិ​ស៊ី​រី បន្ត​កាត់ផ្តាច់​ចំណូល​ក្រុម​នេះ បង្កើន​ការសហការ​ចែករំលែក​របាយការណ៍​ចារកម្ម​និង​រឹតបន្តឹង​សន្តិសុខ​តំបន់​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​របស់​បណ្តាជន​បរទេស​ទៅធ្វើ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ផង​៕

Tag:
 ភេរវជន​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com