អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី​៖ ក្រុម ISIS ជ្រើសរើស​សមាជិក​ពី​អាស៊ាន ព្រោះ​ប្រជាជនមាន​ទេពកោសល្យ​
18, Nov 2015 , 10:39 am        
រូបភាព
ដោយ:
 
​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី បាន​អះអាងថា​មូលហេតុ​ដែល​ក្រុម​ឧទ្ទាម​ជ្រុលនិយម បាន​យក​តំបន់​អាស៊ីអាគ្នេយ៍​ជា​កន្លែង​ដើម្បី​ជ្រើសរើស​សមាជិក​របស់​ពួកគេ ដ្បិត​ប្រជាជន​នៅ​នេះ មាន​ទេពកោសល្យ ។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។




​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ លោក​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី Nur Jazlan Mohamed បាន​បញ្ជាក់ថា តំបន់​អាស៊ីអាគ្នេយ៍​បាន​ក្លាយជា​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ក្រុម​ឧទ្ទាម​ជ្រុលនិយម​ដែល​រួមបញ្ចូល​ទាំង ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​។ ហើយ​នោះ ក៏​ព្រោះតែ​ប្រជាជន​នៅក្នុង​តំបន់​នេះ មាន​ភាព​វ័យឆ្លាត និង មាន ទេពកោសល្យ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន Channel News Asia លោក Nur Jazlan បានចាត់ទុក​ការប្រកាស​ជ្រើសរើស​សមាជិក​ថ្មី​របស់​ក្រុម​ជ្រុលនិយម គឺជា​គំរូ​ចាស់​ដែល​បាន​ធ្លាប់​កើតឡើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បានបង្ហាញ​យ៉ាងច្បាស់​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០០០ ។ 
 
​លោក Nur Jazlan បាន​បន្ថែមទៀតថា សកម្មភាព​ក្រុម​រដ្ឋ​ឥស្លាម គឺជា​ការគំរាមកំហែង​សកល ហើយ ពេលនេះ បញ្ហា​នេះ ក៏បាន​ក្លាយជា​ការគំរាមកំហែង​មួយ​នៅក្នុង​តំបន់​អាស៊ាន ដ្បិត ពួកក្រុម​ជ្រុល និយម​យក​តំបន់​អាស៊ាន ជា​កន្លែង​ជ្រើសរើស​សមាជិក​របស់​ពួកគេ​។ ជាក់ស្តែង​នោះ ក្រុម​ជ្រុលនិយម រដ្ឋ​ឥស្លាម ISIS បានចាត់ទុក​ប្រជាជន​នៅ​អាស៊ីអាគ្នេយ៍​ថា មាន​ទេពកោសល្យ ជាពិសេស​លើ​ផ្នែក​វិទ្យាសាស្ត្រ​ដែលជា​ឈ្នាន់​មួយ​សម្រាប់​ពួកគេ​ប្រតិ​ប​ត្ត​ការ​។ 
 
​លោក Nur Jazlan ទ​ទួ​ច​ឲ្យ​មាន​សហប្រតិបត្តិការ​ក្នុង​តំបន់ និង សង្ឃឹមថា​គម្រោង​នៃ​ការ​ដំណើរការ សហគមន៍​សន្តិសុខ និង នយោបាយ​អាស៊ាន នឹង​អាចជួយ​រឹតបណ្តឹង​សន្តិសុខ និង ការគំរាមកំហែង​ពី​ចលនា​ក្រុម​ជ្រុលនិយម​។ 
 
​សូមបញ្ជាក់​ផងដែរ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ  ក្រុម​ភេរ​ជន​រដ្ឋ​ម៉ាឡេស៊ី ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់ អតីត​គ្រូ​សកលវិទ្យា​ល័យ ម៉ា​ឡា​យ៉ា Mahmud Ahmad ដែល​កំពុង​លាក់ខ្លួន​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​បានប្រកាស​បង្កើត​សាខា​ថ្មី​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជា​ផ្លូវការ​នៅ​អាស៊ីអាគ្នេយ៍​។  គោលបំណង​សំខាន់​របស់​ភេរវជន​ខាងលើ​គឺ​ប្រមូលផ្តុំ​បណ្តា​ភេរវជន និង​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​តំបន់​ពី​ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬ​អាច​ក្រុម​ឧទ្ទាម​ភាគខាងត្បូង​ប្រទេស​ថៃ​ផង​នោះ ក្នុងនោះ​មាន​ទាំង​ក្រុម​ភេរវជន Jemaah Islamiah និង​ក្រុម Abu Sayyaf ។ ចំណែក ក្រុម​ធំៗ​ផ្សេងទៀត​មាន​ក្រុម Tanzim Al-Qaeda និង Kumpulan Mujahidin នៅ​ម៉ាឡេស៊ី និង​ក្រុម Darul Islam នៅ​កោះ​Sabah៕ 

© រក្សាសិទ្ធិដោយ thmeythmey.com