ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ​CNRP នឹងដាក់​សំណើ​ទៅ​លោក សម រង្ស៊ី ម្តងទៀត ក្រោយ​កិច្ចប្រជុំ​រសៀល​នេះ​
18, Nov 2015 , 12:43 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​រសៀល​នេះ ក្រុមតំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា និង​សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី នឹង​ជួបប្រជុំគ្នា​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស នា​វេលា​ម៉ោង ២ រសៀល នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​។  


​បើតាម​លោក ប៉ុល ហំ​ម កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​រូបលោក​ក្នុងនាម​ជា​ប្រធានស្តីទី នឹង​លើកឡើង​ពី​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មកកាន់​ប្រទេស​កម្ពុជា​វិញ និង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះ​លោក អេង ឆៃអ៊ាង មន្ត្រី​ស្និទ្ធ​នឹង​លោក សម រង្ស៊ី បាន​ប្រាប់​កាសែត Cambodia Daily កាល​ម្សិលមិញ​ថា ក្រោយពី​កិច្ចប្រជុំ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​សំណើ​ទៅ​លោក សម រង្ស៊ី ដើម្បី​ឲ្យ​លោក​ប្រមុខ​បក្សប្រឆាំង​សម្រេចចិត្ត​ជុំវិញ​ដំណើរ​មកកាន់​កម្ពុជារ​ប​ស់លោក​។ ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង ក៏បាន​បដិសេធ​នូវ​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា លោក សម រង្ស៊ី នឹង​ត្រឡប់មក​កម្ពុជា​នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា ដែរ​៕

Tag:
 ប៉ុល ហំ​ម​
  សម រង្ស៊ី​
 ​អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com