អន្តរជាតិ
លោក ពូ​ទីន សន្យា​តាម​កម្ចាត់​ក្រុម​ភេរវជន ISIS ឲ្យ​ដល់ទី​បំផុត​
18, Nov 2015 , 9:59 pm        
រូបភាព
​បុរស​ខ្លាំង​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាសថា រុស្ស៊ី​នឹង​សងសឹក​ដោយ​ដាក់ទណ្ឌកម្ម​ក្រុម​រដ្ឋ​ឥស្លាម ទោះ​ក្រុម​នេះ​ស្ថិត​នៅទីណា​ក៏ដោយ​។ មេដឹកនាំ​រុស្ស៊ី​បាន​អះអាង​ដូច្នេះ​ក្រោយ​ពេលដែល ក្រុម​ស៊ើបអង្កេត​រុស្ស៊ីប្រកាសថា ក្រុម​ភេរវជន​រដ្ឋឥស្លាម​នៅស៊ីរីនិងអ៊ីរ៉ាក់នេះឯង​ជា​អ្នក​នៅ​ពីក្រោយ​ការធ្លាក់​យន្តហោះ​រុស្ស៊ី​នៅ​អេ​ហ្ស៊ី​ប​។



សូមស្តាប់ព័ត៌មានលម្អិត៖



​និយាយ​ក្នុង​ទឹកមុខ​ប្រកបដោយ​កំហឹង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សន្យាថា​នឹង​តាម​ព្យាបាទ​ក្រុម​រដ្ឋ​ឥស្លាម និង​ដាក់ទណ្ឌកម្ម​ក្រុម​នេះ​ឲ្យ​សម​នឹង​អំពើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​កន្លងមក​។ លោក ពូ​ទីន ក្តៅក្រហាយ​ខ្លាំង​ដោយសារ​ក្រុម​ភេរវជន​នេះ​បន្ត​អុកឡុក​ពិភពលោក និង​គំរាមកំហែង​ជីវិត​ប្រជាជន​រុស្ស៊ី​។​

​លោក ពូ​ទីន​បាន​លើកឡើងថា​៖« យើង​នឹង​ស្វែងរក​ក្រុម​នេះ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅលើ​ពិភពលោក ហើយ​និង​ដាក់ទណ្ឌកម្ម​ពួកគេ​»​។  សម្តី​របស់លោក ពូ​ទីន បញ្ជាក់​កាន់តែច្បាស់​ហើយ​ថា ទោះ​ក្រុម​នេះ​លាក់ខ្លួន​នៅទីណា​ក៏ដោយ រុស្ស៊ី​នឹងមិន​ខ្លាច​តាម​កម្ចាត់​ក្រុម​នេះ​ទេ​។

​តាមពិតទៅ​លោក ពូ​ទីន ខឹង​ខ្លាំង​បែបនេះ​ក្រោយ​ពេលដែល​ក្រុម​ស៊ើបអង្កេត​បានប្រកាសថា យន្តហោះ​ស៊ីវិល​របស់​រុស្ស៊ី​ដែល​ធ្លាក់​នៅ​ស៊ី​ណៃ​នោះ​គឺ​ដោយសារ​ស្នាដៃ​របស់​ក្រុម​ភេរវជន​។ ការគំរាមកំហែង​ជីវិត​ប្រជាជន​រុស្ស៊ី​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក ពូ​ទីន ខឹង​ខ្លាំងណាស់​នោះ​។​

​គេ​ឃើញថា យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​បានចាប់ផ្តើម​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​តាំងពី​ចុងខែ​កញ្ញា​កន្លងមក​នោះបាន​បង្កើន​សកម្មភាព​របស់ខ្លួន​កាន់តែខ្លាំង​ដោយ​វាយ​សន្ធប់​លើ​ទីតាំង​សំខាន់ៗ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។​

-​រុស្ស៊ី​ដ​ង្ហើ​យ​ឲ្យ​លោកខាងលិច​និង​ខាងកើត​សហការគ្នា​តបត​សង្គ្រាម​ប្រឆាំង​អារ្យ​ប្រទេស​
​ក្រោយ​ក្រុម​ភេរវជន​អុកឡុក​អឺរ៉ុប រដ្ឋាភិបាល​រុស្ស៊ី បានចាប់ផ្តើម​អំពាវនាវ​ឲ្យ​បណ្តា​រដ្ឋ​ទាំងអស់​សាមគ្គី និង​រួមដៃគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ​ដោយ​បញ្ចប់​ចលនា​ភេរវកម្ម​នេះ​។ ក្នុង​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ហ្វីលីពីន នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Medvedev បាន​ដ​ង្ហើ​យ​ឲ្យ​បណ្តា​ប្រទេស​មហាអំណាច​លោកខាងលិច​និង​ខាងកើត​ពួតដៃគ្នា​ដើម្បី​ប្រឆាំង​សត្រូវ​រួម​។ មន្ត្រី​កំពូល​រុស្ស៊ី​រូបនេះ​បាន​ហៅ​ការអុកឡុក​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ថា​ជា «​សង្គ្រាម​ប្រឆាំង​អារ្យ​ប្រទេស​» ហើយ​លោក​ចាត់ទុក​ឲ្យ​រុស្ស៊ី​ឯកោរ​របស់លោក​ខាងលិច​កន្លង​មកជា​កំហុសឆ្គង​មួយ​ផងដែរ​។ នាយករដ្ឋមន្ត្រី​រូបនេះ​រូបនេះ​ក៏បាន​ឆ្លៀត​ព្រលះ​លោកខាងលិច​ផងដែរ​ជុំវិញ​បញ្ហា​អសមត្ថភាព​ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវជន​។ លោក​បាន​គូសបញ្ជាក់ថា ប្រទេស​មហាអំណាច​មួយ​ក៏​អាចធ្វើ​សង្គ្រាម​ប្រឆាំង​ភេរវជន​បានដែរ ប៉ុន្តែ​បើ​ប្រទេស​មហាអំណាច​ច្រើន​រួមគ្នា​ដើម្បី​កម្ចាត់​ភេរវជន វា​នឹង​កាន់តែ​ពិសេស​និង​មាន​ប្រសិទ្ធភាព​។​

-​រុស្ស៊ី​ឈានទៅ​សហការ​ជាមួយ​អាមេរិក​និង​បារាំង​
​បច្ចុប្បន្ននេះ រុស្ស៊ី​មិនមែន​តាម​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ម្នាក់ឯង​ទេ​។ ក្រៅពី​សហការ​ជាមួយ​ដៃគូ​ក្នុង​តំបន់​ដូចជា​រដ្ឋាភិបាល​លោក បា​សា អាសាដ រដ្ឋាភិបាល​អ៊ីរ៉ង់ និង​ក្រុម​ហេ​ស្បូ​ឡា រុស្ស៊ី​ក៏​កំពុងតែ​ឈានទៅរក​ការសហការ​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​លោកខាងលិច​មានបារាំង​និង​អាមេរិក​ជាដើម​។ ជំនួប​រវាង​លោក ពូ​ទីន និង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​នៅក្រៅ​កិច្ចប្រជុំ​ប្រទេស​២០​នៅ​តួ​ក​គី បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​មេដឹកនាំ​ទាំង​ក្នុងការ​ឈានទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​នៅ​ស៊ី​រី និង​ឈានទៅ​សហការគ្នា​កម្ចាត់​ចលនា​ភេរវកម្ម​។ ប៉ុន្តែ​លោក ពូ​ទីន ក៏​ឆ្លៀត​បរិហារ​ប្រទេស​លោកខាងលិច​ជា​សមាជិក​ក្រុម​ប្រទេស​២០​មួយចំនួន​ផងដែរ ដែល​បាន​រកស៊ី​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​។​

​ដោយឡែក​រុស្ស៊ី​ក៏​នឹង​ប្រកៀក​ស្មារ​ជាមួយ​រដ្ឋាភិបាល​ក្រុងប៉ារីស​ដើម្បី​ប្រមាញ់​ក្រុម​ភេរវជន​ដូចគ្នា​ដែរ​។ លោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ បានប្រកាស​ស្រេច​ថា​លោក​នឹង​ទៅ​ម៉ូស្គូ ដើម្បី​សុំ​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រេ​ម​ឡាំង ក្នុង​ការពង្រឹង​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ភេរវជន​។ ដោយសារ​លោកខាងលិច​ត្រូវការ​ការសហការ​ពី​រុស្ស៊ី​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន វិបត្តិ​អ៊ុយ​ក្រែ​ន​ត្រូវគេ​ផ្អឹប​ទុក​មួយ​ឡែក​សិន​៕   


© រក្សាសិទ្ធិដោយ thmeythmey.com