ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហោ ណាំហុង ប្រាប់​អង្គទូត​ថា​ក្ដី​ក្ដាំ​រវាង​លោក និង​លោក សម រង្ស៊ី ជា​រឿង​បុគ្គល​
19, Nov 2015 , 12:00 pm        
រូបភាព
 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ហៅ​ប្រមុខ​ការទូត​ប្រចាំ​កម្ពុជា និង​ការិយាល័យ​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា មក​ពន្យល់​ប្រាប់​ពី​បញ្ហានយោបាយ​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី​។ លោក ហោ ណាំហុង ក៏បាន​លើកយក​បញ្ហា​អំពី​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និងការដក​លោក កឹម សុខា ចេញពី​តួនាទី​អនុប្រធានរដ្ឋសភា ទៅប្រាប់​អង្គទូត​ដែរ​។


 
​នៅ​ចំពោះមុខ​ប្រមុខ​ការទូត​ជាង​២០​ប្រចាំ​កម្ពុជា​នោះ​លោក ហោ ណាំហុង បាន​ផ្ដោត​សំខាន់​លើ​បញ្ហា​ក្ដី​ក្ដាំរវាង​លោក និង​លោក សម រង្ស៊ី ទៅ​ពន្យល់​ប្រាប់​ប្រធាន​បេសកម្ម​ការទូត​ថា បញ្ហា​ក្ដី​ក្ដាំ​នេះ​គឺជា​រឿង​បុគ្គល មិនមាន​ជាប់​ពាក់ព័ន្ធ​និង​បញ្ហានយោបាយ​រវាង​គណ​បក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ លោក ហោ ណាំហុង បានបញ្ជាក់ប្រាប់​អង្គទូត​ទៀតថា លោក​បានឈ្នះ​លើ​បញ្ហា​ក្ដី​ក្ដាំង​ជាមួយ​លោក សម រង្ស៊ី ចំនួន៣​ដង​ហើយ​នៅ​ប្រទេស​បារាំង​។​
 
​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន រដ្ឋមន្ត្រី​ក្រសួងការបរទេស​រូបនេះ បានបញ្ជាក់​យ៉ាងណា​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ជម្រាប​អង្គទូត​ថា មិនមែនជា​ទំនាស់​រវាង​គណបក្ស​និង​គណបក្ស​ទេ​។ មិនមែន​បញ្ហានយោបាយ​ទេ ជា​បញ្ហា​ឯកឧត្តម សម រង្ស៊ី ចំពោះ​ខ្ញុំ​…​។​ដូច្នេះ​ការចេញ​ដីកា​តាម​ការសុំ​របស់​មេ​ធា​វី​ខ្ញុំ​នេះ មិនមាន​ការបង្គាប់​ពី​ខ្ញុំ ឬក៏​មិន​មានការ​ញុះញង់ ឬក៏​ណែនាំ​ពី​អ្នកណា​ទាំងអស់​។​ទាំង​ខ្ញុំ ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យើង​អត់​ដឹង​សោះ អំពី​អ្វីដែល​មេធាវី​ខ្ញុំ​បានធ្វើ ដូច្នេះ​អត់​មានការ​គាបសង្កត់​នយោបាយ អត់​មានការ​ជ្រៀតជ្រែក​ពី​ខាង​គណបក្ស​ទេ​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក ហោ ណាំង​ហុង ដែល​បានបន្ដ​ប្រាប់​អង្គទូត​ទៀតថា លោក សម រង្ស៊ី តែងតែ​បរិហា​កេ​រ្ត៍​ទៅលើ​មនុស្ស​គ្រប់គ្នា ដោយ​ពុំដែល​ទទួលខុសត្រូវ​ពាក្យសំដី​របស់ខ្លួន​ក្នុងការ​ចោទប្រកាន់​គេ​នោះឡើយ​។​
 
​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រដ្ឋសភា​ប្រកាស​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិក​ភាពជា​សមាជិក​រដ្ឋសភា មណ្ឌល​ខេត្តកំពង់ចាម នីតិកាល​ទី​៥ តាម​មាត្រា​ទី​១៤ នៃ​ច្បាប់​ស្ដីពី​លក្ខ​តិកៈ​តំណាងរាស្ត្រ​៕
 

Tag:
 ហោ ណាំហុង
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com