បទយកការណ៍ / បទសម្ភាសន៍
​សន្និបាត​បញ្ញវន្ត​ពិភពលោក បង្ហាញពីសក្តានុពល​ធនធាន​មនុស្សរបស់កម្ពុជា​
11, Dec 2015 , 12:30 pm        
រូបភាព
​ប្រធាន idp Education ប្រចាំ​ប្រទេស​កម្ពុជា លោក ម៉ៅ ស្រេង បានផ្តល់​បទសម្ភាសន៍​ដល់​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មាន​ថ្មីៗ ដើម្បី​បង្ហាញ​អំពី​សារប្រយោជន៍ និង​គោលបំណង​នៃ​ការរៀបចំ «​សន្និបាត​បញ្ញវន្ត​ពិភពលោក​» លើក​ទី​២ នៅក្នុង​ខែមករា​ខាងមុខនេះ​។ លោក ម៉ៅ ស្រេង ពន្យល់ថា សន្និបាត​បញ្ញវន្ត​ពិភពលោក នឹង​បង្ហាញ​ពី​ទំហំ​នៃ​ធនធានមនុស្ស​សំខាន់ៗ​របស់​កម្ពុជា​ផង និង​ជា​វេទិកា​នៃ​ការជជែក​ជំរុញ​មុខ​ជំនួញ និង​ជំនាញ​របស់​អ្នកចូលរួម​ដែលជា​បុគ្គល​សំខាន់ៗ​ផង​។​



​សូម​លោក​អ្នកអាន និង​ស្តាប់​បទសម្ភាសន៍​ខាងក្រោម​នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​៖



លោក លាង ដឺ​លុច​៖ នៅ​ចុងខែ​មករា​ឆ្នាំ​២០១៦​ខាងមុខនេះ ពោលគឺ​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០​ខែមករា idp Education នឹង​រៀបចំ​មហាសន្និបាត​បញ្ញវន្ត​ពិភពលោក (Global Alumni Convention) ជា​លើក​ទី​២ ។ វា​គឺជា​ព្រឹត្តិការណ៍​នៃ​ការជួបជុំ​បញ្ញវន្ត​ខ្មែរ និង​បរទេស ដែល​បញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស​ជឿនលឿន​ជាច្រើន​។ សំណួរ​ដំបូង​របស់ខ្ញុំ​គឺថា តើ​ហេតុអ្វី idp Education សម្រេច​រៀបចំ សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ ជាថ្មី​ម្តងទៀត​?

​លោក ម៉ៅ ស្រេង​៖ អរគុណ​លោក​ដែល​បា​សួរ​ព័ត៌មាន​ទាក់ទង​នឹង​ការរៀបចំ​សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ នៅ​ចុងខែ​មករា​ឆ្នាំ​២០១៦ ជា​លើក​ទី​២ នៅ​កម្ពុជា​។ សារសំខាន់​ដែល​យើង​ទទួលបាន​ពី​ការរៀបចំ​កម្មវិធី​នេះ គឺ​ការជួប​ជុំគ្នា​រវាង​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ក្តី និង​បរទេស​ក្តី ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅលើ​ការងារ​អភិវឌ្ឍន៍​ថ្មីៗ ដើម្បី​ចែករំលែក​គ្នា ក៏​ដូចគ្នា​បង្កើត​ទំនាក់ទំនង និង​ឈានទៅរក​ការបណ្តាក់ទុន​រួមគ្នា ធ្វើ​ការងារ​រួមគ្នា​ផងដែរ​។ ហើយ​ឱកាស​ដ៏​ល្អ​នេះ នឹងមាន​ការចូលរួម​ពី​សំណាក់​សភាពាណិជ្ជកម្ម​ប្រទេស​នានា​ដែល​នៅ​កម្ពុជា ក៏​ដូច​សភា​យុវជន​របស់​កម្ពុជា​ដែរ​។ ខ្ញុំ​ក៏មាន​មោទនភាព​ដែរ ដោយមាន​ការគាំទ្រ​ពី​ស្ថានទូត​នានា ជាពិសេស​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ដែលជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក លាង ដឺ​លុច​៖ មានការ​រៀបចំ​ជា​លើក​ទី​២​នេះ គឺ​ក៏​ព្រោះតែ​សន្និបាត​បញ្ញវន្ត​ពិភពលោក លើក​ទី​១​ទទួលបាន​ជោគជ័យ មែនដែរ​ឬទេ​?

​លោក ម៉ៅ ស្រេង​៖ ខ្ញុំ​សូម​ជម្រាប​ឡើងវិញ​ដែរ​ថា លើក​ទី​១ ដែល idp education រៀបចំឡើង​ក្នុង​ឆ្នាំ​២០១៥ នោះ ទទួលបាន​ការចូលរួម​ពី​សំណាក់​និស្សិត​ដែល​សិក្សា​នៅ​កម្ពុជា​ក្តី និង​នៅ​បរទេស​ក្តី និង​ជនបរទេស ទាំងអស់​ជិត​៤០០​នាក់​។ ដោយ​ឃើញ​ការចូលរួម​យ៉ាង​កុះករ និង​ឃើញ​ពី​សារប្រយោជន៍​នៃ​កម្មវិធី​នេះ យើង​ក៏បាន​សម្រេច​ថា​បន្ត​រៀបចំ​កម្មវិធី​នេះ​ទៀត និង​ជាប្រចាំ​ឆ្នាំ​។

​លោក លាង ដឺ​លុច​៖ វា​គឺជា​ការរៀបចំ​ឡើង​លើក​ទី​២ ហើយ​មាន​រយៈពេល​វែង​ជាង​ឆ្នាំ​កន្លងទៅ​បន្តិច​។ ប៉ុន្តែ​ការចូលរួម​នេះ តម្រូវ​ឲ្យ​មានការ​បង់ថ្លៃ​។ បើ​គេ​ប្រញាប់​ចុះឈ្មោះ​កាន់តែ​ឆាប់ វា​មានតម្លៃ​អប្បបរមា​មួយ ប៉ុន្តែ​បើ​ចុះឈ្មោះ​កាន់តែ​ជិត​ដល់​ព្រឹត្តិការណ៍​នោះ តម្លៃ​កាន់តែ​ថ្លៃ​។ ប៉ុន្តែ​សំណួរ​របស់ខ្ញុំ​គឺថា ឆ្លងតាម​ការរៀបចំ​លើកទីមួយ​ផង តើ​អ្នក​មក​ចូលរួម ពួកគេ​នឹង​ចំណេញ​អ្វី ជា​ប្រយោជន៍​របស់​ពួកគេ​?

​លោក ម៉ៅ ស្រេង​៖ អរគុណ​លោក​ដែល​បានបញ្ជាក់​ពី​បញ្ហា​នេះ​។ កម្មវិធី​ឆ្នាំ​ទី​២ នៅ​ចុងខែ​មករា​ខាងមុខនេះ នឹងមាន​រយៈពេល​វែង​ជាង​ឆ្នាំ​ទីមួយ​។ គឺ​ជាង​មួយថ្ងៃ​។ យើង​បង្កើន​ពេលវេលា​យ៉ាង​ដូច្នេះ គឺ​ដើម្បី​បង្កើន​ឱកាស​កាន់តែ​ច្រើនឡើង ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា ជជែក​វែកញែក​លើ​ប្រធានបទ​សំខាន់​ផ្សេងៗ ទាក់ទង​នឹង​ជំនាញ​ចាំបាច់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឬ​ក្នុង​វិស័យ​សិក្សាធិការ​អប់រំ​។ ការចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​ដំបូង គឺ​ពិធី​ជួបជុំ​រវាង​អ្នកសិក្សា​ពី​បរទេស និង​ពី​កម្ពុជា​ក្តី ជាមួយ​ស្ថាប័ន​អ្នកជំនួញ​ធំៗ និង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​។​
​ហើយ​ការសម្រេច​បង់ថ្លៃ​នេះ គឺ​ដោយសារតែ​មានការ​ចំណាយ​ច្រើន​លើ​សកម្មភាព​ផ្សេងៗ​។ ហើយ​ដោយសារតែ​ការចំណាយ​នេះហើយ បានជា​មានការ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​បន្ថយ​តម្លៃ​ដែល​អ្នកចូលរួម​ត្រូវ​បង់​។​

​លោក លាង ដឺ​លុច​៖ នៅក្នុង​ការរៀបចំ​សន្និបាត​នេះ វា​នឹង​ត្រូវមាន​ការពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ជាច្រើន​ផងដែរ ដូចជា ការរៀបចំ​កម្មវិធី​អរ​ប់​រំ និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំនាញ ឲ្យ​ស្រប​ទីផ្សារការងារ ការបង្កើត​អាជីវកម្ម​ដំបូង បញ្ហា​សំណង់ និង​ការរៀបចំ​ក្រុង និង​ស្ត្រី​ក្នុង​សហគ្រិនភាព​ជាដើម​។ ខ្ញុំ​យល់ស្រប​ថា ប្រធានបទ​ជាច្រើន​ទាំងនេះ​សុទ្ធតែ​សំខាន់​។ ប៉ុន្តែ​តើ​មាន​ប្រធានបទ​ណាមួយ​ដែល​ពិសេស​ជាងគេ ដែល​សន្និបាត​នឹង​ផ្តោតទៅលើ​ដែរឬទេ​?

​លោក ម៉ៅ ស្រេង​៖ សន្និបាត​លើក​ទី​២​នេះ នឹង​លើកយក​ប្រធានបទ​ក្តៅ​សំខាន់​មួយចំនួន​ទាក់ទង​នឹង​កម្ពុជា និង​ការធ្វើសមាហរណកម្ម​អាស៊ាន និង​ពិភពលោក​។ ប្រធានបទ​ទាំង​១០​សុទ្ធតែ​សំខាន់​ទាំងអស់​។ តែ​ការផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស គឺ​វិស័យ​អប់រំ ជំនាញ​ស្នូល​មួយចំនួន​ខាង​ផ្នែក​បច្ចេកទេស ដូច​ក្រសួង​អប់រំ​បាន​ជំរុញ​ឲ្យ​សិស្ស​និស្សិត​ជ្រើសរើស​រៀន​មុខវិជ្ជា​ទាក់ទង​នឹង​បច្ចេកទេស​នេះ ដែល​យើង​យល់ថា វា​ជា​មុខជំនាញ​ដែល​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​រីកចម្រើន​ក្នុងពេល​អនាគត​។ នេះ​ទីមួយ​។ ទី​ពីរ គឺ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល ពិសេស​ទាក់ទង​នឹង​ស្តង់ដារ​សេវាកម្ម​សុខាភិបាល​សាធារណៈ​របស់​កម្ពុជា ដោយមាន​ការចូលរួម​ពី​មន្ទីរពេទ្យ​ឯកជន​មួយចំនួន​។ ប៉ុន្តែ​ពួកគេ​ក៏​ជជែក​ផងដែរ​ពី​ការលំបាក​មួយចំនួន​ក្នុងការ​បំពេញការងារ​ជា​គ្រូពេទ្យ​។​

​លោក លាង ដឺ​លុច​៖ ខ្ញុំ​ធ្លាប់បាន​ចូលរួម​ក្នុង​សន្និបាត​នេះ​កាលពី​លើកទីមួយ​។ ខ្ញុំ​ទ​ទួ​ស្គាល់​ថា​អ្នកចូលរួម​ពិតជា​ទទួលបាន​ពិសោធន៍ និង​ចំណេះដឹង​មែន រួមទាំង​ការបង្កើត​ទំនាក់ទំនង​កាន់តែ​ទូលាយ​។ ប៉ុន្តែ​ខ្ញុំ​មាន​សំណួរ​ទូលាយ​មួយ​។ តើ​សន្និបាត​បញ្ញវន្ត​ពិភពលោក Global Alumni  Convention ផ្តល់​សារប្រយោជន៍​អ្វី​ទៅដល់​កម្ពុជា​?

​លោក ម៉ៅ ស្រេង​៖ ការដែល​អាចមាន​ពិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ​បាន វា​បានបង្ហាញ​ពី​សក្តានុពល​មួយ​ដែលថា យើង​មាន​ធនធានមនុស្ស​ច្រើន​ក្នុង​រយៈពេល​នៃ​ការកសាង​៣០​ឆ្នាំនេះ ទាំង​ធនធានមនុស្ស​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។ អ៊ីចឹង​យើង​ឃើញ​ទំហំ​បញ្ញវន្ត​យើង​ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ដែល​ក៏​កំពុង​បន្ត​កើន នៅពេលដែល​ពួកគេ​កំពុង​ត្រឡប់​មកពី​បរទេស​ជា​រៀងរាល់ឆ្នាំ​។ ការជួបជុំ​នេះ ជា​មធ្យោបាយ​មួយ​ដែល​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ​ដែល​ពួកគេ​បានបញ្ចប់​នៅ​បរទេស និង​កម្ពុជា​នោះ កាន់តែ​ប្រសើរឡើង​។ ដូច្នេះ​សន្និបាត​នេះ​នឹងធ្វើ​ឲ្យ​មានការ​រៀនសូត្រ​កាន់តែ​លឿន​ជាង​មុន​។ បើសិនជា​យើង​មាន​គ្នាច្រើន​ដែល​ជជែក​លើ​រឿង​អ្វីមួយ​នោះ គឺ​ធ្វើ​ឲ្យ​មាន​កំណើន​ចំណេះដឹង​យើង​រៀងៗ​ខ្លួន​។​

​លោក លាង ដឺ​លុច​៖ ដូច្នេះហើយ​បានជា​នៅក្នុង​សន្និបាត​នេះ ក៏មាន​ការចូលរួម​ពី​ឥស្សរជន​ក្នុង​រដ្ឋាភិបាល និង​ពី​វិស័យ​ឯកជន និង​ស្ថានទូត​ផងដែរ​?

​លោក ម៉ៅ ស្រេង​៖ បាទ លោក ដឺ​លុច​។ យើង​នឹង​ទទួលបាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល ដែល​មកពី​វិស័យ​ដែល​ទាក់ទង​នឹង​ប្រធានបទ​ដែល​យើង​បានកំណត់​នៅក្នុង​ឆ្នាំ​ទី​២​នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ​។ ក៏មាន​ការចូលរួម​ពី​មន្ត្រី​ស្ថានទូត​ប្រមាណ​១០​ប្រទេស​នៅក្នុង​ពិធី​បើក​សន្និបាត និង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ផង​។

​លោក លាង ដឺ​លុច​៖ អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ គឺ idp Education​។ លោក ម៉ៅ ស្រេង លោក​គឺជា​ប្រធាន​ស្ថាប័ន​ដ៏​ធំ​នេះ​ប្រចាំ​ប្រទេស​កម្ពុជា​។ តើ​អ្វី​ជា idp Education?

​លោក ម៉ៅ ស្រេង​៖ idp Education គឺជា​ស្ថាប័ន​ផ្តល់​សេវាកម្ម​ផ្នែក​សិក្សាអប់រំ​ជា​លក្ខណៈ​អន្តរជាតិ​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក ដែលមាន​ការិយាល័យ​តំណាង​ប្រមាណ​៧០ នៅក្នុង​ទ្វីប​ផ្សេងៗ ពិសេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ ដោយឡែក ពី​ប្រទេស​កម្ពុជា idp Education បាន​បញ្ជូន​និស្សិត​យើង​ច្រើន​ឲ្យ​បន្ត​ការសិក្សា​នៅ​ប្រទេស រួមមាន​ប្រទេស​អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។ idp Education ក៏​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ដែល​គេ​ស្គាល់​ជាទូទៅ​ថា សាលា ACE (Australian Center for Education) ផងដែរ​។ ហើយ idp Education ក៏​ជា​ម្ចាស់​មួយ ក្នុងចំណោម​ម្ចាស់​ទាំង​៣​នៃ កម្មវិធី​ប្រឡង​តេស្ត​ភាសា​អង់គ្លេស​ជា​លក្ខណៈ​អន្តរជាតិ ដែល​ហៅថា IELTS test ដែលជា​តេស្ត​មួយ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ភាសា​អង់គ្លេស​ក្នុង​ការដាក់​អាហារូបករណ៍ ឬ​ទៅ​សិក្សា​នៅ​បរទេស ក៏ដូចជា​ប្រើប្រាស់​នៅក្នុង​ការធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​ធំៗ​មួយចំនួន​។ នេះ​ជា​សកម្មភាព​របស់ idp Education នៅ​កម្ពុជា ហើយ idp ចូលរួម​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការកសាង​ធនធានមនុស្ស​ក្នុង​វិស័យ​ផ្សេងៗ តាមរយៈ​សកម្មភាព​ដូចជា សន្និបាត​បញ្ញវន្ត​ពិភពលោក​។​

​លោក លាង ដឺ​លុច​៖ ហើយ idp Education នឹង​រៀបចំ​សន្និបាត​បញ្ញវន្ត​ពិភពលោក​នេះ​ជា​រៀងរាល់ឆ្នាំ​?

​លោក ម៉ៅ ស្រេង​៖ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​។ ឆ្នាំ​២០១៦​ខាងមុខនេះ ជា​លើក​ទី​២ ហើយក៏​ប្រហែលជា​អាចមាន​ការរៀបចំ​នៅក្នុង​ប្រទេសជិតខាង​យើង​ផងដែរ ប្រសិនបើ​ការរៀបចំ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​មាន​សន្ទុះ​នៃ​ការគាំទ្រ និង​ជោគជ័យ​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com