អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេ​ដ​វ៉េ​ដេ​វ​៖ អាមេរិក​រួមចំណែក​ធ្វើ​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កាន់តែ​រឹងមាំ​
23, Nov 2015 , 5:14 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ បានលើកឡើង​ម្សិលមិញ​ក្រៅ​កិច្ចប្រជុំ​នៅ​អាស៊ី​បូព៌ា​នៅ​ម៉ាឡេស៊ី ថា សហរដ្ឋអាមេរិក​រួម​ចំណែក​ទទួលខុសត្រូវ​ក្នុងការ​ធ្វើ​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កើនឡើង​ឥទ្ធិពល​។  មេដឹកនាំ​រូបនេះ​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​និងសម្ព័ន្ធមិត្តឈប់​បង្ក​អស្ថិរភាព​នៅ​ស៊ី​រី ហើយ​ត្រលប់មក គាំទ្រ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​ស៊ី​រី បើសិន​អាមេរិក​ចង់​កម្ចាត់​ភេរវជនពិតមែននោះ​។


លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ


 
​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅមុខ​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ចំពោះ​ការ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​កាន់តែខ្លាំង​ឡើង​។ លោក បានលើកឡើង​កំហុសឆ្គង​នៃ​ការបង្កើត នយោបាយ​ប៉ង​ទម្លាក់ មេដឹកនាំ​ស្របច្បាប់​នៅ​ស៊ី​រី ដោយ​គាំទ្រ​ក្រុម​ឧទ្ទាម ហើយ​លោក ជឿជាក់ រដ្ឋាភិបាល​ស៊ី​រី​បច្ចុប្បន្ន​មាន​សមត្ថភាព​ក្នុងការ​បង្រួបបង្រួម​ជាតិ​ដើម្បី​កម្ចាត់​ភេរវជន​។​
 
​លោក​ថា  ការពង្រឹង​កម្លាំង​រប​ស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម អាចធ្វើ​ទៅបាន​ដោយសារតែ​គោលនយោបាយ​គ្មាន​ការទទួលខុសត្រូវ​រប​ស់​ក្រុង​វ៉ាស៊ីនតោន​។ ជំនួស​លើ​ការប្រមូល​កម្លាំង​ប្រឆាំង​ក្រុម​ភេរវជន សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​បែរជា​សម្រេចចិត្ត ប្រឆាំង​ប្រធានាធិបតី​ដែល​ឡើងកាន់តំណែង​តាម​ការបោះឆ្នោត​ដោយ​ស្របច្បាប់​នៅ​ស៊ី​រី​ទៅវិញ​។  លោក​បាន​រំលឹក​ផងដែរ​ពី​កំហុសឆ្គង​របស់​ក្រុង​វ៉ាស៊ីនតោន​កាលដែល​បានរួម​ចំណែក​ជួយ​ដល់​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ក្រុម​ភេរវជន​អាល់​កៃ​ដា រហូតដល់​កើតមាន​ថ្ងៃ ១១ ខែកញ្ញា​ឆ្នាំ ២០០១ ។​
 
​ក្រៅពី​វាយប្រហារ​អាមេរិក នាយករដ្ឋមន្ត្រី​រុស្ស៊ី បាន​អំពាវនាវ​ទៅកាន់​បណ្តា​ប្រទេស​ទាំងអស់​ឲ្យ​ចូលរួម​សាមគ្គី​គ្នា​ដើម្បី​កម្ចាត់​សត្រូវ​រួម​គឺ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ហើយ​លោក​បាន​ដាស់តឿន​ដល់​ប្រទេស​មហាអំណាច​ឯទៀត​ផងដែរ ជុំវិញ​ការបន្ត​មាន​និន្នាការ​បែងចែក «​រវាង​ពួកយើង​និង ពួកគេ​» ។ តាមពិតទៅ លោក មេ​ដ​វ៉េ​ដេ​វ លើកឡើង​ដូច្នេះ ដើម្បី​វាយបក​ការរិះគន់​របស់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចំពោះ​សកម្មភាព​និង​តួនាទី​រុស្ស៊ី​នៅក្នុង​ជម្លោះ​ប្រទេស​ស៊ី​រី​កន្លងមក​។ លោក អូ​បា​ម៉ា បាន​បញ្ចើចបញ្ចើរ​រុស្ស៊ី​ដែល​បន្ត​គាំទ្រ​រដ្ឋាភិបាល​ផ្តាច់ការ​របស់លោក អាសាដ ហើយ​យក​លែស​កម្ចាត់​ក្រុម ក្រុម​ភេរវជន​ដើម្បី​សំពោង​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល ដែល​អាមេរិក​កំពុង​គាំទ្រ​នោះ​។ ប្រធានាធិបតី​អាមេរិក​ខាងលើ ក៏បាន​វាយតម្លៃ​ផងដែរ​ថា​រុស្ស៊ី​ប្រហែលជា​ប្តូរ​ជំហរ​របស់ខ្លួន​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន ក្រោយពេល​យន្តហោះ​រុស្ស៊ី​ធ្លាក់​នៅ​អេ​ហ្ស៊ី​ប​នោះ​។ 
 
​កន្លងមក បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ ដោយ​លោកស្រី ស្នើ​ទៅ​រដ្ឋាភិបាល​លោក អូ​បា​ម៉ា ឲ្យ​បញ្ឈប់​ការប៉ុនប៉ង​ទម្លាក់​លោក អាសាដ ពី​តំណែង​។ លោកស្រី​ថា រដ្ឋាភិបាល​អាមេរិក​គួរ​ត្រលប់មក​បង្កើន​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវជន​វិញ ព្រោះ​ការទម្លាក់​លោក អាសាដ មិនមែនជា​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ឡើយ​។ 
 
​សូម​រំលឹក​បន្តិច​ដែរ​ថា ស៊ី​រី​បាន​ធ្លាក់ខ្លួន​ចូលក្នុង​សង្គ្រាម​តាំងពី​ឆ្នាំ ២០១១ ដោយ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​នេះ បន្ត​ប្រឈមមុខ​នឹង​ការប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម និង​បណ្តា​ភេរវជន​ជ្រុលនិយម​​ក្រុម​ដូចជា ក្រុម​រដ្ឋ​ឥស្លាមនេះ។ តាំងពីដើម​មក សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប មិនបាន​យល់ឃើញ​ដូច​រុស្ស៊ី​ឡើយ ព្រោះ​ពួកគេ​យល់ថា មានតែ​ការចុះ​ចេញពី​តំណែង​របស់ អាសាដ ប៉ុណ្ណោះ​ទើប​អាចមាន​ដំណោះស្រាយ​នយោបាយ​និង​អាច​យកឈ្នះ​លើ​ក្រុម​ភេរវជន​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com