អន្តរជាតិ
អាមេរិក​-​ចិន យក​វេទិកា​អាស៊ី​បូព៌ា​ឌឺដង​គ្នា តែ​អាស៊ាន ក្លាយជា​ជនរងគ្រោះ​
23, Nov 2015 , 9:19 pm        
រូបភាព
ដោយ:
​ដូច​សព្វមួយដង បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែងតែ​ក្លាយជា​របៀបវារៈ និង ប្រធាន​ក្តៅ​ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ប្រចាំឆ្នាំ​។ ជាពិសេស​នា​កិច្ចប្រជុំ​ឆ្នាំនេះ​ដែល​ម៉ាឡេស៊ី​ជា​ម្ចាស់ផ្ទះ ទោះបីជា​បញ្ហា​ភេ​រកម្ម ស្ទើរតែ​គ្របដណ្តប់​កិច្ចប្រជុំ​ទាំងមូល​ក៏ដោយ អាមេរិក និង​ចិន​នៅតែ​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​វាយប្រហារ​គ្នា​ទៅវិញទៅមក​។ អាមេរិក ទាមទារ​ឲ្យ​រដ្ឋ​ពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់ សកម្មភាព​នៅក្នុង​តំបន់​ជម្លោះ ខណៈ​ចិន ភាគី​តែមួយ គត់​ដែល​ទាមទារ​ស្ទើរតែ​តំបន់​ជម្លោះ​ទាំងស្រុង ថា​ខ្លួន​នឹង​បន្តសកម្មភាព​ជា​លក្ខណៈ​ឯកតោភាគី​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​កាលពី​ថ្ងៃអាទិត្យ​ទី​២២ ខែវិច្ឆិកា ក្រុង​ប៉េកាំង បាន​វាយប្រហារ ពាក្យសម្តី​យ៉ាងខ្លាំងៗ​ទៅ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន ដោយបាន​ចោទ​អាមេរិក ថា កំពុងតែ​បង្ករឿង និង​ញុះញង់​ផ្នែក​នយោបាយ​តាមរយៈ​ការបញ្ជូន​នាវា​មកកាន់​តំបន់​ជម្លោះ​យុទ្ធសាស្ត្រ​សមុទ្រ​ចិន​ខាងត្បូង​។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដែលមាន​តំណាង​រដ្ឋ​ទាំង​១៨​រូប​ចូលរួម​ក្នុង​រាជធានី​គួ​ឡា​ឡាំ​ពួរ នៃ​ប្រទេស​ម៉ាឡេស៊ី​។

​យោងតាម​សារព័ត៌មាន ABS-CBN លោក អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Liu Zhenmin អះអាងថា ចិន នឹង​បន្ត​បំពាក់​មូលដ្ឋាន​យោធា​នៅក្នុង​តំបន់​កោះ​សិប្បនិម្មិត​ដែល​ខ្លួន​កំពុងតែ​សាងសង់​នៅក្នុង​តំបន់​ជ ម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ លោក បាន​បន្ថែមទៀតថា សកម្មភាព​នេះ គឺជា​ការការពារ​ដែន​កោះ​របស់​ចិន​នោះទេ​។

​ក្នុងឱកាស​នេះដែរ លោក Liu Zhenmin ក៏បាន​រិះគន់​ចំពោះ​សកម្មភាព​ចុងក្រោយ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​បញ្ជូន​នាវា​ល្បាត​មកកាន់​តំបន់​ជម្លោះ​ក្រោមរូបភាព​នៃ​សេរីភាព​នៃ​ចរាចរណ៍​ដែនសមុទ្រ គឺ​បានធ្វើ​ហួស​ពី​ដែន​កំណត់​។ លោក Liu Zhenmin បានចាត់ទុក​សកម្មភាព​នោះ ថា​គឺជា​ការ​ញុះញង់​ផ្នែក​នយោបាយ និង​មានបំណង​តេស្ត​ឲ្យ​ចិន​ឆ្លើយតប​វិញ​។ ក្នុងន័យនេះ​មានន័យថា បើ​ចិន ហ៊ាន​បញ្ជូន​នាវាចម្បាំង​ដើម្បី​ឆ្លើយតប​នឹង​នាវា​អាមេរិក​នោះ ចិន នឹងត្រូវ​បាន​ខាត​ប្រយោជន៍ និង បាត់បង់​កេរ្តិ៍ឈ្មោះ​ក្នុងការ​អនុវត្ត​ច្បាប់​អន្តរជាតិ​តាមរយៈ​ការសាកល្បង​នេះ​។

​តាមពិតទៅ ការ​ឌឺដង​របស់​ចិន​ទៅកាន់​អាមេរិក កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រាប់​ទៅកាន់​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃទី​២១ វិច្ឆិកា ក្នុងជំនួប​កំពូល​អាមេរិក និង អាស៊ាន​។ លោក អូ​បា​ម៉ា ថា ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​តំបន់ រដ្ឋ​ពាក់ព័ន្ធ​នៃ​ជម្លោះ​សមុទ្រ​ចិន ខាងត្បូង​ទាំងអស់ គួរតែបញ្ឈប់​សកម្មភាព​វាតទី សាងសង់ និង បំពាក់​ឧបករណ៍​យោធា​នៅក្នុង​តំបន់ ជម្លោះ​ដែល​ចង់​សំដៅ​ទៅលើ​សកម្មភាព​រប​ស់​ចិន​នោះឯង​។ 

​អ្វីដែល​គួរកត់សម្គាល់​នោះ កាលពី​ចុងខែ​តុលា និង ដើម​វិច្ឆិកា កន្លងទៅ អាមេរិក បាន​បញ្ជូន​នាវា ល្បាត និង យន្តហោះ​ទម្លាក់​គ្រាប់​ដោយ​ជោគជ័យ​ទៅកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិត នៅ​មិន​ឆ្ងាយ​ពី​ដែន​កោះ​សិប្ប​និ​មិ្ម​តរបស់​ចិន​ប៉ុន្មាន​នោះទេ​។ វត្តមាន​យោធា​អាមេរិក ទាំង​ដែនអាកាស និង ដែនសមុទ្រ ត្រូវបាន​ក្រុង​វ៉ា​ស៊ិន​តោន​ចាត់ទុកថា ជាការ​អនុវត្ត​ស្របច្បាប់​អន្តរជាតិ​។ តែ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ អាមេរិក ថា​ខ្លួន​នឹង​បញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​ជម្លោះ​រៀងរាល់​ត្រីមាស​ម្តង ខណៈ ចិន​បាន​ព្រមាន​ថា នឹងមាន​ការប៉ះទង្គិច​គ្នា​នៅក្នុង​ដែនសមុទ្រ​បើ​អាមេរិក នៅតែ​បន្តធ្វើ​សកម្ម ភាព​ដដែល​នៅក្នុង​តំបន់​ជម្លោះ​។

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​បួន ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ ហាក់ដូចជា មិនសូវមាន​ការប្រឈមមុខ​គ្នា​រវាង​រដ្ឋ​អាស៊ាន​និង​ចិន​នោះទេ តែ វា​បែរ​ក្លាយជា​ជម្លោះ និង​ការប្រឈមមុខ​ខ្លាំង​រវាង​អាមេរិក​និង​ចិន​ទៅវិញ​។ យ៉ាងណាក៏ដោយ បើ​ការប្រឈមមុខគ្នា​រវាង​អាមេរិក​និង​ចិន កាន់តែខ្លាំង ដូច​ចិន បាន​បញ្ជាក់ថា​ខ្លួន​នឹង​បន្តសកម្មភាព​នៅ​តំបន់​ជម្លោះ ខណៈ​អាមេរិក ក៏​ថា​ខ្លួន​នឹង​បញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​ជម្លោះ​ផងដែរ នោះ អ្នករងគ្រោះ​ពិតប្រាកដ​គឺជា​រដ្ឋ​អាស៊ាន​នោះទេ​។ ជាពិសេស​នោះ ការប្រឈមមុខគ្នា​រវាង​មហាអំណាច​ទាំងពីរ នឹង​ក្លាយជា​ការគំរាមកំហែង​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​៕


Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com