ពីនេះ ពីនោះ
កាល់ ម៉ាក្ស​៖ បញ្ហា​សេដ្ឋកិច្ច វណ្ណៈ​សង្គម នាំទៅរក​លទ្ធិ​កុ​ម្មុនី​ស្ដ​!
29, Nov 2015 , 12:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សង្គម​មានកា​រវិ​វ​ត្តិ​ពីមួយ​សម័យកាល​ទៅមួយ​សម័យកាល​។ ចំណែក​ភាព​រីកចម្រើន រុងរឿង និង​អន់ថយ​នៃ​សង្គម​មួយ វា​អាស្រ័យទៅលើ​ការរីកចម្រើន​នៃ​ចំណេះដឹង​របស់​មនុស្ស ក្នុងការ​កែប្រែ​និង​ផ្លាស់ប្ដូរ​សង្គម​។ ថែម​ពីលើ​កា​រវិ​វ​ត្តិ​នៃ​វិចារណញ្ញាណ​របស់​មនុស្ស ដែល​នាំ​ឲ្យ​សង្គម​មានការ​រីកចម្រើន ភាព​ឆ្លា​ត់​វៃ​របស់​មនុស្ស​ក៏​ចាប់​ផ្ដើមធ្វើ​ឲ្យ​មនុស្ស​មានគំនិត​ការពារ​ទ្រព្យសម្បត្តិ​ឯកជន និង​ចង់​បានជា​របស់ខ្លួន ចង់​មានកេរ្តិ៍ឈ្មោះ កិត្តិយស អំណាច​ដើម្បី​គ្រប់គ្រង និង​បញ្ជា​ទៅលើ​អ្នកដទៃ​ដែល​នាំទៅ​កម្លា​ត់នៃ​សេដ្ឋកិច្ច និង​បង្កើតបានជា​វណ្ណៈ​មនុស្ស​នៅក្នុង​សង្គម​។

 

​នៅ​សម័យ​បុព្វកាល​មនុស្ស​រស់នៅ​តាម​សភាព​ធម្មជាតិ ចិញ្ចឹមជីវិត​តាម​សភាព​ធម្មជាតិ រស់នៅក្នុង​សង្គមមនុស្ស​ដែល​មិន​ស្គាល់​អ្វី​ជា​ទ្រព្យសម្បត្តិ​ឯកជន​។ ប៉ុន្តែ​នៅពេល​មានកា​រវិ​វ​ត្តិ​ផ្នែក​គំនិត​ការប្រើប្រាស់​កម្លាំង​ដើម្បី​គាប់​ស​ង្គ​ត់​អ្នក​ដ៏​ទៃ​ក៏​កើតមានឡើង​។ អ្នកទន់ខ្សោយ​ត្រូវបាន​គេ​យកមក​ធ្វើជា​ទាសក ហើយ​ពួកគេ​ត្រូវតែ​ធ្វើការ​ងារ​ដោយ​គ្មាន​ប្រាក់កម្រៃ​។ ដែល​នាំ​សង្គម​នោះ​ស្ថិតនៅក្នុង​របប​សង្គម​មួយ​ហៅថា​របប​ទាសភាព​។  បញ្ហា​នេះ​ចេះតែ​កើតឡើង​រហូតដល់​ឈានទៅរក​សង្គម​មួយ​ដែលមាន​ទម្រង់​នៃ​ការគ្រប់គ្រង​បែប​របប​សក្ដិភូមិ​ដែលមាន​ការ​ជិៈ​ជាន់ និង​បង្ករ​ជា​វណ្ណៈ​សង្គម​។ ក្រោយមក​បញ្ហា​មូលធននិយម​បក្សពួក​គឺជា​បញ្ហា​កម្រិត​ប្រទេសជាតិ ព្រោះ​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ត្រូវបាន​ទន្ទ្រាន​ឈ្លានពាន​កាន់កាប់​ដោយ​របប​មូលធននិយម​បក្ស​ពួកនេះ​។  មូលធននិយម​បក្សពួក​មកពី​ពាក្យ​ថា របប​បក្សពួកនិយម និង របប​មូលធននិយម រួម​ចូលគ្នា​បានជា របប​មូលធននិយម​បក្សពួក ដែល​ក្រុម​នេះ​បាន​បង្ករ​ឲ្យ​មានការ​ស​ង្គ​ត់​សង្កិន​ជិះជាន់​លើ​ក្រុមកម្មករ និង​អ្នក​ដែលមាន​ជីវភាព​ក្រីក្រ គ្មាន​អំណាច គ្មាន​បុណ្យ​សក្តិ ។​
 
​នៅក្នុង​របប​មូលធននិយម​ធ្វើ​ឲ្យ ម៉ាក្ស មើលឃើញថា ជា​បរិបទ​សង្គម​មួយ​ដែល​ពោរពេញ​ទៅដោយ​ភាពអយុត្តិធម៌​ចំពោះ​អ្នក​ដែលមាន​វណ្ណៈ​តូច​ទាប និង​កម្មករ កសិករ អ្នក​ផលិត និង​ក្រុមមនុស្ស​ដែលមាន​ស្ថានភាព​សង្គម​រស់នៅ​ក្រីក្រ​ដែល​ត្រូវ​រង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការវាយតំ​លើ​រាងកាយ​ជាដើម​។ កត្តា​នេះ​ដែល​នាំ​ឲ្យ​ម៉ាក្ស​យល់ឃើញថា មានតែ​សង្គម​មួយ​ដែល​ប្រកាន់យក​លទ្ធិកុម្មុយនីស្ដ​ទេ ទើប​អាច​រក​យុត្តិធម៌​ជូន​អ្នករងគ្រោះ​ទាំងនោះ​បាន​។ 
 
​ម៉ាក្ស បាន​លើកឡើងថា លទ្ធិកុម្មុយនីស្ដ គឺជា​លទ្ធិ​មួយ​ដែល​គ្មាន​ការកំណត់​ព្រំដែន គ្មាន​វណ្ណៈ គ្មាន​រដ្ឋាភិបាល អត់​មាន​សាសនា​។ មនុស្ស រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុងនាម​ជាម​នុស្ស​ដូចគ្នា គ្មាន​អ្នកមាន គ្មាន​អ្នកក្រ គ្មាន​ថៅកែ​គ្មាន​កូនចៅ គ្មានទេ​ស្ថាប័ន​គ្រប់គ្រង​រដ្ឋាភិបាល​។ ហើយក៏​គ្មាន​ផងដែរ​ជំនឿ​សាសនា ព្រោះ​សាសនា​គឺជា​អាភៀន​របស់​ប្រជាជន​។  ដែល​អ្នក​ជឿ​សាសនា​ញៀន ដូច​ជាការ​ញៀនអាភៀន​ដូច្នេះ​ដែរ​។ ហើយ​ចំណែក​ប្រភព​ដែល​នាំ​ឲ្យ​មានការ​បែងចែក​នាំ​ឲ្យ​មាន​រូបភាព​ទាំងនោះ​កើតឡើង គឺ​មកពី​កត្តាសេដ្ឋកិច្ច ដែល​នាំ​ឲ្យ​មនុស្ស​មានការ​បែងចែក​វណ្ណៈ​។ ហើយ​លោក​គិតថា មានតែ​លុបបំបាត់​រូបភាព​ទាំងនេះ​ទេ​ទើប​អាចធ្វើ​ឲ្យ​មនុស្ស​រស់នៅ​ស្មើភាព និង​មាន​សេរីភាព​ពេញលេញ​ក្នុងការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​។​
 
​ជារួម​ទិសដៅ​របស់លោក កាល់ ម៉ាក្ស ដើម្បី​ឲ្យ​សង្គម​មួយ​ដែល​ចង់​ឲ្យ​មនុស្ស​រស់នៅ​ស្មើភាព​ក្នុងនាម​ជាម​នុស្ស ហើយ​ប្រកាន់​យកគំនិត​គ្រប់គ្រង​សង្គម​តាមបែប​លទ្ធិកុម្មុយនីស្ត គឺជា​ចេតនា​ល្អ​មួយ​។ ក៏ប៉ុន្តែ​នៅក្នុង​ការអនុវត្ត​ជាក់ស្ដែង​នៅក្នុង​សង្គម លទ្ធិ​នេះ​ពិតជា​បង្ករ​ឲ្យ​សង្គម​កាន់​តែមាន​បញ្ហា​។ ព្រោះថា​នៅក្នុង​សង្គម​វា​រមែង​តែងតែមាន​អ្នកមាន​និង​អ្នកក្រ ព្រោះតែ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍន៍​ផ្ទាល់​ខ្លួនគេ វណ្ណៈ​សង្គមមនុស្ស​តែងតែមាន​មិនអាច​លុបបំបាត់បាន វា​អាស្រ័យ​លើ​កម្រិតជីវភាព និង​តួនាទី​មនុស្ស​នៅក្នុង​សង្គម ហើយ​និង​រដ្ឋាភិបាល​គ្រប់គ្រង និង​រៀបចំ​សង្គម​ជាដើម​។ សាសនា​មិនអាច​លុបបំបាត់បាន​ព្រោះ​មាន​សាសនា​អាច​ចូលរួម​យ៉ាងសំខាន់​ក្នុង​ការអប់រំ​ស្មារតី​។ រហូត​ទ្រឹស្ដី​របស់លោក​មួយ​នេះ​មាន​ឥទ្ធិពល​ដល់​ប្រទេស មួយចំនួន​នៅក្នុង​សកលលោក​ហើយ​ប្រកាន់យក​លទ្ធិ​នេះ​មក​អនុវត្តន៍​យ៉ាងធ្ងន់ធ្ងរ កាន់តែ​មានការ​ផ្ទុយ​ពីអ្វី​ជា​ចេតនា​នៃ​ទ្រឹស្ដី​របស់​ម៉ាក្ស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com