ជាតិ
រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ​និង​ឈប់​យកពន្ធ​យានយន្ត​មួយចំនួន​
30, Nov 2015 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​នេះ រដ្ឋសភាជាតិ កំពុងតែ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦ ។ នៅក្នុង​សេចក្តីព្រាងច្បាប់ ដែល​រដ្ឋសភា កំពុង​ពិភាក្សា​និង​អនុម័ត​នេះ បានចែង​ពី​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​លុបចោល​នូវ​ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ផងដែរ​។



​ឆ្លៀត​ពេលដែល​កំពុង​ចូលរួម​ប្រជុំ​រដ​សភា​នៅ​ព្រឹក​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​ថា សេចក្តីព្រាងច្បាប់​ស្តី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦ ដែល​រដ្ឋសភា កំពុង​ពិភាក្សា​និង​អនុម័ត បានកំណត់​ពី​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជាប់កិច្ចសន្យា និង​និវត្តន៍​ជន​ផងដែរ​។ លើសពីនេះ​ទៀត លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ទៀតថា សេចក្តីព្រាងច្បាប់​ដដែល​នេះ ក៏​នឹង​លុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​មួយចំនួន ដូចជា​ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ គោយន្ត និង​ជល់យាន​តូចៗ ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ​នឹង​លើក​កំពស់​ជីវភាព​ប្រជាជន​។​

​ប្រមុខ​រដ្ឋាភិបាល​រូបនេះ លើកឡើង​ទៀតថា សេចក្តីព្រាងច្បាប់​ខាងលើ ក៏បាន​កំណត់​ពី​ការលុបចោល​ផងដែរ នូវ​ពន្ធ​តាម​របប​មៅ​ការ​ដើម្បី​សម្រួល​ដល់​អាជីវករ​តូចតាច​ដែរ​។ លោកនាយ​រដ្ឋមន្ត្រី សង្ឃឹមថា នៅ​ព្រឹក​នេះ​រដ្ឋសភា​នឹង​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​។​

​ជាការ​កត់សម្គាល់​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពិភាក្សា​និង​អនុម័ត​ស្តី​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ ២០១៦ និង​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន ២ ទៀត​នៅ​ព្រឹក​នេះ មិនមាន​វត្តមាន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ​។ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រៀបប្រដូច​កិច្ចប្រជុំ​ដែល​គ្មាន​​វត្តមាន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដូច្នេះ​ថា​៖«​ប្រៀប​ដូច​សម្ល​ដែល​មានតែ​ទឹក និង ត្រី គ្មាន​អំបិល បន្លែ​និង​គ្រឿងផ្សំ​ដទៃទៀត​»៕


Tag:
 ហ៊ុន សែន​
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com