ពីនេះ ពីនោះ
ជាតិនិយមជ្រុលជាទង្វើ និងស្មារតីជួយជាតិ ឬបំផ្លាញជាតិ!
× ភ្នំពេញ៖ ក្នុងនាមជាប្រជាជាតិនៃប្រទេសមួយគឺចាំបាច់ណាស់ត្រូវមានគំនិតជាតិនិយម ដើម្បីរួមចំណែកក្នុងការការពារវប្បធម៌ជាតិ ទឹកដី ទ្រព្យសម្បត្តិជាតិ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងតម្លៃរបស់ប្រទេសជាតិទាំងនៅក្នុងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។ តែបើសិនជាមានគំនិតជាតិនិយមជ្រុលវាគ្មានអ្វីចំណេញចំពោះជាតិមាតុភូមិនោះទេ ប៉ុន្តែវានាំមកនូវបញ្ហាជាច្រើនចំពោះប្រទេសជាតិរបស់ខ្លួនទៅវិញនោះទេ។ តើមូលហេតុអ្វីបានជាគំនិតជាតិនិយមជ្រុលបង្ករជាបញ្ហាចំពោះជាតិ?
ជាទូទៅ បើយើងនិយាយពីជាតិនិយម គឺយើងសំដៅទៅលើស្មារតីក្នុងនាមជាពលរដ្ឋនៃប្រទេសមួយព្យាយាមលើតម្លៃប្រទេសជាតិរបស់ខ្លួន ឲ្យតម្លៃជាតិខ្លួន និងជាពិសេសគឺការបង្ហាញឆន្ទៈស្នេហាជាតិមាតុភូមិ ទាំងតាមរយៈពាក្យសម្ដី សកម្មភាពជាដើម។ តែមិនទៅបង្អាប់ ឬបន្ទាប់បន្ថោក ជាតិសាសន៍ដទៃ។ ប៉ុន្តែបើនិយាយពីជាតិនិយមជ្រុល គឺជាគំនិតជ្រុលនិយមមួយដែលស្ថិតនៅក្នុងគំនិតរបស់បុគ្គលដែលតែងតែមើលទៅជាតិសាសន៍របស់ខ្លួនល្អជាងជាតិសាសន៍ផ្សេងៗជានិច្ច។
នៅពេលដែលជាតិសាសន៍មួយមានគំនិតជាតិនិយមគឺជាកិច្ចការដ៏ត្រឹមត្រូវ គឺជាគំនិតដ៏ត្រឹមត្រូវដើម្បីចូលរួមរក្សាលំនឹងជាតិ តាមរយៈការបង្ហាញកម្លាំងស្នេហាជាតិ។ ប៉ុន្តែនៅពេលកើតមានគំនិតជាតិនិយមជ្រុល ពេលនោះនិងបង្ករឲ្យមានចរន្តការរើសអើងជាតិសាសន៍ ឈានទៅរកជម្លោះជាតិសាសន៍ជាដើម។
ហេតុនេះ ក្នុងនាមជាមនុស្ស ជាប្រជាជាតិនៃជាតិសាសន៍មួយ គួរកុំមានស្មារតីជាតិនិយមជ្រុលឲ្យសោះ។ ព្រោះថាគ្មានជាតិសាសន៍ណាដែលអន់ជាង ឬល្អជាងគ្នានោះទេ។ ប្រទេសទាំងនោះគឺមានតម្លៃនៃសង្គមជាតិគេដូចៗគ្នា។ ប្រជាជនគេក៏មានតម្លៃ វប្បធម៌គេក៏មានតម្លៃ ហើយអ្វីៗដែលគេមានក៏មានតម្លៃ ដូចអ្វីដែលយើងគិតថាមានតម្លៃចំពោះជាតិសាសន៍យើងផងដែរ។ តែបើកើតមានគំនិតជាតិនិយមជ្រុល និងបង្ករឲ្យមានអសន្តិសុខសង្គម អាចឈានទៅដល់សង្គ្រាម។ ហើយកម្ដៅនៃសង្គ្រាមប្រកាន់ជាតិសាសន៍ ដែលកើតចេញពីគំនិតជាតិនិយមជ្រុលនេះ គឺជាវិនាសកម្មដ៏ធ្ងន់ធ្ងរសម្រាប់សង្គម និងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com