ពីនេះ ពីនោះ
ខុង​ជឺ​៖ ក្នុងការ​អប់រំ​មិនគួរ​មាន​ភាពខុសគ្នា​នៃ​វណ្ណៈ​ទេ​!
02, Dec 2015 , 9:03 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការអប់រំ សំដៅ​ទៅលើ​ការ​មាន​ឥទ្ធិពល​លើ ការកសាង​សមត្ថភាព​ខាង​រូប​កាយ អត្តចរិត បញ្ញា ស្មារតី និង​សតិ​របស់​មនុស្ស​។ ហើយ​ការអប់រំ​នេះ​ទៀតសោត ជា​ដំណើរការ​នៅក្នុង​សង្គម ក្នុងនោះ​មាន​សាលារៀន និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ក្នុង​ចេតនា​ផ្ដល់នូវ​មរតក​វប្បធម៌ ពុទ្ធិ តម្លៃ និង​ជំនាញ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត ដោយ​ស្ថិតនៅក្នុង​ទម្រង់ ជា​ផលិតផល​ផង និង​ជា​ដំណើរការ​ផង​។ ហេតុនេះ មនុស្ស​គ្រប់រូប មាន​សិទ្ធិ​ទទួលបាន​ការអប់រំ​ដូចៗ​គ្នា ក្នុង​កម្រិត និង​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។ ខុង​ជឺ ក៏បាន​ពោលថា «​ក្នុងការ​អប់រំ​មិនគួរ​មាន​ភាពខុសគ្នា​នៃ​វណ្ណៈ​ទេ​» តើ​មកពី​មូលហេតុ​អ្វី​?



​ក្នុងនាម​ជា​មនុស្ស​ម្នាក់ ជា​សិស្ស​ម្នាក់​តែង​នាំមក​ជាមួយ​នូវ​បទពិសោធន៍ គំនិត វិចារណញ្ញាណ មនសិការ លទ្ធភាព សមត្ថភាព និង​ចំណេះដឹង​រៀងៗ​ខ្លួន​។ ហើយ​សិស្ស​ម្នាក់ៗ​មាន​ចំណុច​ពិសេស​របស់គេ​ផ្សេងៗ​គ្នា មាន​សក្ដានុពល​ផ្សេងៗ​គ្នា មិនថាតែ​កូនអ្នកមាន​ឬ​កូនអ្នកក្រ​នោះទេ​។ ពួកគេ​មាន​អត្ថិភាព​ផ្ទាល់ខ្លួន​អាច​អភិវឌ្ឍន​ខ្លួន​របស់​ពួកគេ​តាមរយៈ​ការទទួលបាន​ពុទ្ធិ​បន្ថែម​ពី​វិស័យ​អប់រំ ។​

​ចំណែក​គ្រូបង្រៀន​គឺជា​ភ្នាក់ងា​អប់រំ​គឺមាន​តួនាទី​សំខាន់​ក្នុង​ការផ្ទេរ​ចំណេះដឹង សម្របសម្រួល និង​ដឹកនាំ​សកម្មភាព​បង្រៀន និង​រៀន ធ្វើយ៉ាងណា​ឲ្យ​ដំណើរ​ការណ៍​នៃ​ការអប់រំ​ទទួលបាន​ជោគជ័យ​។ នៅក្នុង​សកម្មភាព​រៀន បង្រៀន គ្រូ​ត្រូវ​បង្ករ​លក្ខណៈ រីករាយ​ក្នុងការ​បង្រៀន  និង​សេចក្ដីស្រឡាញ់​ចំពោះ​ការបង្រៀន ដែល​ក្ដី​ស្រឡាញ់​នោះ​មិនមែនជា​ការស្រឡាញ់​បែប​លម្អៀង ហើយ​មិន​រើសអើង​ពូជសាសន៍ ឬ​វណ្ណៈ​ជាដើម​។ គ្រូ​មិនត្រូវ​ស្រឡាញ់​សិស្ស​ដែល​មកពី​គ្រួសារ​អ្នកមាន ឬ​មាន​វណ្ណៈ​គ្រួសារ​ខ្ពស់​នៅក្នុង​សង្គម ហើយ​មិន​អើពើ​ចំពោះ​សិស្ស​ដែល​មកពី​វណ្ណៈ​ទាប​នៅក្នុង​សង្គម​នោះទេ​។​ព្រោះ​សិស្ស ទោះបី​មកពី​វណ្ណៈ​ទាប ឬក៏​វណ្ណៈ​គ្រួសារ​ខ្ពស់​នៅក្នុង​សង្គម​ក៏ដោយ គឺ​ពួកគេ​មាន​សមត្ថភាព​ខួ​ក្បាល​ដូចគ្នា មាន​ទេព​កោ​លស​ល្យ​តាម​ជំនាញ​ដូចគ្នា​(​អាច​ខ្ពស់ជាង​) ។​

​ហេតុនេះ​ក្នុង​គោល​គំនិត​របស់ ខុង ជឺ គឺ​ចង់​ធ្វើ​ឲ្យ​មាន​សមភាព​នៃ​ការទទួលបាន​ភាពស្មើគ្នា ក្នុង​ការទទួល​បានកា​រ​អប់រំ មិន​ថា​អ្នកមាន​ឬ​អ្នកក្រ​នោះទេ​។ ហើយ​ការអប់រំ​គឺ​មិនត្រូវ​ឲ្យ​មាន​សកម្មភាព​រើ​ង​អើ​ង​ចំពោះ​សិស្ស​និស្សិត ដែលមាន​ប្រភព​មកពី​វណ្ណៈ​ក្រីក្រ​នោះដែរ​។ ទោះបីជា​សិស្ស​មកពីណា​ក៏ដោយ ពួកគេ​ត្រូវតែ​ទទួលបាន​ការអប់រំ​ដូចៗ​គ្នា​។ ហើយ​ការរើសអើង គឺ​មិនមែនជា​បំណង​នៃ​ការអប់រំ ហើយក៏​មិនមែនជា​ធាតុពិត​នៃ​ការបង្រៀន​នោះដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com